ពីនេះ ពីនោះ
អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​មេគង្គ ទិញ​បក្សី​ដែល​ជាប់​មង​អ្នកនេសាទ យកទៅ​លែង​ក្នុង​ធម្មជាតិ​វិញ ក្នុងនោះ​ក៏មាន​ត្រ​យ៉ង​យក្ស​ផងដែរ
23, Apr 2018 , 7:19 pm        
រូបភាព
​បក្សី​ក្រសា​ប្រផេះ ត្រូវបាន​លែង​ចូលទៅក្នុង​ធម្មជាតិ​វិញ ដោយ​ក្រុមការងារ​ទេសចរណ៍​មេគង្គ​។ រូប​ថ​តៈ រមណីយ​ដ្នា​ន​បក្សី​មេគង្គ​
​បក្សី​ក្រសា​ប្រផេះ ត្រូវបាន​លែង​ចូលទៅក្នុង​ធម្មជាតិ​វិញ ដោយ​ក្រុមការងារ​ទេសចរណ៍​មេគង្គ​។ រូប​ថ​តៈ រមណីយ​ដ្នា​ន​បក្សី​មេគង្គ​
ដោយ:
​ស្ទឹងត្រែង​៖ កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ បក្សី​ក្រសា​ប្រផេះ​មួយ​ក្បាល ត្រូវបាន​ជាប់​មង​រប​ស់​អ្នកនេសាទ ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ វា​ហៀ​ប​តែ​នឹងត្រូវ​បាន​យកទៅ​សម្លាប់​ដើម្បី​ធ្វើ​ម្ហូប​ទៅហើយ តែ​ត្រូវបាន​សុំ​ទិញ​យកមក​លែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ដោយ​ក្រុមការងារ​ទេសចរណ៍​មេគង្គ​ក្នុងតម្លៃ ៥០០០០ (​ប្រាំ​ម៉ឺន​រៀល​) ពី​អ្នកនេសាទ​។



​បក្សី​ក្រសា​ប្រផេះ មានឈ្មោះ​វិទ្យាសាស្ត្រ (Ardea cinerea) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Grey Heron ជា​ប្រភេទ​សត្វ​ស្លាប​រស់នៅ​តំបន់ដីសើម​។ នៅ​ផ្នែក​ខាង​ខ្នង​របស់​ក្រសា​ប្រផេះ មាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ក្បាល និង​ក មាន​ពណ៌​ស​ព្រលែត ចំណែកឯ​បន្ទូលក្បាល មាន​រោម​កំប៉ោយ​វែង​ពណ៌​ខ្មៅ ចំពុះ​ពណ៌​លឿង ផ្នែក​ក្រោម​ស្លាបមាន​ពណ៌​ខ្មៅ មាន​ឆ្នូត​ពណ៌​នៅ​ចំ​កណ្តាល​។ ក្នុងពេល​មិន​បន្ត​ពូជ ចំពុះ​របស់​ក្រសា​ប្រផេះ​មាន​ពណ៌​លឿង និង​ប្តូរ​ទៅជា​ពណ៌​លឿងទុំ​វិញ ពេល​វា​បន្ត​ពូជ ដោយ​វា​ពង​ពេញ​មួយឆ្នាំ មួយ​លើក​ចំនួន​៣-៥​ស៊ុត​។

​លោក ថោង អូន ម្ចាស់​រមណី​ដ្ឋា​ន​បក្សី​មេគង្គ ដែល​បាន​ផ្តល់ព័ត៌មាន និង​រូបភាព ដល់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) project បាន​ឲ្យ​ដឹងថា​៖ «​សត្វ​ក្រសា​ប្រផេះ​នេះ វា​ជាប់​មង​របស់​អ្នកនេសាទ ដែល​ពួកគាត់​បម្រុង​យកទៅ​ធ្វើ​ម្ហូប​ទៅហើយ តែ​ដោយ​ការស្រឡាញ់ និង​ចង់​ចូលរួម​ជួយ​អភិរក្ស​សត្វ​ស្លាប​តាម​ដង​ទន្លេមេគង្គ បុគ្គលិក​របស់លោក​ដែលជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​មេគង្គ ក៏បាន​សុំ​ទិញ​ក្នុងតម្លៃ ៥០០០០ (​ប្រាំ​ម៉ឺន​រៀល​) ហើយក៏​លែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​។​

 


​សត្វ​បក្សី​ត្រ​យ៉ង​យក្ស ។ រូប​ថ​តៈ រមណីយ​ដ្នា​ន​បក្សី​មេគង្គ​

​ក្នុងនោះ​ផងដែរ លោក ថោង អូន ក៏បាន​រំលឹក​អំពី​សកម្ម​ភាពស្រដៀងគ្នា​នេះ​ផងដែរ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ក្រុម​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​មេគង្គ​របស់លោក​ដដែល ឈ្មោះ ហួត វិ​ទ្ធា​រ៉ា ក៏​ធ្លាប់បាន​ទិញ​សត្វ​បក្សី​ត្រ​យ៉ង​យក្ស យកទៅ​លែង​ម្តង​រួចមកហើយ​។ សត្វ​ត្រ​យ៉ង​យក្ស ដែលជា​ប្រភេទ​សត្វ​បក្សី​កម្រ​ជិត​ផុត​ពូជ និង​ជា​បក្សី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិខ្មែរ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ (Thaumatibis gigantea) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant ibis​។ បក្សី​ប្រភេទ​នេះ មាន​ចំនួន​ប្រហែល ២០០ ក្បាល​ប៉ុណ្ណោះ​ក្នុង​ពិភពលោក និង​មាន​រស់​នៅតែ​ក្នុងប្រទេស កម្ពុជា ឡាវ និង​វៀតណាម ប៉ុណ្ណោះ​។ ក្នុងនោះ ៩៩​ភាគរយ​នៃ​សត្វ​បក្សី​ត្រ​យ៉ង​យក្ស គឺ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ពិសេស​ក្នុង​តំបន់​រ៉ា​ម​សា​ទន្លេមេគង្គ ស្រុក​សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី​។​


© រក្សាសិទ្ធិដោយ thmeythmey.com