កីឡាអន្តរជាតិ
អន្តរជាតិ
Salah និង Sane ឈ្នះ​ពាន​កីឡាករ​ឆ្នើម PFA ប្រចាំឆ្នាំ ២០១៨
23, Apr 2018 , 10:35 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Liverpool កីឡាករ Mohamed Salah និង​ខ្សែបម្រើ Leroy Sane របស់​ក្លិប Manchester City បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម និង​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ របស់​សមាគម Professional Footballers’ Association (PFA) ក្នុង​ពិធី​ចែក​រង្វាន់​នៅ​សណ្ឋាគារ Grosvenor ក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ។​



Mohamed Salah បាន​ក្លាយជា​ម្ចាស់​ពាន PFA Player of the Year ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​លើស​គូប្រជែង Kevin de Bruyne, David Silva និង Leroy Sane របស់ Manchester City ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham រួមទាំង​អ្នកចាំទី David de Gea  របស់ Manchester United​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប Salah បានចាប់ផ្តើម​រដូវ​កាល​ដំបូង​ដ៏​អស្ចារ្យ​នៅលើ​ទឹកដី​អង់គ្លេស​នៃ​ក្របខណ្ឌ Premier League ក្រោយ​ចាក​ចេញពី Roma មក​ចូលរួម​ជាមួយ Liverpool រដូវ​កាល​នេះ​។​

​អតីត​សមាជិក Chelsea វ័យ​២៥​ឆ្នាំ​រូបនេះ អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​របស់លោក Jurgen Klopp រហូតដល់​ទៅ​៣១​គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន ៣៥​ប្រកួត នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស ហើយ​ត្រូវបាន​គេ​មើលឃើញថា​អាច​ដណ្តើម​តំណែង​ស្បែកជើង​មាស​ក្នុងនាម​កីឡាករ​ស៊ុត​ចូល​ច្រើនជាងគេ​រដូវ​កាល​នេះ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Leroy Sane បើ​ទោះ​ចាញ់ Salah ក្តី ប៉ុន្តែ​សមាជិក​ក្រុម Man City នេះ បានឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម PFA Young Player រដូវ​កាល​២០១៧-២០១៨​ផងដែរ​។ អតីត​ខ្សែបម្រើ Schalke 04 វ័យ​២២​ឆ្នាំ​រូបនេះ យកឈ្នះ​ពិន្ទុ​កីឡាករ​វ័យក្មេង​ដ៏ទៃទៀត​ដូចជា​មិត្ត​រួម​ក្រុម Ederson Moraes និង Raheem Sterling, Harry Kane, Marcus Rashford និង Ryan Sessegnon របស់ Fullham​។


Sane ឆ្នះពាន PFA Young Player ប្រចាំឆ្នាំ២០១៨

​អតីត​ខ្សែ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប West Brom លោក Cyrille Regis ដែល​ទទួលមរណភាព​ក្នុង​អាយុ ៥៩​ឆ្នាំ កាលពី​ខែមករា​កន្លងទៅ ឈ្នះ​ពានរង្វាន់  PFA Merit Award​។​

​ចំណែក កីឡាការិនី Fran Kirby ដែល​លេង​ឲ្យ​ក្លិប Chelseea បានឈ្នះ​ពាន Women’s Player of the Year ខណៈ​កីឡាការិនី Lauren Hemp នៃ​ក្លិប Bristol City ឈ្នះ​ពាន Women’s Young Player of the Year​។ អតីត​កីឡាការិនី Arsenal និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស  Kelly Smith MBE ទទួលបាន​ពាន PFA Special Achievement Award៕


​កីឡាការិនី Fran Kirby ខ្សែប្រយុទុទ្ធ Chelsea ណ្នះពាន Women's Player Of the year


កីឡាការិនី Lauren Hemp សមាជិកក្លិប Bristol City ឈ្នះពាន Women's Young Player


Tag:
 បាល់ទាត់​
  PFA Player of the Year
  Mohamed Salah
  Leroy Sane
© រក្សាសិទ្ធិដោយ thmeythmey.com