អន្តរជាតិ
សេដ្ឋីអាមេរិកផ្តល់វិភាគទាន ៤,៥លានដុល្លារសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល
× សេដ្ឋីអាមេរិកលោក Michael Bloomberg ប្រកាសផ្តល់ថវិកា ៤,៥ លានដុល្លារអាមេរិកដើម្បីគាំទ្រកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីស។ លោកចង់បង្ហាញឲ្យឃើញថា ទោះរដ្ឋាភិបាលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្តី ប្រជាជនអាមេរិកនៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល។
អតីតចៅហ្វាយក្រុងញូវយ៉ក និងមហាសេដ្ឋី Michael Bloomberg បានសម្រេចបរិច្ចាកថវិកាផ្ទាល់ខ្លួនក្នុងទំហំ ៤,៥ លានដុល្លារអាមេរិកនៅថ្ងៃអាទិត្យទី ២២ ខែមេសា ទៅកាន់អគ្គលេខាធិការដ្ឋានប្រែប្រួលអាកាសធាតុ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS លោក Bloomberg បានថ្លែងដូច្នេះថា៖ «អាមេរិកមានការប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។ បើសិនរដ្ឋាភិបាលមិនធ្វើទេ យើងទាំងអស់គ្នាមានទំនួលខុសត្រូវ»។
«ខ្ញុំអាចធ្វើបាន។ ដូច្នេះ ខ្ញុំនឹងបញ្ជូនមូលប្បទានប័ត្រ (check) ទៅឲ្យអគ្គលេខាធិការដ្ឋានប្រែប្រួលអាកាសធាតុ តាមការសន្យារបស់សហរដ្ឋអាមេរិក ហើយវាប្រៀបដូចជាគេទទួលបានលុយពីរដ្ឋាភិបាលសហព័ន្ធដូច្នេះដែរ»។
ខែមិថុនាឆ្នាំមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ ២០១៥ ដោយលោក ត្រាំ និយាយថា ការប្រែប្រួលអាកាសធាតុជារឿងបោកប្រាស់ដែលបង្កើតឡើងដោយចិន ហើយលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអ្នកជំនួញដែលបើកឧស្សាហកម្មធ្យូងថ្មនោះ។
ក្នុងនាមជាប្រទេសបំពុលបរិយាកាសខ្លាំងគេមួយ អាមេរិកក្លាយជាប្រទេសតែមួយលើលោកដែលមិនមែនជាសមាជិកកិច្ចព្រមព្រៀងសាកល។ បច្ចុប្បន្នប្រទេស ១៩៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ខណៈដែលប្រទេស ១៧៥ហើយបានក្លាយជាប្រទេសសមាជិកផ្លូវការ។ សមាជិកទាំងអស់ឯកភាពគ្នាថា វានឹងមានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចនៅត្រឹមឆ្នាំ ២០៣០ និងប្តេជ្ញាទប់ស្កាត់កុំឲ្យកម្តៅផែនដីឡើងផុត ២ អង្សាសេនៅត្រឹមឆ្នាំ ២១០០។
តាមពិតទៅ ក្រោមកិច្ចព្រមព្រៀងនេះ សហដ្ឋអាមេរិកបានសន្យាជួយផ្តល់វិភាគទាន បីពាន់លានដុល្លារសម្រាប់គាំទ្រមូលនិធិអាកាសធាតុបៃតង ( Green Climate Fund) ខណៈដែលគេរំពឹងថា ប្រទេសធំៗនឹងអាចប្រមែប្រមូលបានថវិកា ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០ ដើម្បីជួយប្រទេសតូចៗ និងកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកសធាតុសាកលនេះដែរ។ ប៉ុន្តែក្រោយលោក ត្រាំ ប្រកាសបញ្ចប់សមាជិកភាពរបស់អាមេរិកក្នុងកិច្ចព្រមព្រៀងនេះ គេបារម្ភចំពោះការផ្តល់វិភាគទានរបស់អាមេរិកទៅក្នុងមូលនិធិប្រែប្រួលអាកាសធាតុនេះផងដែរ។
កន្លងមកលោក Bloomberg បានប្រមែរប្រមូលការចូលរួមពីសំណាក់បណ្តាក្រុមជំនួញ និងមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើន ដើម្បីធ្វើយ៉ាងណាបង្ហាញទៅពិភពលោកថា អាមេរិកនៅតែបន្តប្រឹងប្រែងបំពេញសកម្មភាពឲ្យស្របតាមកិច្ចព្រមព្រៀងអន្តរជាតិនេះ ទោះជារដ្ឋបាលលោក ត្រាំ ដើរចេញក៏ដោយ។ លោក Bloomberg សង្ឃឹមថា លោក ត្រាំ នឹងប្តូរចិត្ត ហើយត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនេះវិញ មុននឹងកាលកំណត់បង់វិភាគទាននេះចូលមកដល់នៅឆ្នាំក្រោយ៕
Tag:
ប្រែប្រួលអាកាសធាតុ
មូលនិធិអាកាសធាតុបៃតង
Michael Bloomberg
© រក្សាសិទ្ធិដោយ thmeythmey.com