ពីនេះ ពីនោះ
ថ្ងៃទី២១ មេសា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវា ពិភពលោកនៃការធ្វើបន្លាស់ទីរបស់មច្ឆជាតិ រូបត្លុកមច្ឆារីករាយ (Happy Fish) សម្រាប់អបអរទិវាពិភពលោកនៃការធ្វើបន្លាស់ទីរបស់មច្ឆជាតិ។ គូរដោយ លោក ឈុត ឈាណា អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong
× ថ្ងៃទី២១ ខែមេសា គឺជាថ្ងៃដែលពិភពលោក ប្រារព្ធទិវាពិភពលោកនៃការធ្វើចរាចរផ្លាល់ទីរបស់មច្ឆជាតិ (World Fish Migration Day)។ នេះជាឱកាសដ៏ល្អមួយ ដើម្បីពួកយើងធ្វើការអបអរសាទរ ដល់ប្រភេទត្រីដែលមានលក្ខណៈពិសេសរបស់ប្រទេសកម្ពុជាយើង ដូចជាត្រីរាជ និងត្រីគល់រាំងជាដើម ដែលវាធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅក្នុងទន្លេមេគង្គ នៅក្នុងចុងរដូវប្រាំង។ ចូរយើងនាំគ្នាការពារត្រីដែលមានលក្ខណៈពិសេសរបស់ប្រទេសកម្ពុជា ព្រមទាំងទន្លេដែលជាជម្រកចាំបាច់របស់ពពួកត្រីទាំងនេះផងដែរ!
រូបភាពខាងក្រោមនេះ គឺជាគម្រូដ៏ល្អរបស់អ្នកនេសាទ ផាន់ សុភឿន ដែលលោកធ្លាប់ចាប់បានត្រីគល់រាំងចំនួនពីរក្បាល ក្នុងពេលខុសគ្នានៅក្នុងរដូវនេសាទឆ្នាំ ២០១៧ កន្លងទៅនេះ។
សុភឿន បានបញ្ជាក់ថា ត្រីគល់រាំងដែលគាត់ចាប់បាន ឈ្មោលទម្ងន់១១០គីឡូក្រាម មានពណ៌ទង់ដែងខ្ចី និងញីទម្ងន់១៣០គីឡូក្រាម មានពណ៌ក្រហមក្រម៉ៅ។ ដោយធ្លាប់ទទួលបានការផ្សព្វផ្សាយពីខាងរដ្ឋបាលជលផលថា ត្រីគល់រាំង ជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជាផងដែរនោះ ក្រោយចាប់បានភ្លាម ផាន់ សុភឿន ក៏បានរាយការណ៍ទៅខណ្ឌរដ្ឋបាលជលផលប្រចាំស្រុកក្រគរ រួចក៏ធ្វើពិធី ដុតធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខ រួចព្រលែងចូលទៅក្នុងទន្លេវិញ។
លោក ផាន់ សុភឿន មានប្រសាសន៍ថា៖ «ត្រីគល់រាំង គឺជាប្រភេទត្រីដែលឈ្មួញហ៊ានឲ្យតម្លៃខ្ពស់។ ក្នុងត្រីមួយក្បាលទម្ងន់៥០គីឡូ ឈ្មួញហ៊ានឲ្យតម្លៃចាប់ពី ៥០-៧០ដុល្លាទៅ ក្នុងមួយគីឡូក្រាម។ បើទម្ងន់ត្រីមួយក្បាល ១០០គីឡូក្រាមឡើងទៅ ឈ្មួញក៏ហ៊ានឲ្យតម្លៃ ថ្លៃជាង១០០ ទៅ ១៥០ដុល្លាក្នុងមួយគីឡូក្រាមដែរ។ ករណីដូចខ្ញុំអ៊ីចឹង ដែលបាប់បានត្រីគល់រាំងពីរក្បាល ទម្ងន់សរុប ២៤០គីឡូក្រាម បើខ្ញុំលក់ឲ្យឈ្មួញ ខ្ញុំនឹងទទួលបានប្រាក់ជាងពីរម៉ឺនដុល្លា»។
លោកមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមិនលក់ដូរត្រីប្រភេទនេះទេ ទោះបីឈ្មួញហ៊ានឲ្យតម្លៃខ្ពស់យ៉ាងណា ក៏ខ្ញុំមិនលក់ដូរដែរ បើខ្ញុំលក់វា ស្មើរនឹងខ្ញុំលក់អត្តសញ្ញាណជាតិកម្ពុជាអ៊ីចឹងដែរ»។
ទាំងនេះ ជារូបភាពដែលបង្ហាញពីសកម្មភាពរបស់លោក ផាន់ សុភឿន លែងត្រីគល់រាំងចូលបឹងទន្លេសាបវិញ។ រូបភាពផ្តល់ដោយ លោក ផាន់ សុភឿន។
© រក្សាសិទ្ធិដោយ thmeythmey.com