កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​, បឹងកេត បន្ត​មិន​ស្គាល់​ចាញ់ រីឯ​ស្វាយរៀង​ផ្តល់​ភាពជូរចត់​ដល់​ភ្នំពេញ​ក្រោ​ន​
23, Apr 2018 , 4:01 pm        
រូបភាព
បឹងកេតប្រកួតជាមួយក្រសួងការពារជាតិនៅពហុកីឡដ្ឋានជាតិ
បឹងកេតប្រកួតជាមួយក្រសួងការពារជាតិនៅពហុកីឡដ្ឋានជាតិ
ដោយ:
​ណាហ្គា​វើ​ល និង​បឹងកេត​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​មិនទាន់​ស្គាល់​ចាញ់ ក្រោយ​ពួកគេ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ប្រកួត​សប្តាហ៍​ទី​៥​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ នា​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមេសា ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន ជាមួយ​ជ័យជម្នះ ៦-៣​។ បច្ចុប្បន្ន ណាហ្គា​វើ​ល​កំពុង​ឈរ​កំពូល​តារាង ខណៈ​បឹងកេត វិសាខ និង​អគ្គស្នងការ​នគរបាល​ជាតិ​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។​



​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ការប្រកួត​សប្តាហ៍​ទី​៥​កាលពី​សប្តាហ៍​មុន ណាហ្គា​វើ​ល និង​បឹងកេត​បាន​ក្លាយជា​ក្រុម​ដែល​មិនទាន់​ស្គាល់​ចាញ់​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ ក្នុងចំណោម​៥​ប្រកួត​កន្លងមក ណាហ្គា​វើ​ល និង​បឹងកេត​បានបញ្ចប់​ក្នុង​លទ្ធផល​ឈ្នះ​៤ និង​ស្មើ​១​លើក​ដូចគ្នា​។

​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃអាទិត្យ ទី​២២ មេសា ឆ្នាំ​២០១៨ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-០ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥ ដោយមាន​១៣​ពិន្ទុ​។ ជ័យជម្នះ​នេះ រួមចំណែក​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ សុះ ស៊ូ​ហា​ណា​, ខ្សែបម្រើ​ជប៉ុន Tatsuro Inui និង​កីឡាករ គួច ដា​នី​។​

​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ មេសា ឆ្នាំ​២០១៨ ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​២ ដោយមាន​១៣​ពិន្ទុ​។ ពីរ​គ្រាប់​របស់​បឹងកេត រកបាន​គ្រាប់​ដោយ​កីឡាករ Julius Oiboh និង Maycon Calijuri​។



​ព្រះខ័ន​រាជ​ស្វាយរៀង​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ជាមួយ​ជ័យជម្នះ ៦-៣ លើ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​។ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២២ មេសា កីឡាករ Whoo Hyun បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​៧​នាទី​ដំបូង​ដើម​វគ្គ​ទី​១​។ ៥​នាទី​ក្រោយមក​កីឡាករ ហួយ ផល្លី​ន បានសម្រេច​គ្រាប់​ទី​២​សម្រាប់​ស្វាយរៀង​។ 

​ខ្សែការពារ​ជប៉ុន Atsushi Shirota បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ២-១ សម្រាប់​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​២៥ មុន ហួយ ផល្លី​ន សម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ សម្រាប់​ស្វាយរៀង​នៅ​នាទី​ទី​៣១​។ ការប្រកួត​ដំណើរការបាន​៤​នាទី​ខ្សែការពារ នេន សុធា​រ័ត្ន បាន​បន្ថែម​មួយគ្រា​ប់​ទៀត​សម្រាប់​ម្ចាស់ផ្ទះ​ស្វាយរៀង​។

៦​នាទី​ដើម​វគ្គ​ទី​២​ខ្សែបម្រើ អ៊ិន សូ​ដា​វីដ បានសម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៤-២ សម្រាប់​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន តែ​ត្រូវ​កីឡាករ Caeasar Trevin សម្រេចបាន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៦២ និង​៧៣ ដើម្បី​បង្កើន​ការនាំ​មុខ ៦-២ សម្រាប់​ស្វាយរៀង​។ ការប្រកួត​ដំណើរការបាន​៤​នាទី​កីឡាករ ម៉ៅ ពិសិដ្ឋ បានសម្រេច​គ្រាប់​ទី​៣​សម្រាប់​ភ្នំពេញ​ក្រោ​ន​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ៦-៣ រហូត​ចប់​វគ្គ​ទី​២​។

​ជាមួយគ្នានេះ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-១​។ ៣​គ្រាប់​របស់​អង្គ​រថា​យ​ហ្គឺ​រស​ម្រេច​ពីរ​គ្រាប់​ដោយ​កីឡាករ Kazutero Okamoto និង​១​គ្រាប់​ដោយ​កីឡាករ តាំង សុភ័ក្ត្រ ខណៈ​មួយ​គ្រាប់​របស់​អគ្គិសនី​កម្ពុជា​រកបាន​ដោយ​កីឡាករ សួន វាសនា​។

​ក្រុម​ចំណូល​ថ្មី​វិសាខា​បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​១០​ពិន្ទុ ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៣-០​។ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រោយ​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ២-១ ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​១០​ពិន្ទុ​ដូចគ្នា​៕     


Tag:
 Cambodian League 2018
  បឹងកេត​
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com