អន្តរជាតិ
UN ៖​ពិភពលោក​ប្រឈម​ការគំរាមកំហែង​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​កាន់តែខ្លាំង​
24, Apr 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ការគំរាមកំហែង​ដោយ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​កើនឡើង​ខ្លាំង​នៅពេល​បច្ចុប្បន្ន ដែល​វា​ជាស​ញ្ញា​អាក្រក់​ចំពោះ​ពិភពលោក​។ មហាអំណាច​នុយក្លេអ៊ែរ​បន្ត​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​បន្តបន្ទាប់ បើទោះជា​ពួកគេ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ហាមឃាត់​ការ​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។



​លោកស្រី Izumi Nakamitsu តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ទី ២៣ ខែមេសា​ថា ការគំរាមកំហែង​ដោយ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅលើ​ពិភពលោក​ក្លាយជា​បញ្ហា​ប្រឈម​ធំ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្នុង​វេទិកា​កិច្ចប្រជុំ​នៅ​ក្រុង​ហ្សឺ​ណែវ​ស្តីពី​ការត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) លោកស្រី​បាន​ថ្លែង​ដូច្នេះ​ថា ៖ «​ការគំរាមកំហែង​ដោយ​ការ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដោយ​ចេតនា​កំពុង​កើនឡើង​ខ្លាំង​។ វោហា​សព្ទ​ជុំវិញ​ភាពចាំបាច់​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​កើនឡើង​ដូចគ្នា​»​។

​អ្នកជំនាញ​រូបនេះ​ព្រមាន​ថា បណ្តា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​កំពុង​បន្តធ្វើ​ទំនើបកម្ម​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​វា​ក៏​នាំ​ឲ្យ​មានការ​ប្រឈមមុខ​ជាថ្មី​នៃ​ការ​ប្រណាំងប្រជែង​សព្វាវុធ​ដូចគ្នា​។ វា​ប្រៀបដូចជា​ពេលវេលា​នៅ​សម័យ​សង្គ្រាមត្រជាក់​មុនពេល​កិច្ចព្រមព្រៀង NPT នេះ​ត្រូវបាន​បង្កើតឡើង​ដែរ​។ ប៉ុន្តែ​លោកស្រី​ក៏​កត់សម្គាល់​ដែរ​ពី​ការប្រឹងប្រែង​របស់​បណ្តា​ប្រទេស​មហាអំណាច​ក្នុងការ​បន្ត​ចរចា​គ្នា​លើ​ការគ្រប់គ្រង​អាវុធ​និង​រំសាយ​សព្វាវុធ​សាកល​ផង​។​

​តាមពិតទៅ​មហាអំណាច​ប្រាំ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បារាំង អង់គ្លេស រុស្ស៊ី ចិន និង​អាមេរិក​សុទ្ធតែជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ការពារ​កា​រ​រី​សាយ​ភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​នេះដែរ​។ ប៉ុន្តែ​មហាអំណាច​ទាំង​ទីនេះ​នៅតែ​បន្តធ្វើ​ទំនើបកម្ម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្លួន និង​បន្ត​រក្សាទុក​អាវុធ​នុយក្លេអ៊ែរ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់ខ្លួន​ផង​។ ដូច​ឃើញស្រាប់ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ធ្វើ​ទំនើបកម្ម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​កាលពី​ថ្មីៗ​នេះ ដែល​វា​បង្ក​ភាពងាយស្រួល​ដល់​ការប្រើប្រាស់​អាវុធ​នេះ​ផងដែរ​។​

​វេទិកា​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ស្តីពី​ការហាមឃាត់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ឆ្នាំ ២០២០ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កូ​រ៉​ខាងជើង ប្រកាស​បោះបង់ចោល​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ និង​រំសាយ​អាវុធ​ផង​។ កូរ៉េខាងជើង​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នេះ​កាលពី ១៥ ឆ្នាំមុន​។

​អ្នកតំណាង​អង្គការសហប្រជាជាតិ​រូបនេះ​បាន​សាទរ​ចំពោះ​ការវិវត្តន៍​នៃ​ស្ថានភាព​នេះ ហើយ​រំពឹងថា វា​នឹង​រួមចំណែក​ដល់​ការកសាង​ទំនុកចិត្ត​រវាង​គូភាគី និង​ជួយ​ដល់​ការសន្ទនា​គ្នា​នៅពេល​ខាងមុខ​ជុំវិញ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ផង​៕


Tag:
 NPT
  នុយក្លេអ៊ែរ​
  UN
  Izumi Nakamitsu
© រក្សាសិទ្ធិដោយ thmeythmey.com