កីឡាអន្តរជាតិ
អន្តរជាតិ
​តើ​អ្នកណា​ត្រូវ​ជំនួស​តំណែង​លោក Arsene Wenger នៅ Arsenal?
23, Apr 2018 , 11:46 am        
រូបភាព
ដោយ: រួបរួម
​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​លោក Arsene Wenger កាលពី​ថ្ងៃទី​២០ ខែមេសា បានប្រកាស​ពី​ការចាកចេញ​ពី​ក្លិប Arsenal នៅ​ចុងរដូវ​កាល បន្ទាប់ពី​លោក​បាន​កាន់តំណែង​អស់​រយៈពេល​ជិត​២២​ឆ្នាំ​។



​សារព័ត៌មាន​អន្តរជាតិ និង​ទីផ្សារ​ភ្នាល់​ធំៗ បានលើកឡើង​ពី​សមាសភាព​មួយចំនួន​ដែល​អាច​មានឱកាស​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​កាំភ្លើង​ធំ បន្ត​ពី​លោក Arsene Wenger​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Ivan Gazidis បាន​អះអាង​នា​សន្និសីទ​នៅ Emirates Stadium ថា សមាសភាព​ថ្មីៗ នឹងមិន​ត្រូវបាន​ជ្រើសរើស​ភ្លាមៗ​នោះឡើយ ខណៈ​លោក Wenger ស្ថិតក្នុង​តំណែង​។ លោក Wenger ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ Arsenal ឈ្នះ West Ham ៤-១ កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិនមាន​បន្ទុក​ស្វែងរក​អ្នក​ជំនួស​ខ្លួន​នោះឡើយ​។​

​សមាសភាព​ដែល​ត្រូវបាន​គេ​គន់គូរ​មានដូចជា​៖

Patrick Vieira (​គ្រូបង្វឹក​ក្លិប New York City)៖ អតីត​ប្រធាន​ក្រុម Arsenal រូបនេះ​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​ឆ្នាំ​២០០៣-០៤ ដោយ​មិន​ចាញ់​មួយ​ប្រកួត​ណា​ឡើយ (Invincibles)​។ កាល​នៅ​ជាមួយ​កាំភ្លើង​ធំ Vieira ឈ្នះ​ពាន Premier League ៣​លើក និង FA Cup ៣​លើក​។​



Brendan Rodgers (​គ្រូបង្វឹក​ក្លិប Celtic)៖ ក្រោយ​ចាក​ចេញពី Liverpool អ្នកចាត់ការ​ទូទៅ​អៀរ​ឡង់​ខាងជើង​រូបនេះ ជួយ​ឲ្យ Celtic ឈ្នះ​ពាន​រហូតដល់​ទៅ​៣​នៅ​ស្កុ​តឡែ​ន នា​រដូវ​កាល ២០១៦-១៧ ពោលគឺ Scottish Premiership, Scottish Cup និង Scottish League Cup ។​



Joachim Loew (​គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់​)៖ សារព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី​បេក្ខភាព​លោក Loew ដែល​បាន​នាំ​អាល្លឺម៉ង់​ឈ្នះ World Cup​។ ប៉ុន្តែ​ឱកាស​មាន​ស្តួចស្តើង​ប៉ុណ្ណោះ ដោយសារតែ​លោក​ស្ថិតក្នុង​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ស្រប​ពេលដែល​អាល្លឺម៉ង់​កំពុង​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​នៅ​រុស្ស៊ី​។​



Carlo Ancelotti៖ បច្ចុប្បន្ន លោក​ស្ថិត​ភាព​ទំនេរ ប៉ុន្តែ​ប្រវត្តិ​ដឹកនាំ​របស់លោក​ពិត​ជាស​ក្តិ​សម​ខ្លាំងណាស់​សម្រាប់ Arsenal​។ គ្រូបង្វឹក​អ៊ីតាលី​រូបនេះ សុទ្ធតែ​បានតែ​ជោគជ័យ និង​ឈ្នះ​ពាន ពេល​ដឹកនាំ Juventus, AC Milan, Chelsea, Paris Saint-Germain, Real Madrid និង Bayern Munich​។​



