អន្តរជាតិ
ប្រធាន UNGA៖ ការអភិវឌ្ឍ និង​ការការពារ​សិទ្ធិមនុស្ស​មិនអាច​មាន​ឡើយ បើ​គ្មាន​សន្តិភាព​នោះ​
22, Apr 2018 , 8:30 pm        
រូបភាព
ដោយ:
​ប្រមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Miroslav Lajčák បាន​អះអាង​ពី​ភាពចាំបាច់​ក្នុងការ​ថែរក្សា​សន្តិភាព​ពិភពលោក ដែល​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង ពិបាក​ប៉ាន់ស្មាន​បំផុត ។ ប្រមុខ​រូបនេះ ចង់ឃើញ​មេដឹកនាំ​ពិភពលោក​ទាំងអស់​ឱប​ក្រសោប​សន្តិភាព ខណៈពេលដែល​នៅមាន​ឱកាស និង កុំ​ចាំ​ដល់​គ្រប់យ៉ាង​ត្រូវ​ខ្ទេចខ្ទាំ​ទើប​ពោលថា​ស្តាយក្រោយ ។


 
​នា​កិ​ច្ចស​ម្តា​សន៍​ជាមួយនឹង​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ នា​ចុង​សប្តាហ៍​នេះ លោក Miroslav Lajčák បាន​លើកឡើងថា​៖«​តាមរយៈ​ការទប់ស្កាត់​ជម្លោះ យើង​អាច​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជាច្រើន ហើយ ក៏​អាច​សន្សំ​កញ្ចប់​ថវិកា​ជាច្រើន​ប៊ី​លាន​ដុល្លារ​ទៀតផង ។ ដូច្នេះ​យើង​ត្រូវតែ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់​ជម្លោះ ជាជាង​រក​ដំណោះស្រាយ​ក្រោយ​ជម្លោះ​ផ្ទុះឡើង ។ យើង​ត្រូវ​សង្គ្រោះ​សន្តិភាព នៅពេល​មានឱកាស ។ កុំ​ចាំ​ដល់​សន្តិភាព​បាត់​បង់ហើ​យ ទើប​រក​មធ្យោបាយ​ស្តារ​» ។ 
 
​ប្រធាន​មហាសន្និបាត​រូបនេះ បាន​បន្តទៀត ៖« ការអភិវឌ្ឍ , ការការពារ​សិទ្ធិមនុស្ស មិនអាច​កើតឡើង​មានបាន​ឡើយ ប្រសិនបើ មិនមាន​សន្តិភាព​នោះ​»​។ លោក Lajčák ថ្លែង​បែបនេះ​រួចហើយ ក៏​ឆ្លៀត​ដាស់តឿន​សមាជិក​មហាសន្និបាត​ដោយ​ប្រយោល​ថា អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើត​ក្រោម​បាវចនា​ដ៏​មួយ​សំខាន់ ដែល​នោះ​គឺ ដើម្បី​សម្រេច​ឲ្យ​បាន​សន្តិភាព​នោះឯង ។​
 
​គួរកត់សម្គាល់ ការផ្តល់​កិច្ចសម្ភាសន៍​របស់​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​រូបនេះ  ធ្វើឡើង​មុន​ប៉ុន្មាន​ថ្ងៃ នៃ​ការចាប់ផ្តើម​កិច្ចប្រជុំ​ជាន់ខ្ពស់​របស់​មហាសន្និបាត​ស្តីពី​ការកសាង​សន្តិភាព និង​រក្សា​សន្តិភាព​ឲ្យ​និរន្ត​ភាព ។ កិច្ចប្រជុំ ដែល​នឹងមាន​មេដឹកនាំ​កំពូលៗ ដែលជា​សមាជិក​ទាំង​១៩៣ និង​អង្គការ​សង្គម​ស៊ីវិល​ផង​នោះ នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​២៤ និង​ថ្ងៃ​២៥ មេសា នេះ ។​
​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​របស់​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ កិច្ចប្រជុំ​នេះ អាច​នឹង​ក្លាយជា​ព្រឹត្តិការណ៍​នៃ​ការប្រមូល​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ដ៏​ធំ​បំផុត​មួយ នៅ​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ គិត​ចាប់តាំងពី​កិច្ចពិភាក្សា​ទូទៅ​ចុងក្រោយ​របស់​មេ​ដឹក​ពិភពលោក កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ ៕ 
 
 

Tag:
 UN
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com