ជាតិ
សុខភាព
សុខាភិបាល ច្រានចោល​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ថត​X-Ray ឃើញ​សត្វ​កន្លាត​ក្នុង​ខ្លួន​មនុស្ស​
20, Apr 2018 , 5:25 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
​ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មើល កម្សាន្ត (Merl Komsan) បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន ទាក់ទង​នឹង​ការចុះផ្សាយ​ពត៌មាន​មិន​ពិត ជុំវិញ​ករណី​រូបថត X-Ray ហើយ​ឃើញ​មាន​សត្វ​កន្លាត​នៅក្នុង​ខ្លួន​មនុស្សម្នា​ក់នៅ​ខេត្តព្រៃវែង​។ ក្រសួង​បដិសេធថា ករណីនេះ គឺជា​រឿង​មិន​ពិត​ឡើយ​។​



​អត្ថបទ​ចុះផ្សាយ​ក្នុង​ហេ្វ​ស​ប៊ុ​ក មើល កម្សាន្ត (Merl Komsan) បាន​បង្ហោះ​រូបថត X-Ray របស់​បុរស​ម្នា​ក់នៅ​ខេត្តព្រៃវែង ដែល​គាត់​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា មាន​សត្វ​កន្លាត​មួយ​ក្បាល កំពុងតែ​រស់នៅក្នុង​ខ្លួន​របស់គាត់​ទើប​ធ្វើ​ឲ្យ​គាត់​ចេះតែមាន​អា​ការៈឈឺ​ចុកចាប់​ស្មា​បែបនេះ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក Merl Komsan បាន​សរសេរ​ទៀតថា ដោយសារ​បញ្ហា​សត្វ​កន្លាត​នៅក្នុង​ខ្លួន បាន​តម្រូវ​ឲ្យ​បុរស​ម្នាក់​នោះ បាន​លក់​ផ្ទះ និង​ខ្ចីលុយ​ធនាគារ​អស់​ជាច្រើន ដើម្បី​យកលុយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។​

​ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​ក្រសួងសុខាភិបាល បដិសេធថា ជា​ពត៌មាន​ក្លែងក្លាយ ដែលមាន​ការចុះផ្សាយ​ខុសពី​អត្ថបទ​ដើម​។ ត្រង់ចំណុច​នេះ ក្រសួងសុខាភិបាល បាន​ពន្យល់ថា ករណី​មាន​សត្វ​កន្លាត​នៅក្នុង​ខ្លួន​មនុស្ស​នេះ វា​កើតឡើង​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ពោលគឺ​មិនមែន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២០ មេសា បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រសួងសុខាភិបាល បានធ្វើការ​ស្រាវជ្រាវ​ឃើញថា អត្ថបទ​នេះ បាន​ក្លែងបន្លំ​ខ្លឹមសារ​ពី​អត្ថបទ​ដើម ដែល​បាន​ចុះផ្សាយ​ហ្វេ​ក​ប៊ុ​ក មាន​ម្ចាស់​ផេ​ច​ឈ្មោះ Medecine Life -​ជីវិត​គ្រូពេទ្យ ដែល​ខ្លឹម​សារបាន​សរសេរ​អំពី​សាច់រឿង នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា មិនមែន​នៅ​មន្ទីរ​ខេត្ដ​ព្រៃវែង​នោះឡើយ​»​។​

​បន្ថែម​ពីនេះ​ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Merl Komsan បញ្ឈប់​សកម្មភាព​ក្លែង​ប្រឌិត​ពត៌មាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បែបនេះ មុននឹង​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។ ក្រសួងសុខាភិបាល ក៏​អំពាវនាវ​ឲ្យ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ កុំ​ចុះផ្សាយ​ពីអ្វី​ដែល​គ្មាន​មូល​ដ្ឋ​ន​ច្បាស់លាស់ ឬ​គ្រាន់តែ​បំភ្លៃ​ព័ត៌មាន ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេ​ក្តី​ថ្លៃថ្នូរ ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ​លើ​វិស័យ​សុខាភិបាល​៕



© រក្សាសិទ្ធិដោយ thmeythmey.com