ជាតិ
ទូតតួកគី សន្យាពិនិត្យមើលលទ្ធភាពផ្ដល់ជំនួយផ្នែកដោះមីននៅកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលតួកគី សន្យាពិនិត្យមើលលទ្ធភាព ក្នុងការផ្ដល់ជំនួយផ្នែកដោះមីនមករដ្ឋាភិបាលកម្ពុជា។ ការសន្យារបស់រដ្ឋាភិបាលតួកគី ធ្វើឡើងតបតាមសំណើរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា លោកស្រី Andy Ünlü បាននិយាយថា តួកគីនឹងបញ្ជូនក្រុមការងារមួយមកកម្ពុជា ក្នុងខែឧសភាខាងមុខ ដើម្បីធ្វើការពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយភាគីកម្ពុជា អំពីលទ្ធភាពក្នុងការផ្ដល់ជំនួយមកកម្ពុជា លើបញ្ហាបោសសំអាតមីននេះ។ លោកស្រី Ünlü បានថ្លែងបែបនេះ នៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ មេសា។
មកដល់ពេលនេះ កម្ពុជា បានបោសសំអាតមីន ជាង១,៦០០គីឡូម៉ែត្រការ៉េហើយ ដែលវាជាលទ្ធផលល្អធំធេងមួយរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន ដែលបានបន្ថែមដូច្នេះថា៖«បញ្ហាមីននៅតែជាឧបសគ្គដ៏សំខាន់នៃការអភិវឌ្ឍជនបទ»។
គិតពីឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីសរុបប្រមាណ ១៦៧.០០០ហិកតា ដោយក្នុងនោះរួមមាន គ្រាប់មីនប្រឆាំងមនុស្ស ១,៧៧៩,០៤៦គ្រាប់ ,មីនប្រឆាំងរងក្រោះ ៦០,៨២៤គ្រាប់ ,យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និងអំបែង ៧៤១,៧១៥,៤៩១ គ្រាប់។
បច្ចុប្បន្នកម្ពុជានៅសល់ចម្ការមីនចំនួន ១៤,៦០០ ហើយសរុបជាផ្ទៃដីស្មើប្រមាណ ២១១១ គីឡូម៉ែត្រក្រឡា។ នេះបើយោងតាមរបាយការណ៍ របស់អាជ្ញាធរមីន។
លោក លី ធុជ ដែលជាអនុប្រធានទី១ និងជាអគ្គលេខាធិការអាជ្ញាធរមីន ធ្លាប់បានបញ្ជាក់កន្លងមកថា ជនរងគ្រោះ ដោយសារគ្រាប់ផ្ទុះ សរុបទាំងអស់មាន ៦៤,៧០៥នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីនចំនួន ៥១,០៥៦នាក់ និងគ្រាប់ ៦៤,៩១៣នាក់។ តួលេខនេះគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ខែកញ្ញា ឆ្នាំ២០១៧។
តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៥ កម្ពុជាគ្រោងសម្រេចគោលដៅមួយចំនួនរួមមាន ត្រូវដោះផ្ទៃដីដែលកំពុងទទួលរងការគំរាមកំហែងដោយគ្រាប់មីន និងគ្រាប់បែកចង្កោម ឲ្យអស់ក្នុងឆ្នាំ ២០២៥។ ផែនការយុទ្ធសាស្ត្រជាតិនេះ នឹងកាត់បន្ថយកម្រិតទាបបំផុត នូវអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម លើកកម្ពស់ជីវភាពរបស់ជនរងគ្រោះ និងសហគមន៍ដែលរងគ្រោះ៕
Tag:
ប្រាក់ សុខុន
ដោះមីន
ទូតតួគី
© រក្សាសិទ្ធិដោយ thmeythmey.com