អន្តរជាតិ
រដ្ឋាភិបាល​ឥណ្ឌា​អនុម័ត​ទោស​ប្រហារជីវិត​សម្រាប់​ជន​ដែល​រំលោភ​ក្មេង​ក្រោម ១២​ឆ្នាំ​
22, Apr 2018 , 1:06 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​កំណត់​ដាក់ទោស​ប្រហារជីវិត​សម្រាប់​បណ្តាជន​ណាក៏ដោយ​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​។ ការសម្រេច​ដាក់​ច្បាប់​នេះ​ឡើង ក៏ដោយ​សារ​មានការ​កើនឡើង​នៃ​ករណី​រំលោភ​កុមារ​ពាសពេញ​ប្រទេស ហើយ​ចុងក្រោយ​បំផុត​គឺ​រំលោភ​សម្លាប់​កុមារី​អាយុ ៨​ឆ្នាំ​យ៉ាង​សាហាវព្រៃផ្សៃ​។

 
 
​ក្រោយ​ផ្ទុះ​ការតវ៉ា និង​មានការ​ខឹងសម្បារ​ក្នុងចំណោម​ប្រជាជន​ឥណ្ឌា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានសម្រេច​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​វិធានការ​ដាក់ទោស​ប្រហារជីវិត​ប្រឆាំង​ឧក្រិដ្ឋជន​ដែល​រំលោភ​កុមារ​នៅ​ថ្ងៃ​សៅរ៍​ទី ២១ ខែមេសា​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បទបញ្ជា​របស់​គណៈរ​ដ្ឋ​មន្ត្រី​លោក ម៉ូ​ឌី នេះ​មាន​គោលដៅ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​ហិង្សា​ផ្លូវភេទ ដោយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​ដាក់ទោស​ប្រហារជីវិត​សម្រាប់​ជន​ណាមួយ​ដែល​រំលោភ​កុមារ​មាន​អាយុ​ក្រោម ១២ ឆ្នាំ​។ ចំណែក​ទោស​អ​ប្បរមា​នៃ​ជន​ដែល​ត្រូវ​កាត់ទោស​រឿង​រំលោភ​ក៏ត្រូវ​បាន​បន្ថែម​ផងដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ បទបញ្ជា​នាយករដ្ឋមន្ត្រី​នេះ​ក៏​ស្នើ​ព​ន្លឿ​ន​នីតិវិធី​កាត់ក្តី​ជនល្មើស​ផងដែរ ដោយ​នីតិវិធី​នេះ​ត្រុ​វ​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយពេល​ចាប់ខ្លួន​។ នេះ​ក៏ដោយ​សារ​ប្រព័ន្ធយុត្តិធម៌​ឥណ្ឌា​ទន់ខ្សោយ និង​មាន​ភាពយឺតយ៉ាវ ហើយ​វា​រង​ការរិះគន់​ខ្លាំង​កន្លងមក​។ 
 
«​បទ​បញ្ជាក់​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​សុំ​ការអនុញ្ញាត ហើយ​វា​ជា​នីតិ​វ​ធី​ផ្លូវការ​ក្នុងការ​ដាក់ចេញ​វិធានការ​ចាំបាច់​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​មួយរូប​ដែល​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​។​
 
​តាមពិតទៅ​ឥណ្ឌា​ដាក់ទោស​ប្រហារជីវិត​លើ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជាពិសេស​ករណី​សម្លាប់​រង្គាល និង​ភេរវកម្ម​។ ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​របស់លោក ម៉ូ​ឌី សម្រេច​ចេញ​វិធានការ​នេះ ដោយសារ​លោក​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​មហាជន​រឿង​អសមត្ថភាព​ទប់ស្កាត់​ប​ញ្ហា​រំលោភ​សេពសន្ថវៈ និង​មិន​ចាត់វិធានការ​ប្រឆាំង​អ្នកមានអំណាច​។ គេ​ឃើញ​បាតុកម្ម​កើតឡើង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដោយសារ​ពួកគេ​ខឹងសម្បារ​នឹង​ការរំលោភ​សម្លាប់​ក្មេងស្រី​ម៉ូ​ស្លី​ម​អាយុ ៨​ឆ្នាំ​ម្នាក់ និង​ករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​ម្នាក់​ដោយ​អ្នកនយោបាយ​បក្ស​កាន់អំណាច BJP នៅ​រដ្ឋ Jammu Kashmir និង Uttar Pradesh ។ 
 
 នៅ​រដ្ឋ Jammu Kashmir ក្មេងស្រី​ម៉ូ​ស្លី​ម​អាយុ ៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ជនល្មើស​ចាប់​ជម្រិត​ហើយ​រង​ការបង្ខិតបង្ខំ​ឲ្យ​ប្រើប្រាស់​ថ្នាំញៀន​ផង​។ អ្វីដែល​ព្រៃផ្សៃ​បំផុត​នោះ នាង​ត្រូវបាន​ជនល្មើស​រំលោភ​ច្រើនលើកច្រើនសារ មុននឹង​ត្រូវគេ​សម្លាប់ចោល​ដែរ​។ 
 
​ចំណែករ​ណី​រំលោភ​សេពសន្ថវៈ​នៅ​រដ្ឋ Uttar Pradesh វិញ​នោះ វា​ពាក់ព័ន្ធ​អ្នកនយោបាយ​បក្ស​កាន់អំណាច BJP របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី​ដែរ​។ ករណី​ពាក់ព័ន្ធ​អ្នកមានអំណាច​នេះ មិន​ត្រូវបាន​ប៉ូលិស​ចាត់ការ​ឡើយ​ទោះជា​វា​កើតឡើង​ជិត​មួយឆ្នាំ​ក្តី ហើយ​ឪពុក​ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​រហូត​ដល់​ស្លាប់​ដោយសារ​ព្យាយាម​តតាំង​ជាមួយ​អ្នកមានអំណាច​។ ក្មេងស្រី​រងគ្រោះ​ឯណោះ​វិញ​ព្យាយាម​ចាក់​សាំង​ដុត​ខ្លួនឯង​នៅ​ដើមខែ​មេសា​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ឥណ្ឌា​ផង​៕
 

Tag:
 ឥណ្ឌា​
  រំលោភ​សេពសន្ថវៈ​
  ទោស​ប្រហារជីវិត​
© រក្សាសិទ្ធិដោយ thmeythmey.com