កីឡាជាតិ
មេបក្ស​យុវជន​កម្ពុជា នឹង​ឧបត្ថម្ភ​៥០០០​ដុល្លារ​ដល់​កីឡាករ​ខ្មែរ ដែល​អាច​ផ្តួល Saensatharn
21, Apr 2018 , 4:00 pm        
រូបភាព
ដោយ:
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានប្រកាស​ផ្តល់​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក បើ​កីឡាករ​គុន​ខ្មែរ​រូប​ណា​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ សែន​ស្ថាន​(Saensatharn P.K.Saenchai)​។ ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី លោក ពេជ្រ ស្រស់ បានឃើញ​វីដេអូ​ឌឺដង​របស់​អ្នក​ប្រដាល់​ថៃ​ខាងលើ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​។ ម្យ៉ាង​ការផ្តល់ជូន​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាករ​ប្រឹងប្រែង​ហ្វឹកហាត់ ក៏ដូចជា​ប្រកួត​ជាដើម ពិសេស​លើកតម្កើង​ជីវភាព​របស់​ពួកគេ​ផ្ទាល់​។

 
​ក្រោយ​ឃើញ​ការ​ឌឺដង​របស់​អ្នក​ប្រដាល់​ថៃ Saensatharn P.K.Saenchai តាមរយៈ​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បបួល​កីឡាករ​កម្ពុជា​ប្រកួត​ជាមួយ​ខ្លួន​កាលពីពេល​ថ្មីៗ​។ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានប្រកាស​ផ្តល់​ថវិកា​៥​ពាន់​ដុល្លារ​ដល់​កីឡាករ​កម្ពុជា​រូប​ណា ដែល​អាច​ផ្តួល​កីឡាករ​ថៃ​រូបនេះ​បាន​។ 
 
​លោក ពេជ្រ ស្រស់ បាន​និយាយថា ការផ្តល់​ជូ​នេះ​ក្នុង​គោលបំណង​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​នៅមានកម្រិត​ឲ្យ​កាន់តែ​ប្រសើរ ពិសេស​ជួយ​លើកតម្កើង​ជីវភាព​របស់​កីឡាករ​តែម្តង​។ ព្រោះ​លោក​គិតថា បញ្ហា​ជីវភាព​ខ្វះខាត​នេះហើយ ដែលជា​ហេតុ​នាំ​ឲ្យ​កីឡាករ​ខ្វះ​ទឹកចិត្ត​ក្នុងការ​ប្រកួត រហូត​មាន​ជាតិ​សាសន៍​ដទៃ​មើលស្រាល​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​។      
 
 
«​ខ្ញុំ​ធ្វើបែបនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា​ឲ្យ​ចេះ​បង្កើន​ការហ្វឹកហាត់ និង​ចេះ​ឈឺចាប់​ដោយសារ​គេ​មើលងាយ​យើង​។ ម្យ៉ាងទៀត​ចង់បង្ហាញ​ថា ខ្មែរ​យើង​ខ្លាំង​មិន​អន់​ដូច​អ្វី ដែល​ថៃ​បានលើកឡើង​នោះទេ​។ ដូច្នេះ​យើង​ចង់​ឲ្យ​ខ្មែរ​យើង​ខ្លាំង​ដូច​សម័យអង្គរ ដែល​ជាតិ​សាសន៍​ដទៃ​មិនអាច​ជាន់ឈ្លី​បាន​»​។ នេះ​ជាការ​អះអាង​របស់លោក ពេជ្រ ស្រស់ ដែល​បាន​បន្ថែមថា​៖«​កត្តា​នេះហើយ​ទើប​ខ្ញុំ​សម្រេច​ប្រកាសថា នឹង​ផ្តល់រ​ង្វាន់​ដល់​កីឡាករ​ណា​ឲ្យ​តែ​អាច​ផ្តួល​បុគ្គល​ដែល​ក្អេងក្អាង​នេះ​បាន ដើម្បី​ឆ្លុះបញ្ចាំង​ពី​អរិយធម៌ ក្បាច់គុន​ខ្មែរ និង​សមត្ថភាព​កូន​ខ្មែរ​ថា មិន​ឲ្យ​អ្នកឯង​មើលងាយ​តាម​អំពើ​ចិត្ត​បានឡើយ​»​។​
 
​លោក ពេជ្រ ស្រស់ បាន​បញ្ជាក់ថា ក្រោយ​ការប្រកាស​របស់​លោកមា​ន​តែ​កីឡាករ​ចិត្តសឿង កែវ រំ​ចង់ ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទាក់ទង​មក​លោក និង​ស្ម័គ្រចិត្ត​ព្រម​ប្រកួត​តទល់​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រំ​ចង់ បាន​អះអាងថា រូបគេ​អាចធ្វើ​បាន ឲ្យ​តែ​ភាគី​ថៃ​ព្រម​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង​។​
 
​មិនមែន​មានតែ​កីឡាករ កែវ រំ​ចង់ ម្នាក់​នោះទេ ដែល​ចង់​ជួប​សាកល្បង​សមត្ថភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​សែន​ស្ថាន សូម្បីតែ ធឿន ធារ៉ា​, មឿ​ន សុភា និង រឿង សោ​ភ័​ណ្ឌ ក៏​ចង់​ជួប​កីឡាករ​ថៃ​រូប​នេះដែរ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ មឿ​ន សុភា បានចេញ​វីដេអូ​តបត ដោយ​ប្រកាស​ចង់​ជួប​ជាមួយ​កីឡាករ​ថៃ​រូបនេះ​ផងដែរ​។​
 
​ជាមួយគ្នានេះ​ផងដែរ មេបក្ស​យុវជន​កម្ពុជា បាន​រិះគន់​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​គ្រោង​ហៅ​កីឡាករ​ទៅ​ណែនាំ​កុំ​ឲ្យ​ឆ្លើយឆ្លង​ជាមួយ​កីឡាករ​ថៃ​។ លោក ពេជ្រ ស្រស់ ថា ចំណាត់ការ​បែបនេះ ជាការ​បំបាក់ទឹកចិត្ត​កីឡាករ​ខ្មែរ​៕     
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ពេជ្រ ស្រស់​
  Saensatharn
© រក្សាសិទ្ធិដោយ thmeythmey.com