កីឡាជាតិ
បឹងកេតតទល់ជាមួយទ័ព ក្រោយសូលទីឡូអង្គរជួបប៉ូលិស និងវេស្ទើនប៉ះវិសាខា
× ក្រោយសម្រាកមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជាបានវិលត្រឡប់មកវិញហើយ ដោយនៅថ្ងៃសៅរ៍ទី២១ មេសានេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះបឹងកេត ប្រជែងតទល់ជាមួយក្រសួងការពារជាតិ(ទ័ព)នាម៉ោង៦:៣០នាទីនៅពហុកីឡដ្ឋានជាតិ រីឯវេស្ទើនភ្នំពេញបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ភ្ញៀវវិសាខា នាម៉ោង៣រសៀល មុនសូលទីឡូអង្គរ ប្រើពហុកីឡដ្ឋានជាតិតតាំងជាមួយអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)នៅម៉ោង៣:៣០នាទីរសៀល។
ពហុកីឡដ្ឋានជាតិ នឹងក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងបឹងកេត ជាមួយក្រសួងការពារជាតិ នាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ។ ការជួបគ្នារវាងក្រុមទាំងពីរ នឹងក្លាយជាជំនួបមួយដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីប្រជែងឈរកំពូលតារាង។
បច្ចុប្បន្នបឹងកេតឈរលេខរៀងទី២ដោយមាន១០ពិន្ទុស្មើក្រុមកំពូលតារាងណាហ្គាវើល ខណៈក្រសួងការជាតិឈរលេខរៀងទី៣មាន៩ពិន្ទុ។ នាការប្រកួតសប្តាហ៍មុនក្រសួងការពារជាតិបានលត់វេស្ទើនភ្នំពេញក្នុងលទ្ធផល ៨-០ ខណៈបឹងកេតបានត្រឹមស្មើ ១-១ ជាមួយក្រុមចំណូលថ្មីសូលទីឡូអង្គរ នៅលើទឹកដីពហុកីឡដ្ឋានជាតិដូចគ្នា។
នៅពហុកីឡដ្ឋានជាតិនាម៉ោង៣:៣០នាទីរសៀលថ្ងៃនេះដែរ ក្រុមចំណូលថ្មីសូលទីឡូអង្គរដែលយកស្មើ ១-១ ជាមួយបឹងកេតកាលពីសប្តាហ៍មុន ត្រូវតទល់ជាមួយក្រុមអគ្គស្នងការនគរបាលជាតិដែលយកឈ្នះអគ្គិសនីកម្ពុជា ៤-១។ បច្ចប្បន្នប៉ូលិសកំពុងឈរលេខរៀងទី៤មាន៧ពិន្ទុ ខណៈសូលទីឡូអង្គរឈរលេខរៀងទី៩ដោយមាន៤ពិន្ទុ។
ជាមួយគ្នានេះ ក្រុមវេស្ទើនភ្នំពេញក្រោយបរាជ័យ៤ប្រកួតជាប់គ្នា ត្រូវបើកទ្វារកីឡដ្ឋានវេស្ទើន ទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា នាម៉ោង៣រសៀល។ នាការប្រកួតសប្តាហ៍មុនក្រុមវេស្ទើនភ្នំពេញបានរងភាពអាម៉ាស់យ៉ាងជូរចត់ ដោយចាញ់ក្រសួងការពារជាតិក្នុងលទ្ធផល ៨-០ ខណៈវិសាខាបរាជ័យក្រោមថ្វីជើងអាស៊ីអឺរ៉ុប ២-០។ បច្ចុប្បន្នវិសាខាឈរលេខរៀងទី៥ដោយមាន៧ពិន្ទុ រីឯវេស្ទើនភ្នំពេញឈរបាតតារាងមានសូន្យពិន្ទុ៕
Tag:
បាល់ទាត់
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com