ជាតិ
សម្ដេច ហ៊ុន សែន​៖ យើង​មិនត្រូវ​ទុក​ជំងឺ​រ៉ាំរ៉ៃ ឲ្យ​ក្លាយជា​ជំងឺមហារីក រហូត​ងាប់​ខ្លួន​ទេ​
20, Apr 2018 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​រំឭក​ពី​អភិក្រម​ចំនួន​៥​ចំណុច ទៅដល់​មន្ត្រីរាជការ ឲ្យ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព ក្នុងនាម​ជា​គណបក្សនយោបាយ​ដឹកនាំ​រដ្ឋាភិបាល​។​



​អភិក្រម​ចំនួន​៥​នោះ រួមមាន «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ចង់​សំដៅលើ​ការដោះស្រាយ​បញ្ហា​នានា របស់​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​មន្ត្រី​ថ្នាក់ជាតិ ពោលគឺ​មិនត្រូវ​ទុក​បញ្ហា​របស់​ពលរដ្ឋ ឲ្យ​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ រហូត​ទៅជា​មហារីក​នៅ​ក្នុងសង្គម​នោះទេ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖« មុននេះ​យើង​មាន​អភិក្រម​ត្រឹមតែ​៤​ទេ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​២០១៧​មក យើង​បាន​ដាក់ចេញ​នូវ​ចំណុច​សំខាន់​មួយទៀត គឹ​ការវះកាត់​តែម្ដង​។ គឺ​មិន​ត្រឹមតែ​ព្យាបាល​ហើយ បន្ត​ទុក​នៅ​ជំងឺ​រ៉ាំរ៉ៃ​តទៅទៀត​ទេ នេះ​គឺជា​ការ​រំឭក​ធ្វើការ​ដាស់តឿន​សារជាថ្មី​ម្ដងទៀត នៅក្នុង​ចំណោម​មន្ត្រី​របស់​យើង គឺ​ចាំបាច់​ណាស់ ការវះកាត់​គឺ​មិនអាច​ទុក​ឲ្យ​ជំ​ជំងឺ​រ៉ាំរ៉ៃ​នេះ ក្លាយជា​ជំងឺមហារីក រហូត​ងាប់​ខ្លួន​នោះទេ​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​សូមបញ្ជាក់​»​។​

​ជាក់ស្ដែង​ពលរដ្ឋ​មួយចំនួនធំ ដែល​ជួប​មាន​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឬ​អ្នកមានអំណាច​កន្លងមក ធ្លាប់បាន​នាំគ្នា​ឡើងមក​តវ៉ា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពី​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​នានា ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ​។ ដោយសារតែ​បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រាប់ពាន់​គ្រួសារ ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់​នេះ ហើយ​ពុំមាន​ដំណោះស្រាយ​ទាន់ពេលវេលា​នោះ វា​ក៏​ក្លាយជា​ចំណុចរសើប​មួយ ដែល​បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​រដ្ឋាភិបាល ពី​៩០​កៅអី មក​ត្រឹម​៦៨​កៅអី​កាលពី​ឆ្នាំ​២០១៣​កន្លងមក​។

​ប៉ុន្តែ​បញ្ហា​ទាំងនេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល ទប់ស្កាត់​ស្ថានការណ៍​វិញ តាមរយៈ​ការដាក់ចេញ​អភិក្រម​ខាងលើនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​មួយចំនួន ត្រូវបាន​គេ​សង្កេតឃើញថា ពួកគាត់​កំពុង​ទទួលបាន​ដំណោះស្រាយ​សមរម្យ ពី​សំណាក់​រដ្ឋាភិបាល​វិញ ក្រោម​ការដោះស្រាយ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​។ ក្រៅពីនេះ បណ្ដា​ក្រសួង​ដទៃទៀត ក៏​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​ពលរដ្ឋ​ផងដែរ បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រុះរើ​គណៈរដ្ឋមន្ត្រី​ជាថ្មី នៅ​អាណត្តិ​ទី​៦​ខាងមុខនេះ ប្រសិនជា​សម្ដេច មើលឃើញថា រដ្ឋមន្ត្រី និង​មន្ត្រី​តាម​ក្រសួង​ណា មិន​អើពើ​លើ​បញ្ហា​ពលរដ្ឋ​៕


Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com