Luis Enrique៖ ជា​អតីត​គ្រូបង្វឹក​ដែល​នាំ​ឲ្យ Barcelona ឈ្នះ​ពាន​បី​នា​ការដឹកនាំ​ដំបូង​នៅ​រដូវ​កាល ២០១៤-១៥ ។ ពោលគឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​២០១៧ គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ នាំ Barcelona ឈ្នះ​ពាន​រហូតដល់​ទៅ​៩ ក្នុងនោះ La Liga (២), Copa del Rey (៣) និង​ពាន Supercopa de Espana, UEFA Champions League, UEFA Super Cup និង FIFA Club World Cup​។​



Massimiliano Allegri (​គ្រូបង្វឹក Juventus)៖ បុរស​អ៊ីតាលី​រូបនេះ ជោគជ័យ​យ៉ាង​ធំធេង​នៅ​អ៊ីតាលី ដោយ​នាំ​ឲ្យ AC Milan លើក​ពាន​១​លើក និង Juventus ឈ្នះ​៣​លើក រួមទាំង​ពាន​ផ្សេងៗ​ទៀត​។ បន្ថែម​ពីលើ​នេះ លោក​បាន​នាំ​ឲ្យ​សេះបង្កង់ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ២​លើក ប៉ុន្តែ​សុទ្ធតែ​ខក​ឱកាស​លើក​ពាន​។​



Mikel Arteta (​ជំនួយការ​គ្រូបង្វឹក Manchester City)៖ ជា​អតីត​កីឡាករ​ឆ្នើម​នៅ Everton និង Arsenal ផ្ទាល់​។ បេក្ខភាព​របស់​អតីត​ខ្សែបម្រើ​រូបនេះ ក៏​ស្ថិតនៅ​បញ្ជី​របស់​អ្នក​ផ្គូរ​ផ្គង​ផងដែរ​។ ទោះបីជា​យ៉ាងណា​ក៏ បទពិសោធន៍​ដ៏​ក្មេងខ្ចី​របស់ Arteta ធ្វើ​ឲ្យ​គេ​វាយតម្លៃ​បាន​ថា ឱកាស​ហាក់​នៅ​ឆ្ងាយ​។​



Leonardo Jardim (​គ្រូបង្វឹក​ក្លិប Monaco)៖ មិន​ត្រឹមតែ​បាន​នាំ​ឲ្យ Monaco ឈ្នះ​ពាន Ligue 1 កាលពី​រដូវ​កាល​មុន គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ធ្លាប់បាន​ជោគជ័យ​ជាមួយ​ក្លិប​ផ្សេងទៀត​ដូចជា Camacha, Beira-Mar និង Olympicos ជាដើម​។​



Diego Simeone (​គ្រូបង្វឹក​ក្លិប Atletico Madrid)៖ កាន់តំណែង​ចាប់តាំងពី​ឆ្នាំ​២០១១​មក គ្រូ​អេ​ស្ប៉ា​ញ​រូបនេះ បាន​នាំ​ឲ្យ Atletico ឆ្ពោះទៅ​មុខជា​លំដាប់ ដោយបាន​ឈ្នះ​ពាន La Liga, Europa League ហើយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រហូតដល់​ទៅ​២​លើក​។ ប៉ុន្តែ​លោក​ទើបតែ​ចុះកិច្ចសន្យា​បន្ត​ជាមួយ​ក្លិប​រហូតដល់​ឆ្នាំ​២០២០ ។​



Manuel Pellegrini (​គ្រូបង្វឹក​ក្លិប Hebei China Fortune)៖ ធ្លាប់ជួយ​ឲ្យ Manchester City លើក​ពាន Premier League កាលពី​រដូវ​កាល​២០១៣-១៤ ហើយ​លោក​បាន​ជោគជ័យ​ធំធេង​ផងដែរ​ជាមួយ​ក្លិប​ជាច្រើន​នៅ​អា​ហ្ស​ង់​ទីន និង​អេ​ស្ប៉ា​ញ​។​



