អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​គុយបា​ថ្មី​៖ «​គុយបា​គ្មាន​កន្លែង​សម្រាប់​ការ​ស្តារឡើងវិញ​នូវ​របប​មូលធននិយម​ឡើយ​»
20, Apr 2018 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Miguel Díaz-Canel ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​រដ្ឋ​ការី​ប៊ី​ន​គុយបា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែមេសា​នេះ​។ មេដឹកនាំ​ថ្មី​នេះ​បានប្រកាស​បន្ត​ដើរ​លើផ្លូវ​បដិវត្តន៍ និង​ប្តេជ្ញា​មិន​ទទួលយក​របប​មូលធន​និយម​ផង​។



​សភា​គុយបា​បានសម្រេច​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោក Miguel Díaz-Canel  ដែលជា​អនុ​ប្រធានាធិបតី​គុយបា ឲ្យ​ធ្វើជា​ប្រធានាធិបតី​ថ្មី​ជំនួស​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កន្លងមក​។

​លោក​ទទួលបាន​សំឡេងគាំទ្រ​សរុប ៩៩,៨៣ ភាគរយ ហើយ​អ្វីដែល​សំខាន់​លោក​ទទួលបាន​ការគាំទ្រ​ពី​លោក រ៉ា​អ៊ូ​ល ដែលជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​នោះ​។  លោក រ៉ា​អ៊ូ​ល ដែល​ឡើងកាន់តំណែង​កាលពី​ឆ្នាំ ២០០៦ នោះ​នឹង​នៅ​បន្ត​ធ្វើជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​រហូតដល់​ឆ្នាំ ២០២១ ឯណោះ ដែល​វា​មានន័យថា ឥទ្ធិពល​នយោបាយ​រប​ស់លោក​លើ​ការដឹកនាំ និង​អនុម័ត​គោលនយោបាយ​នៅតែមាន​ទៀត​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Díaz-Canel ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ជំនិត និង​ដៃស្តាំ​របស់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ហើយ​គេ​រំពឹងថា មេដឹកនាំ​វ័យ ៥៨ ឆ្នាំ​រូបនេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​សម្រាប់​គុយបា​ដែរ​។ ប៉ុន្តែ​គ្រប់យ៉ាង​នៅតែ​ស្រពេចស្រពិល​នៅឡើយ​។​

​ក្នុងពេល​ទទួល​តំណែង​ថ្មី និង​ឈរ​ទន្ទឹម​ជាមួយ​លោក រ៉ា​អ៊ូ​ល លោក Díaz-Canel បានប្រកាស​ពេញមាត់​ថា លោក​នឹង​បន្តដំណើរ​លើផ្លូវ​នៃ​បដិវត្តន៍​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៥៩ ក្រោយ​លោក ហ្វី​ដែល កា​ស្ត្រូ ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​គាំទ្រ​ដោយ​អាមេរិក​នោះ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​បាន​សង្កត់ធ្ងន់ថា គុយបាមិនមែនជាកន្លែងសម្រាប់​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​មូលធននិយម​ឡើយ​។ ចំណែក​គោលនយោបាយ​ការបរទេស​របស់​គុយ​បា​វិញ​គឺ​ មិនអាច​បំពាន​បាន ហើយ​រាល់​ការផ្លាស់ប្តូរ​ទាំងអស់​នឹង​ត្រូវ​សម្រេច​ដោយ​ប្រជាជន​គុយបា​ខ្លួនឯង​មិនមែន​អ្នក​ខាងក្រៅ​ឡើយ​។

​ប្រជាជន​គុយបា​ទូទៅ​មើលឃើញ និង​មាន​សុទិដ្ឋិនិយម​ថា លោក Díaz-Canel ដែល​មិនមែនជា​ជន​បដិវត្តន៍​នោះ​នឹងមាន​លទ្ធភាព​ជំរុញ​ការកែទម្រង់​យឺតៗ​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​ដែល​អាចធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ចំណែក​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​វិញ​នោះ គេ​នៅតែ​ឃើញ​មាន​បញ្ហា​ប្រឈម​ច្រើន ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ សម្រេច​ដាក់ទណ្ឌកម្ម និង​រឹតបន្តឹង​ការធ្វើដំណើរ និង​ពាណិជ្ជកម្ម​ជាមួយ​គុយបា​កន្លង​មក បើទោះជា​សត្រូវ​ចាស់​ទាំងពីរ​ស្តារ​ទំនាក់ទំនង​ការទូត​រួមគ្នា​ក្នុង​ឆ្នាំ ២០១៦ ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្តី​៕


Tag:
 គុយបា​
  រ៉ា​អ៊ូ​ល កា​ស្ត្រូ​
  Miguel Díaz-Canel
© រក្សាសិទ្ធិដោយ thmeythmey.com