ក្រុមកីឡាបាល់ទាត់ជម្រើសជាតិទុយនីស៊ី ដែលបានកៅអីទៅរុស្ស៊ីឆ្នាំ២០១៨ សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup លើកទី២២ ស្ថិតនៅពូល G ត្រូវជួបជាមួយក្រុមខ្លាំងពីទ្វីបអឺរ៉ុបពីរគឺ បែលហ្ស៊ិក និងអង់គ្លេស រួមទាំងប៉ាណាម៉ាពីអាមេរិកកណ្តាល។
គ្រូបង្វឹក៖ Nabil Maâloul (ទុយនេស៊ី)
Maâloul ធ្លាប់ជាកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិទុយនីស៊ីនៅទសវត្សរ៍៨០-៩០។ លោកបានឡើងកាន់តំណែងជាគ្រូបង្វឹកនៅខែមេសា ឆ្នាំ២០១៧ ក្រោយចាកចេញពីជម្រើសជាតិកូវ៉ែត។ គ្រូបង្វឹកសញ្ជាតិទុយនេស៊ី វ័យ៦០ឆ្នាំរូបនេះ ធ្លាប់នាំក្លិប Esperance de Tunis ឈ្នះជើងឯកពានរង្វាន់កំពូលទ្វីបអាហ្វ្រិក (CAF Champions League) នៅឆ្នាំ២០១១។ Maâloul ក៏ជាអ្នកត្រួសត្រាយផ្លូវទុយនីស៊ី ឲ្យវិលត្រឡប់ទៅ World Cup វិញដែរក្រោយអវត្តមាន២លើកចុងក្រោយនេះ។
កីឡាករឆ្នើម៖ Wahbi Khazri
Wahbi Khazri ជាតួអង្គសំខាន់មួយរូបដែលអាចជួយទុយនីស៊ីឲ្យវិលត្រឡប់ទៅកាន់ការប្រកួត World Cup ជាថ្មីម្តងទៀត បន្ទាប់ពីអវត្តមាន១២ឆ្នាំ។ ក្នុងចំណោមការបង្ហាញខ្លូនដ៏គួរឲ្យកត់សម្គាល់ក្នុងអំឡុងការប្រកួតជម្រុះកន្លងទៅ ខ្សែបម្រើក្លិប Stade Rennais រូបនេះ អាចរកគ្រាប់បាល់ដ៏សំខាន់ទល់នឹងក្រុមម៉ូរីតានី ក៏ដូចជាគ្រាប់បាល់ជ័យជម្នះលើក្រុមលីប៊ី។
ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី៥ សម្រាប់ក្រុមជម្រើសជាតិទុយនីស៊ីបន្ទាប់ពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៧៨ និងចុងក្រោយឆ្នាំ២០០៦។ ក្នុងការបង្ហាញខ្លួន៤លើកកន្លងមកក្រុមដែលបានកៅអីពីតំបន់អាហ្វ្រិកមួយនេះមិនធ្លាប់ឆ្លងផុតវគ្គចែកពូលឡើយ។ ទុយនីស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី ២៧ ពិភពលោក ក្នុងតារាង FIFA Ranking៕
កម្មវិធីប្រកួត៖
- ១៩ មិថុនា៖ ទុយនេស៊ី Vs អង់គ្លេស (ម៉ោង ១អធ្រាត្រ ម៉ោងនៅកម្ពុជា)
- ២៣ មិថុនា៖ បែលហ្ស៊ិក Vs ទុយនេស៊ី (ម៉ោង ៧យប់)
- ២៩ មិថុនា៖ ប៉ាណាម៉ា Vs ទុយនេស៊ី (ម៉ោង ១អធ្រាត្រ)