អន្តរជាតិ
នាវា​ដឹក​យន្តហោះ​កំពុង​បម្រើការ​៖ អាមេរិក​មាន​ច្រើនជាងគេ​, ឯ​ចិន រុស្ស៊ី ឥណ្ឌា អង់គ្លេស បារាំង​មាន​មួយម្នាក់​
22, Apr 2018 , 9:00 pm        
រូបភាព
នាវាដឹកយន្តហោះអាមេរិក USS Harry S. Truman
នាវាដឹកយន្តហោះអាមេរិក USS Harry S. Truman
​កងទ័ពជើងទឹក​អាមេរិក ត្រូវបាន​ចាត់ទុកជា​ក​ម្លាំ​ង​យោធា​ជើង​ទឹក​ខ្លាំងជាងគេ​លើ​ពិភពលោក​។ ទ័ពជើងទឹក​អាមេរិក​ត្រូវបាន​បំពាក់​ដោយ​យន្តហោះ​ទំនើបៗ យុទ្ធោបករណ៍​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ និង​ជាពិសេស​នោះ គឺ​ចំនួន​នាវាចម្បាំង​ដ៏​ច្រើន​សម្បើម​។ និយាយ​ពី​នាវា​ដឹក​យន្តហោះ​វិញ អាមេរិក​មាន​នាវា​ដឹក​យន្តហោះ​ច្រើនជាង​នាវា​ដឹក​យន្តហោះ​របស់​មហាអំណាច​ផ្សេងទៀត​បូក​បញ្ចូល​គ្នា​ទៅទៀត​។

 
​នៅលើ​ពិភពលោក​នេះ មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែលមាន​នាវា​ដឹក​យន្តហោះ​បម្រើការ​ក្នុង​យោធា​របស់ខ្លួន​។ នាវា​ដឹក​យន្តហោះ​អាចបែងចែក​ជា​បី​ប្រភេទ គឺ​នាវា​ដឹក​យន្តហោះ​ធុន​ធ្ងន់​ដែល​អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​បាន​, នាវា​ធុន​តូច​ដែល​ឧទ្ធម្ភាគចក្រ​អាចធ្វើ​ប្រតិបត្តិការ​បាន និង​នាវា​ដឹកជញ្ជូន​ដែល​ផ្ទុក​ឧទ្ធម្ភាគចក្រ (amphibious ships) ។ បើ​និយាយ​ពី​នាវា​ដឹក​យន្តហោះ​ធុន​ធ្ងន់ (Aircraft carrier) អាមេរិក​មាន​ច្រើនជាងគេ ឯ​មហាអំណាច​ផ្សេងទៀត​មាន​ម្នា​ក់មួយ​ប៉ុណ្ណោះ​។​
 

                                                                       នាវាដឹកយន្តហោះចិន Liaoning

​ក្នុងចំណោម​នាវា​ទាំង ២០​គ្រឿង​ដែល​កំពុង​បម្រើការ​ក្នុង​ជួរ​កងទ័ពជើងទឹករ​បស់​ខ្លួន អាមេរិក​មាន​នាវា​ដឹក​យន្តហោះ​ធុន​ធ្ងន់​ចំនួន​១១​គ្រឿង ហើយ​ដែល​ដំណើរការ​ដោយ​ថាមពល​នុយ​ក្ល​អ៊ែរ​ទៀតផង​។ នាវា​ដឹក​យន្តហោះ​ស៊េរី​ទំនើប​របស់​អាមេរិក​មាន​ដូចជា USS Carl Vinson, USS Truman, USS Gerald R. Ford និង USS George H.W. Bush ជាដើម​។ អាមេរិក​ពង្រាយ និង​ចល័ត​នាវា​របស់ខ្លួន​ទៅធ្វើ​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក​។​
 

                                       នាវាដឹកយន្តហោះអង់គ្លេស HMS Queen Elizabeth (រូបភាព AP)
 
​សម្រាប់​នាវា​ដឹក​យន្តហោះ​ធុន​ធ្ងន់​នេះដែរ រុស្ស៊ី ចិន អង់គ្លេស បារាំង និង​ឥណ្ឌា មាន​ម្នាក់​មួយគ្រឿង​កំពុង​បំពេញការងារ​ក្នុង​យោធា​រៀងៗ​ខ្លួន​។ រុស្ស៊ី​មាន Admiral Kuznetsov ដ៏​ចំណាស់ និង​ប្រើ​ថាមពល​ឥន្ធនៈ​, ចិន​មាន Liaoning ដែល​ចូល​បម្រើការ​ក្នុង​ឆ្នាំ​២០១២, ឥណ្ឌា​មាន INS Vikramaditya ចូល​បម្រើការ​នៅ​ឆ្នាំ​២០១៣, បារាំង​មាន The Charles de Gaulle ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​អង់គ្លេស​មាន HMS Queen Elizabeth ដែល​ទើប​ដំណើរការ​ដែរ​។​
 

                                                  នាវាដឹកយន្តហោះបារាំង Charles-de-Gaulle

​ក្រៅពី​នាវា​ដឹក​យន្តហោះ​កំពុងដំណើរការ​ស្រាប់ ចិន​ក៏មាន​នាវា​ដឹក​យន្តហោះ​មួយទៀត​ដែល​ផលិត​ក្នុងស្រុក គឺ 001A តែ​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅឡើយ និង​កំពុង​ផលិត​ថ្មី​មួយគ្រឿង​ទៀត​។ ឯ​អង់គ្លេស​កំពុង​ផលិត​នាវា HMS Prince of Wales ដែរ​។ ដោយឡែក រដ្ឋ​អឺរ៉ុប​អ៊ីតាលី​ក៏មាន​នាវា​ដឹក​យន្តហោះ​ដែរ គឺ The Cavour និង Giuseppe Garabaldi ។ The Cavour មាន​បំពាក់​សម្ភារ​ឲ្យ​យន្តហោះ​ហោះ​បាន ឯ Giuseppe Garabaldi មិនមាន​ឡើយ​។​
 

                                                    នាវាដឹកយន្តហោះរុស្ស៊ី Admiral Kuznetsov 
​ចំណែក​រដ្ឋ​មួយចំនួនទៀត​ដូចជា ប្រេ​ស៊ី​ល​មាន​នាវា​ដឹក​យន្តហោះ​ធុន Sào Paolo ដែល​ទិញ​ពី​បារាំង ប៉ុន្តែ​ជួប​បញ្ហា​បច្ចេកទេស​ជាប្រចាំ​។ បើតាម​គេហទំព័រ Business Insider អូស្ត្រាលី កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ​និង​ជប៉ុន ក៏​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ដើម្បី​បំពេញការងា​ផងដែរ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ រដ្ឋ​អាស៊ាន​ថៃ​ក៏មាន​នាវា​ធំ​មួយ​ដែរ គឺ Chakri Naruebet ដែលជា​នាវា​ដឹក​យន្តហោះ​ធុន​តូច​តែមួយគត់​នៅ​អាស៊ីអាគ្នេយ៍​៕
 

​                                                                    នាវាដឹកយន្តហោះឥណ្ឌា INS Vikramaditya

Tag:
 នាវា​ដឹក​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com