អត្ថបទពាណិជ្ជកម្ម
អម្រឹត ទទួលបាន​អាជ្ញា​បណ្ណ​សហការ​ជាមួយ អេ អាយ អេ ខេ​ម​បូ​ឌា​ដើម្បី​ណែនាំ​ការការពារ​ដល់​អតិថិ​ជន​របស់ខ្លួន​
23, Apr 2018 , 3:30 pm        
រូបភាព
​អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានទទួល​លិខិតអនុញ្ញាត​លេខ ធ ៧.០១៧.១០៩១ ឆត ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញា​បណ្ណ​លេខ ២២៩ សហវ​.​អ​ឧ​ហ​.​ធរ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការសហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ក្នុង​ការណែនាំ​ដំណោះស្រាយ​ធានារ៉ាប់រង​ជូនទៅ​កាន់​អតិថិជន​របស់ខ្លួន​។ អម្រឹត នឹង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) ដើម្បី​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​លើកស្ទួយ​សុខុមាលភាព​របស់​អតិថិជន​របស់ខ្លួន ទូទាំងប្រទេស​កម្ពុជា​។​

​ការសហការ​នេះ នឹង​ផ្តល់ជូន​អតិថិជន​របស់ អម្រឹត ប្រមាណ ៤​សែន​នាក់ នូវ​ឱកាស​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​ឈានមុខ​គេ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ដំណោះស្រាយ​ទាំងនោះ​រួមមាន​ជាពិសេស​នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ ដូចជា​ជំងឺមហារីក គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ជាដើម​។​
​លោក ជា ផល្លា​រិ​ន អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មានប្រសាសន៍ថា “​យើង​សូម​អរគុណ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ចំពោះ​ការអនុញ្ញាត ហើយ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំពោះ​ការផ្តល់​អាជ្ញា​បណ្ណ​នេះ​។ ចាប់ពីពេលនេះ​តទៅ យើង​អាចធ្វើ​ឲ្យ​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​យើង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ តាមរយៈ​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា​។​”

​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ក៏បាន​លើកឡើងថា “​យើង​រីករាយ​ចំពោះ​ការទទួលបាន​ឱកាស​ធ្វើ​ការសហការ​ជាមួយ អម្រឹត​។ អម្រឹត មាន​សាវតារ​យ៉ាង​ល្អ​ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​។ តាមរយៈ​ការចាប់​ដៃគូ​នេះ យើង​នឹង​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន អម្រឹត និង​គ្រួសារ​របស់គាត់ ឲ្យ​បាន​កាន់តែ​ប្រសើរ​”​។​

​អំពី អម្រឹត​

​អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ទៅដល់​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម និង​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម​នៅតាម​ទីជនបទ ទីប្រជុំជន​ស្រុក និង​ខេត្ត​។ អម្រឹត ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ដូចជា ឥណទាន​ក្រុម​ធានា ឥណទាន​បុគ្គល ឥណទាន​ខ្នាតតូច និង​មធ្យម គណនី​សន្សំ គណនី​សន្សំ​មាន​កាលកំណត់ សេវា​សន្សំ​ចល័ត សេវា​ផ្ទេរប្រាក់​រវាង​សាខា សេវា​ទូទាត់​វិក្កយបត្រ សេវា​ទូទាត់​រហ័ស និង​CSS​។ បច្ចុប្បន្ននេះ អម្រឹត មាន​បុគ្គលិក​ប្រមាណ​ជាង ៣.៩៨១​នាក់ ដែល​បាន​បម្រើ​អតិថិជន​សរុប​ប្រមាណ​ជាង​៤០០.២៩៦​នាក់ តាមរយៈ​ការិយាល័យ​ប្រតិបត្តិ​ចំនួន​១៥៦​សាខា ទូទាំងប្រទេស​កម្ពុជា ដែលមាន​ប្រាក់​បញ្ញើ​សរុប​ប្រមាណ​ជាង​៣៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សំពៀត​ឥណទាន​សរុប​ប្រមាណ​ជាង​៦៩៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ទ្រព្យសកម្ម​ប្រមាណ​ជាង ៨១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​អំពី អេ អាយ អេ ខេ​ម​បូ​ឌា​


​អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ចុះបញ្ជី​ជា​សាធារណៈ​ឯករាជ្យ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី និង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ​ទី​ពីរ​នៅលើ​ពិភពលោក​ដោយយោង​តាម​ទីផ្សារ​មូលធននីយកម្ម​។​

​សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ ៩៧ ភាគរយ​នៅ​សិរី​លង្កា ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម ៤៩ ភាគរយ​នៅ​ឥណ្ឌូនេស៊ី និង​ការិយាល័យ​តំណាង​នៅ​មី​យ៉ាន់​ម៉ា​។ AIA គឺជា​ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (​លើកលែង​ជប៉ុន​) ដោយយោង​លើ​បុព្វលាភ​ធានារ៉ាប់រង​ជីវិត និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភាគច្រើន​របស់ខ្លួន​។ AIA មានទ្រព្យ​សរុប ២១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧​។ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ច្រើនជាង ៣០​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើនជាង ១៦​លាន​នាក់​។​

​អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ត្រូវ​គ្នា​នឹង​តម្រូវការ​សម្រាប់​ការការពារ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុងតែ​កើនឡើង​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើក​កំពស់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានយូរ​អង្វែង​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com