សេដ្ឋកិច្ច
វិស័យ​កសិកម្ម​នៅ​កម្ពុជា​នឹង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​នៅ​ឆ្នាំ​២០៣០
21, Apr 2018 , 9:28 am        
រូបភាព
​ភ្នំពេញ​៖ វិស័យ​កសិកម្ម​នៅ​កម្ពុជា នឹង​ឈានទៅរក​ការធ្វើ​ទំនើបកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ នៅ​ឆ្នាំ​២០៣០​ខាងមុខ ។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​



​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេ​ង សាខុន បាន​និយាយថា បច្ចុប្បន្ន​វិស័យ​កសិកម្ម កំពុង​ប្រឈម​បញ្ហា​មួយចំនួន ដូចជា​ការធ្លាក់ចុះ​កំលាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី​ជាដើម​។ ដោយសារ​បញ្ហា​ទាំងនេះ ទើប​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម មិនអាច​ឈានទៅ​បំពេញ ឬ​សម្រេចបាន​នូវ​សក្តានុពល​របស់ខ្លួន ឲ្យ​អស់ពី​លទ្ធភាព​។ 
​ថ្លែង​នៅក្នុង​ពិធី​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី «​គ្រឿងយន្ត​កសិកម្ម​ក្នុងការ​ពង្រឹង​ភាព​បន្សាំ​របស់​កសិករ​ខ្នាតតូច ដោយ​ប្រើប្រាស់​បច្ចេកទេស ដើម្បី​អភិរក្ស​កសិកម្ម ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​» លោក វេ​ង សាខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការអភិវឌ្ឍ​គ្រឿងយន្ត​កសិកម្ម ការធ្វើ​ទំនើបកម្ម​សិ​កម្ម គឺជា​ដំណោះស្រាយ​មួយ​ដ៏​សមស្រប​ក្នុងការ​បង្កើន​សមត្ថភាព​ដល់​មនុស្ស ដែល​នាំទៅរក​ការពង្រឹង​និង​បង្កើន​ផលិតភាព​កសិកម្ម កាត់បន្ថយ​កំលាំង​មនុស្ស ប្រើប្រាស់​ដី​ឲ្យ​អស់​លទ្ធភាព​និង​ទទួលបាន​ប្រសិទ្ធភាព សំដៅ​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​»​។ 
 
​វិស័យ​កសិកម្ម​នឹង​ឆ្ពោះទៅរក​ការធ្វើ​បែប​ទំនើបកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ និង​មាន​និរន្តរភាព ដើម្បី​ទ្រទ្រង់​សុខុមាលភាព​នៃ​ប្រជាជន​កម្ពុជា ស្របតាម​ចក្ខុវិស័យ​រដ្ឋាភិបាល នៅ​ឆ្នាំ​២០៣០​ខាងមុខ​។ បើតាម​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន ។​
 
​បន្ថែម​ពីនេះ​ក្រសួងកសិកម្ម បានកំណត់​ទិសដៅ​ពីរ​សំខាន់ៗ​គឺ​ទី​១ លើកកម្ពស់​កំណើន​កសិក​ម្ម ដែលមាន​លក្ខណៈ​បង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម ការធ្វើការ​ប្រកួតប្រជែង និង​ការធ្វើ​ជំនួញ​កសិកម្ម និង​ទី​២ ការលើកកម្ពស់​ការប្រើ​ប្រាស់​ដី​កសិកម្ម ,​ការអភិវឌ្ឍ​និង​គ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ជលផល ឲ្យ​មាន​និរន្តរភាព​។​
 
​នាយក​មជ្ឈមណ្ឌល​គ្រឿងយន្ត​កសិកម្ម​សមស្រប​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ​(UN-ESCAP)  លោកស្រី Li Yutong បាន​និយាយថា ការធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដែល​កំពុង​ជួបប្រទះ​។ 
 
«​ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី​ក៏​ជា​បញ្ហាសំខាន់​ដែល​បាននិងកំពុង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​វិស័យ​កសិកម្ម​ទាំងមូល​ទាំង​ក្នុង​ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​»​។ នេះ​បើតាម​លោកស្រី Li Yutong ដែល​បាន​បន្ថែមថា ក្នុងចំណោម​មនុស្ស​១​ពាន់​លាន​នាក់ មាន​មនុស្ស​២/៣ កំពុងតែជួបប្រទះ​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​យើង​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com