អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ ប្រាប់សាធារណជនកុំឲ្យបារម្ភថាក្រុមហ៊ុនរបស់ Jack Ma ក្តោបក្តាប់សេដ្ឋកិច្ចថៃ
× ប្រមុខរបបសឹកថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានច្រានចោលនូវការលើកឡើងពីការអភិវឌ្ឍទៅរកការក្តោបក្តាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយក្រុមហ៊ុនអនឡាញចិន Alibaba របស់ លោក Jack Ma។ ប្រតិកម្មនេះកើតឡើង ក្រោយពីរដ្ឋាភិបាលថៃ បានចុះហត្ថលេខាវិនិយោគជាមួយ ក្រុមហ៊ុននេះ ក្នុងទំហំជាច្រើនលានដុល្លារនាពេលថ្មីៗនេះ ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃ២១ មេសា បានអះអាងថា លោក បានទទួលនិងស្តាប់លឺពីក្តីបារម្ភរបស់សាធារណជន ពាក់ព័ន្ធនឹងការចុះហត្ថលេខាពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនយក្សរបស់លោក Jack Ma។ ប៉ុន្តែលោក ប្រាយុទ្ធ ក៏សុំចិត្តសាធារណជន បើកចិត្តឲ្យទូលាយដើម្បីទទួលយកផលប្រយោជន៍ល្អពីការសហប្រតិបត្តិការនោះ ។
តាមប្រភពព័ត៌មានថៃ The Nation អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកឧត្តមសេនីយ៍ Sansern Kaewkamnerd ក៏បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ និងការរិះគន់មួយចំនួនពីមជ្ឈដ្ឋានអ្នកវិនិយោគក្នុងស្រុកថៃ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានចេញបញ្ជាមួយដល់ក្រុមអ្នកជំនាញសេដ្ឋកិច្ចដើម្បីពិនិត្យមើលពីតុល្យភាព នៃការប្រកួតប្រជែងសេដ្ឋកិច្ច ។
អ្នកនាំំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖« ខណៈពិចារណាក្នុងការទទួលយកផលប្រយោជន៍ពីការវិនិយោគយ៉ាងប្រុងប្រយ័ត្នពីវិនិយោគិនបរទេស យើង ក៏ត្រូវតែការពារអ្នកវិនិយោគថៃ និង សហគ្រាសធុនតូត និងមធ្យមដូចគ្នាផងដែរ។ លោកនាយករដ្ឋមន្ត្រី បានណែនាំឲ្យអ្នកជំនួញថៃផ្លាស់ខ្លួនដើម្បីប្រកួតប្រជែង និងកុំមើលការវិនិយោគបរទេសជាឧបសគ្គ» ។
សូមជម្រាបផងដែរថា លោក Jack Ma ស្ថាបនិក និងជានាយកប្រតិបត្តិផ្សារលក់ទំនិញអនឡាញ Alibaba ដ៏ធំបំផុតរបស់ចិន បានចូលពិភាក្សាផ្លូវការជាមួយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទ អូចា ហើយ លោក ក៏បានចុះហត្ថលេខាលើអនុស្សារណយោគយល់វិនិយោគសរុបទំហំ ១១ ពាន់លានបាត ។ ការវិនិយោគនេះដែរ ត្រូវបានលោកនាយករដ្ឋមន្ត្រៃថៃ អះអាងថា នឹងផ្តល់ប្រយោជន៍ជាច្រើនដល់សហគ្រាសរបស់កសិករ និងសហគ្រាសតាមជនបទ ៕
© រក្សាសិទ្ធិដោយ thmeythmey.com