Thomas Tuchel៖ ជា​អតីត​គ្រូបង្វឹក Borussia Dortmund ដែល​ធ្លាប់​ជួប​ជាមួយ​ម្ចាស់​ក្លិប Arsenal លោក Gazidis​។ ប្រព័ន្ធ​លេង​ក្រោម​ការដឹកនាំ​របស់លោក Tuchel ត្រូវបាន​វាយតម្លៃថា ប្រហាក់ប្រហែល​នឹង​ប្រព័ន្ធ​របស់​កាំភ្លើង​ធំ​នាពេល​បច្ចុប្បន្ន​។​



Julian Nagelsmann (​គ្រូបង្វឹក​ក្លិប Hoffenheim)៖ លោក​ត្រូវបាន​ចាត់ទុកជា​គ្រូបង្វឹក​វ័យក្មេង​ជាងគេ​នៅ Bundesliga ដោយមាន​វ័យ​២៨​ឆ្នាំ​។ លោក​បាន​នាំ​ក្លិប​ទទួលបាន​កៅអី​នៅ Champions League​។ ទោះបីជា​លោក​វ័យក្មេង​ជាង​កីឡាករ Per Mertesacker ឬ Petr Cech ក៏ដោយ ប៉ុន្តែ​គេ​យល់ថា Nagelsmann ក៏​ជា​ជម្រើស​ល្អ​មួយ​ផងដែរ​។​



Thierry Henry (​ជំនួយការ​គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក​)៖ ជា​វីរបុរស Arsenal ក្នុងនាម​ជា​កីឡាករ ប៉ុន្តែ Henry ក៏ត្រូវ​បាន​គេ​វាយតម្លៃថា ជា​សមាសភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្នាក់​ផងដែរ ក្នុងការ​ដឹកនាំ​ក្លិប​កាំភ្លើង​ធំ​។​



Antonio Conte (​គ្រូបង្វឹក Chelsea)៖ ឈ្នះ​ពាន​៣​លើក​នៅ Juventus ហើយ​បាន​នាំ Chelsea គ្រោង​ជើងឯក​នៅ​អង់គ្លេស​កាលពី​រដូវ​កាល​មុន គ្រូបង្វឹក​អ៊ីតាលី​រូបនេះ ក៏​អាច​មានឱកាស​ទទួលបាន​ការងារ​ថ្មី​នៅ​ទីក្រុង​ឡុង​ដ៍​ដដែល​ផងដែរ​។​



Rafael Benitez (​គ្រូបង្វឹក Newcastle)៖ ជា​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​ដ៏​ពោរពេញ​ទៅដោយ​បទពិសោធន៍​។ ក្រៅពី​ជួយ Newcastle ឡើងទៅ​មកកាន់​ក្របខណ្ឌ​កំពូល លោក​មាន​ប្រវត្តិ​នាំ Extremadura និង Tenerife ឡើងកាន់​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​ផងដែរ​។ ក្រៅពី​ពាន​ក្នុងស្រុក លោក​ជាប់​ជា​គ្រូ​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​អឺរ៉ុប ដោយ​ជួយ​ឲ្យ Valencia ឈ្នះ​ពាន UEFA Cup, Liverpool បាន UEFA Champions League  និង UEFA Super Cup, Inter Milan ឈ្នះ FIFA Club World Cup និង Chelsea បាន UEFA Europa League​។ លោក​ក៏​រកបាន​ពាន​២​ទៀត​ឲ្យ Napoli ផងដែរ​។​



Claudio Ranieri (​គ្រូបង្វឹក Nantes)៖ គ្រូបង្វឹក​អ៊ីតាលី​រូបនេះ បានបង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ Emirates Stadium នា​អំឡុង​នៃ​ការប្រកួត​រវាង Arsenal និង West Ham​។ លោក​បាន​សាង​ប្រវត្តិសាស្ត្រ​នៅ Premier League ដោយ​ជួយ​ឲ្យ Leicester City លើក​ពាន​នៅ​រដូវ​កាល​២០១៥-១៦ ហើយ​លោក​ក៏បាន​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​ផងដែរ​។ ក្លិប​ដែល​លោក​ធ្លាប់​ដឹកនាំ​ជោគជ័យ​ផ្សេងទៀត​រួមមាន Cagliari, Fiorentina, Valencia និង Monaco៕




Tag:
 បាល់ទាត់​
  Arsenal
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com