អន្តរជាតិ
​តុលាការ​អាមេរិក​កាត់ទោស​ប្រហារជីវិត​បុរស​វ័យ​៨៣​ឆ្នាំ​ម្នាក់​
22, Apr 2018 , 4:19 pm        
រូបភាព
ដោយ: ធីតា
​រដ្ឋ Albama សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​កាត់ទោស​ប្រហារជីវិត​បុរស​វ័យ​៨៣​ឆ្នាំ​ម្នាក់​ពីបទ​បំបោក​គ្រាប់បែក​សម្លាប់​ចៅក្រម​ម្នាក់ និង​មេធា​រី​ម្នាក់ កាលពី​ជិត​៣០​ឆ្នាំមុន​។ បើតាម AFP នេះ​ជា​អ្នកទោស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​សហរដ្ឋអាមេរិក បើ​គិត​ចាប់តាំងពី​ការអនុវត្ត​ទោស​បែបនេះ​វិញ តាំងពី​ឆ្នាំ​១៩៧៦ ។​

 
​កាលពី​ឆ្នាំ​១៩៨៩ Walter Moody បញ្ជូន​គ្រាប់បែក​ទៅកាន់​លោក Robert Vance ដែលជា​ចៅក្រម​ម្នាក់ ធ្លាប់បាន​កាត់ទោស​ខ្លួន​ពីបទ​បំផ្ទុះ​គ្រាប់បែក ហើយ​ជនល្មើស​រូបនេះ បានសម្លាប់​មេធាវី​ការពារ​ក្តី​ម្នាក់ទៀត ក្រោមរូបភាព​ដដែល​។​
 
​នៅ​ឆ្នាំ​១៩៩៦ Walter Moody ត្រូវបាន​តុលាការ Alabama កាត់ទោស​ប្រហារជីវិត ហើយ​ត្រូវ​រង់ចាំ​ការអនុវត្ត​ផ្លូវការ​អស់​រយៈពេល​២២​ឆ្នាំ​។ Moody ក៏បាន​ប្តឹងតវ៉ា​ទៅ​តុលាការ​កំពូល​ផងដែរ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​។ បុរស​រូបនេះ ត្រូវបាន​ចាក់​ថ្នាំ​សម្លាប់​ដោយ​ភ្នាក់ងារ​ពន្ធនាគារ William C.Holman កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមេសា​។​
 
​នៅមុន​ការអនុវត្ត​ទោស Moody បាន​បដិសេធ​បរិភោគ​អាហារ​ចុងក្រោយ​ដែល​ផ្តល់​ដោយ​ពន្ធនាគារ ដោយសារ​គាត់​ចង់​ញ៉ាំ​សាំង​វិច និង​ផឹក​សូ​ដា​ពីរ​ដប​ជាមួយ​មិត្តភក្តិ​។ គាត់​ក៏បាន​បដិសេធ​និយាយ​សំដី​ចុងក្រោយ​ផងដែរ​។​
 
​បើ​គិត​នៅ​ទូទាំង​សហរដ្ឋអាមេរិក Moody គឺជា​ពិរុទ្ធជន​ទី​៨​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នា​រយៈពេល​ចុងក្រោយ​នេះ​។ គាត់​ជាម​នុស្ស​ចំណាស់​ជាងគេ​ដែល​ត្រូវបាន​ប្រហារជីវិត ខណៈ​កន្លងមក John Nixon ត្រូវបាន​ប្រហារជីវិត​ក្នុង​អាយុ​៧៧​ឆ្នាំ ៕
 
 
 

Tag:
 តុលាការ​
  ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com