ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន ៣១បន្ថែមទៀត
× ដើម្បីពន្លឿនកិច្ចការងាររដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានឆាប់រហ័សបន្ថែមទៀត សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន៣១បន្ថែម នៅទូទាំងប្រទេសកម្ពុជា។ ការិយាល័យថ្មីទាំង៣១នេះ អនុវត្តការងារជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨មក។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានកំណត់បង្កើតការិយាល័យច្រកចេញចូលតែមួយថ្មីចំនួន ៣១បន្ថែមទៀត ដើម្បីពន្លឿនកិច្ចការងាររដ្ឋបាលជូនប្រជាពលរដ្ឋបានឆាប់រហ័ស។ ក្នុងចំណោមខេត្តទាំង២៤ នោះខេត្តបាត់ដំបង ត្រូវបានបង្កើតច្រកចេញចូលចំនួន៤ បន្ថែមទៀតច្រើនជាងគេ ដែលមាននៅស្រុក បាណន់ ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុករតនមណ្ឌល។
ការិយាល័យថ្មីទាំងនោះរួមមាន៖ ខេត្តកណ្ដាល (ស្រុក អង្គស្នួល និងស្រុកកៀនស្វាយ), ខេត្តកំពត (ស្រុកទឹកឈូ និងស្រុកឈូក) ខេត្តសៀមរាប (ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់)
ខេត្តបន្ទាយមានជ័យ (ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ) ខេត្តតាកែវ (ស្រុកបាទី) ខេត្តកំពង់ស្ពឺ (ស្រុកសំរោងទង) ខេត្តកំពង់ឆ្នាំង (ស្រុកកំពង់ត្រឡាច) ខេត្តពោធិ៍សាត់ (ស្រុកបាកាន) ខេត្តប៉ៃលិន (ស្រុកសាលាក្រៅ) ខេត្តត្បូងឃ្មុំ (ស្រុកត្បូងឃ្មុំ) ខេត្តកំពង់ចាម (ស្រុកកំពង់សៀម) ខេត្តកំពង់ធំ (ស្រុកស្ទោង) ខេត្តព្រះវិហារ (ស្រុករវៀង) ខេត្តមណ្ឌលគិរី (ស្រុកកែវសីមា) ខេត្តក្រចេះ (ស្រុកស្នួល) ខេត្តព្រៃវែង (ស្រុកកំចាយមារ) ខេត្តឧត្តរមានជ័យ (ស្រុកបន្ទាយអំពិល) ខេត្តព្រះសីហនុ (ស្រុកស្ទឹងហាវ) ខេត្តកោះកុង (ស្រុកស្រែអំបិល)
ខេត្តស្ទឹងត្រែង (ស្រុកសៀមប៉ាង) ខេត្តរតនគិរី (ស្រុកបរកែវ) ខេត្តស្វាយរៀង (ស្រុកស្វាយជ្រំ) និងខេត្តកែប (ស្រុកដំណាក់ចង្អើរ)។
ច្រកចេញចូលតែមួយ គឺជាយន្តការសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង្កើតការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្របសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាក្របខណ្ឌគតិយុត្ត និងជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃគោលនយោបាយសេវាសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។
បូកបញ្ចូលការិយាល័យច្រកចេញចូលតែមួយថ្មីចំនួន ៣១នេះ នាំឲ្យបច្ចុប្បន្នការិយាល័យច្រកចេញចូលតែមួយសរុបមានចំនួន៧៧ការិយាល័យ ទូទាំងរាជធានី-ខេត្ត៕
Tag:
ច្រកចេញចូលតែមួយ
រដ្ឋបាលសាធារណៈ
ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com