សេដ្ឋកិច្ច
កម្ពុជា​រកចំណូលបាន​៣០០​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ចូលឆ្នាំ​ខ្មែរ​
21, Apr 2018 , 10:30 am        
រូបភាព
 ​ភ្នំពេញ​៖ កម្ពុជា រកចំណូលបាន​៣០០​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា កំពុង​ក្លាយជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​ធំៗ​ទាំង​៤ នៃ​សេដ្ឋកិច្ចជាតិ​។



​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា កម្ពុជា​រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​វិស័យនេះ ដើម្បី​ជួយ​សេដ្ឋកិច្ចកម្ពុជា​។​ក្នុងន័យនេះ​ក្រសួង​ទេសចរ​ណ៏ បាន​បន្ថែមថា កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​៥​លាន​នាក់ មក​ទស្សនា​តំបន់​ទេសចរណ៍​ផ្សេងៗ នៅក្នុង​អំឡុងពេល​៣​ថ្ងៃ នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ បើតាម​ក្រសួងទេសចរណ៍ ក្នុង​ពិធី​សង្ក្រាន្ត​៣​ថ្ងៃនេះ វិស័យ​ទេសចរណ៍ បាន​ចាក់​បញ្ចូល​ប្រាក់​ប្រមាណ​៣០០​លាន​ដុល្លារ​បន្ថែម​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​។​
 


​កម្ពុ​ជាមាន​សក្តានុភាព​ជាច្រើន ដូចជា ភូមិសាស្ត្រ ធម្មជាតិ និង វប្បធម៌​ប្រពៃណី ។​ទាំងនេះ​ជាល​ក្ខ​ខ័​ណ្ឌ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍ ឲ្យ​ក្លាយទៅជា​វិស័យសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​មួយ​។​
​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៥,៦​លាន​នាក់ ក្នុង​កំណើន ១១,៨​ភាគរយ ដែល​នាំ​ចំណូល​ចូលជាតិ​ប្រមាណ ៣.៦៣៨ លាន​ដុល្លារ ស្មើ ១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ ក្នុងនោះ​មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ចំនួន​ជាង ៥​ពាន់​នាក់​។ 
 
​ជា​ចក្ខុវិស័យ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៧​លាន​នាក់ នាំ​ចំណូល​ចូលជាតិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត ១​លាន​នាក់ ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ប្រមាណ​ជាង ១​ម៉ឺន​នាក់​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ដែល​បាន​បន្ថែមថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍ កំពុង​យកចិត្តទុកដាក់​ជា​អាទិភាព ដល់​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ដល់​យុវជន​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ខ្លាំងក្លា​៕

Tag:
 ​ថោង ខុន​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com