សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៨ បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំ(U21) សម្រាប់ត្រៀមប្រជែងដណ្តើមពានរង្វាន់ស្តេចព្រុយណេ Hassanal Bolkiah Tropy 2018 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ មេសា ដល់ថ្ងៃទី៥ ឧសភា។ កីឡាករជម្រើសជាតិ ឃួន ឡាបូរ៉ាវី, សុះ ស៊ូហាណា និង សឿយ វិសាល ក៏ស្ថិតក្នុងបញ្ជីឈ្មោះទាំង២២រូបនេះផងដែរ។
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី, ខ្សែបម្រើ សុះ ស៊ូហាណា និងខ្សែការពារ សឿយ វិសាល ដែលជាសមាជិកក្រុមជម្រើសជាតិ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើសឲ្យជួយក្រុមកីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំប្រជែងក្នុងពានរង្វាន់ស្តេចព្រុយណេ តាមរយៈសិទ្ធិអនុគ្រោះ។ ពានរង្វាន់នេះ អនុញ្ញាតឲ្យក្រុមចូលរួមនីមួយៗអាចដាក់កីឡាករលើសអាយុបានចំនួន៣រូប។
ខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀង ប្រាក់ សុវណ្ណពិសិដ្ឋ ដែលជាកូនប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ក៏ស្ថិតក្នុងបញ្ជីឈ្មោះទាំង២២រូប នៃក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំនេះផងដែរ។
ក្រុម U21 កម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុម U21 ឡាវ និងសិង្ហបុរី ខណៈពូល A មានម្ចាស់ផ្ទះព្រុយណេ មីយ៉ាន់ម៉ា ថៃ និងទីម័រខាងកើត។ U21 កម្ពុជា ត្រូវជួបប្រកួតបើកឆាកជាមួយ U21 សិង្ហបុរី នៅថ្ងៃទី២៨ មេសា មុនជួបប្រកួតចុងក្រោយជាមួយឡាវ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ពានរង្វាន់ Hassanal Bolkiah Tropy ប្រចាំឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ មេសា ដល់ថ្ងៃទី៥ ខែឧសភា។
ពានរង្វាន់ស្តេចព្រុយណេ Hassanal Bolkiah Trophy ត្រូវបានបង្កើតឡើងដោយសមាគមបាល់ទាត់ព្រុយណេ (Football Association of Brunei Darussalam) នៅឆ្នាំ២០០២។ កម្ពុជាធ្លាប់ចូលរួមពានរង្វាន់នេះបានចំនួន៤លើក គឺឆ្នាំ២០០២, ២០០៧, ២០១២ និង ២០១៤។ ប៉ុន្តែកម្ពុជាមិនធ្លាប់ទទួលបានជើងឯកនោះទេ ពោលគឺធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០០៧។
កីឡាករទាំង២២រូបរួមមាន៖ អ្នកចាំទី៖ កែវ សុខសិលា, ជា វណ្ណសាក់, ខ្សែប្រយុទ្ធ៖ ឃួន ឡាបូរ៉ាវី, កាន់ ពិសាល, ណារ៉ុង កក្កដា, ម៉ាត់ នូរុណ, ខ្សែបម្រើ៖ សុះ ស៊ូហាណា, ស៊ិន កក្កដា, ប្រាក់ ធីវ៉ា, អ៊ិន សូដាវីដ, អ៊ន ចាន់ប៉ូលីន, គន្ធា រ៉ាវ៉ាន់, សេត រ៉ស៊ីប, សុខ ហៀង, ឡុង ភារ៉ាត់ ខ្សែការពារ៖ សឿត បារាំង, យ៉ើ សាហ្វី, អ៊ុក សុវណ្ណ, ប្រាក់ សុវណ្ណពិសិដ្ឋ, សឿយ វិសាល, លី វ៉ាហេទ, ឆេង ម៉េង៕