ជាតិ
ក្រសួងទេសចរណ៍ តម្រូវ​ឲ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ចូលរួម​ប្រឡង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​»
21, Apr 2018 , 12:30 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ប្រកាស​រៀបចំ​ការប្រឡង​ប្រណាំង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​-Best Tourism Resort»​លើក​ទី​២ ដើម្បី​បង្កើន​ប្រសិទ្ធភាព គុណភាព និង​ក្នុង​និរន្តរភាព​ទេសចរណ៍​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ពិធី​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី នឹង​ប្រព្រឹត្តទៅ​នៅក្នុង​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ឆ្នាំ​២០១៨ ហើយ​រមណីយដ្ឋាន​ទេសចរណ៍ មាន​កាតព្វកិច្ច ចូលរួម​ប្រឡងប្រណាំង​ក្នុង​កម្មវិធី​នេះ​។​

​ក្រសួងទេសចរណ៍ សូម​ដាក់ចេញ​នូវ​ការប្រឡងប្រណាំង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​-Best Tourism Resort»​លើក​ទី​២ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ និង​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ ឲ្យ​មាន​និរន្តរភាព គុណភាព និង​ប្រក​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ការបង្កើត​ថ្មី ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់ ក៏ដូចជា​ដើម្បី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​«​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។​
 
​រមណីយដ្ឋាន​ទាំងអស់ ត្រូវ​ដាក់បាក្យ​ចូលរួម​ការ​ប្រ​ឡ​ប្រណាំង​រមណីយដ្ឋាន​គំរូ ជា​កាតព្វកិច្ច ហើយ​នីតិវិធី​នៃ​ការដាក់​ពាក្យ​ចូលរួម​ប្រកួត គិត​ចាប់ពី​ខែឧសភា ដល់​ខែមិថុនា​ឆ្នាំ​២០១៨ ដោយ​រមណីយដ្ឋាន​ទាំងអស់ អាច​ស្នើសុំ​ទម្រង់​បែបបទ​ចុះឈ្មោះ​ប្រឡងប្រណាំង ដោយផ្ទាល់​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ឬ​នៅ​ក្រសួងទេសចរណ៍​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់ទៀតថា បេក្ខភាព​ត្រូវដាក់​ពាក្យ​ចូលរួម​ប្រឡងប្រណាំង​ដ​យ​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​រួច​បញ្ជូនមក​ក្រសួងទេសចរណ៍ តាមរយៈ​មន្ទីរ​ទេសច​រណ៍​រាជធានី​-​ខេត្ត រៀងរាល់​ម៉ោង​ធ្វើការ ឬ​ផ្ញើ​មកកាន់​អ៊ី​ម៉ែ​ល [email protected] ។ 
 
​តាម​ក្រសួងទេសចរណ៍ ពី​ខែមិថុនា ដល់​ខែសីហា ឆ្នាំ​២០១៨ គណៈកម្មការ​វាយតម្លៃ​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ នឹង​ត្រួតពិនិត្យ និង​វាយតម្លៃ​ពាក្យសុំ​ឯកសារ​ពាក់ព័ន្ធ និង​ស្ថានភាព​ជាក់ស្តែង របស់​រមណីយដ្ឋាន​ទេសចរណ៍​បេក្ខភាព​។ 
​ពី​ខែសីហា ដល់​ខែតុលា គណៈកម្មការ​វាយតម្លៃ នឹង​ប្រមូល​ទិន្នន័យ និង​រៀបចំ​របាយការណ៍​ចុងក្រោយ​និង​ឈានទៅ​ប្រកាស​ជ័យលាភី​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២​។ នៅក្នុង​ខែតុលា​នោះដែរ គណៈកម្មការ​វាយតម្លៃ នឹង​ជូនដំណឹង​ពី​ជ័យលាភី​ដល់​ម្ចាស់​រមណីយដ្ឋាន​។  នេះ​បើតាម​ក្រសួងទេសចរណ៍ ដែល​បញ្ជាក់ថា ពិធី​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី នឹង​ប្រព្រឹត្តទៅ នៅក្នុង​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ឆ្នាំ​២០១៨ ។​
​ព័ត៌មាន​លម្អិត ពី​ការប្រឡងប្រណាំង​«​រមណី​ដ្ឋា​ន​ទេសចរណ៍​គំរូ​» លើក​ទី​២​នេះ សូម​ទំនាក់ទំនង​ទៅកាន់ លេខ​ទូរ​សព្ទ ០៩២/០៩៨ ៦៥៦ ៧៩៧ ឬ​តាម​អ៊ី​ម៉ែ​ល [email protected]
 
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com