កីឡាជាតិ
ជាតិ
Pahang FA និង PKNP ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ Malaysia FA Cup
21, Apr 2018 , 1:24 pm        
រូបភាព
វឌ្ឍនាកា អបអរការស៊ុត​បាល់បញ្ចូលទី​របស់ Patrick Cruz ដែលរកបាន​៣គ្រាប់តែម្នាក់ឯង
វឌ្ឍនាកា អបអរការស៊ុត​បាល់បញ្ចូលទី​របស់ Patrick Cruz ដែលរកបាន​៣គ្រាប់តែម្នាក់ឯង
ដោយ:
Pahang FA របស់​កីឡាករ ចាន់ វឌ្ឍនាកា និង PKNP FC របស់ កែវ សុខ​ផេង បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Malaysia FA Cup ប្រចាំឆ្នាំ​២០១៨ ក្រោយ​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ជំនួប​ជើង​ទី​២ កាលពី​យប់​ថ្ងៃទី​២០ មេសា ឆ្នាំ​២០១៨​។ ក្នុងនោះ​ក្រុម Pahang FA ដែល វឌ្ឍនាកា បង្ហាញខ្លួន​៩០​នាទី​បាន​យកឈ្នះ Johor Darul Ta'zim ក្នុង​លទ្ធផល ៣-០​។ រីឯ​ក្រុម PKNP ដែល សុខ​ផេង អង្គុយ​កៅអី​បម្រុង​ឈ្នះ Felda United ក្នុង​លទ្ធផល ២-១​។​



​ក្រុម​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា Pahang FA និង​ក្រុម​របស់ កែវ សុខ​ផេង PKNP FC បាន​ឡើងទៅ​ឈរ​ចាំ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី Malaysia FA Cup ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ Pahang FA ទម្លាក់ Johor Darul Ta'zim ខណៈ PKNP FC ទម្លាក់ Felda United​។

​នា​ការប្រកួត​ជើង​ទី​២​នៅលើ​ទឹកដី Johor កាលពី​យប់​ថ្ងៃទី​២០ មេសា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Patrick Cruz បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ Pahang FA នៅ​នាទី​ទី​១០​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​រូបនេះ សម្រេចបាន​ពីរ​គ្រាប់​បន្ថែម​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៥៩ និង ៧៧ ដើម្បី​នាំ​ជ័យជម្នះ ៣-០ សម្រាប់ Pahang FA​។ ជ័យជម្នះ​នេះ បាន​ជួយ​ក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា ដែល​បង្ហាញខ្លួន​៩០​នាទី​ឡើងទៅ​វគ្គ​១/២ ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-០​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Tun Abdul Razak Stadium ប្រធាន​ក្រុម Muhammad Shahrel Fikri បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ PKNP FC នៅ​នាទី​ទី​១៥ មុន​កីឡាករ Wan Zack Haikal រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់ Felda United នៅ​នាទី​ទី​២៦​។ ការប្រកួត​ដំណើរ​បាន​ជាង​១០​នាទី ខ្សែការពារ Muhammad Shahrel Fikri បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ២-១ សម្រាប់ PKNP FC​។ សុខ​ផេង បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា គេ​មាន​បញ្ហា​របួស​ជើង​។​

​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ២-១ នេះ រហូត​ចប់​ការប្រកួត​៩០​នាទី​។ ជ័យជម្នះ​ក្រៅ​ទឹកដី ២-១ និង​ការបរាជ័យ ១-០ នៅក្នុង​ទឹកដី​របស់ខ្លួន​បាន​ជួយ​ក្រុម PKNP FC របស់​កីឡាករ កែវ សុខ​ផេង ដែល​អង្គុយ​កៅអី​បម្រុង ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​ជាមួយ​លទ្ធផល​សរុប​ទាំងពី​ជើង ២-២​។ ការទទួលបាន​កៅអី​វគ្គ​១/២​នេះ ដោយសារ PKNP FC អាច​ទម្លុះ​សំណាញ់​ទី Felda United បាន​ពីរ​គ្រាប់​សម្រាប់​ជំនួប​ក្រៅ​ទឹកដី​របស់ខ្លួន​៕  


Tag:
 ចាន់ វឌ្ឍនាកា​
  Pahang FA
  Malaysia FA Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com