ជាតិ
នយោបាយជាតិ
ឌូទើតេ ជិះយន្តហោះឯកជនធុនតូចទៅប្រជុំអាស៊ាននៅសិង្ហបុរី ព្រោះចំណាយលុយរដ្ឋតិច
× ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ សម្រេចជិះយន្តហោះឯកជនធុនតូចដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ នៅប្រទេសសិង្ហបុរីសប្តាហ៍នេះ។ អ្នកនាំពាក្យប្រធានាធិបតីបានបញ្ជាក់ថា ប្រធានាធិបតីចង់សន្សំសំចៃព្រោះការជិះយន្តហោះរដ្ឋទៅចូលរួមប្រជុំត្រូវចំណាយអស់ច្រើនណាស់។
វាជាលើកដំបូងបំផុតហើយសម្រាប់ប្រធានាធិបតីហ្វីលីពីនដែលជិះយន្តហោះឯកជនធុនតូចទៅចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ក្នុងនាមជាប្រមុខរដ្ឋប្រទេសមួយនោះ។ ប្រមុខរដ្ឋហ្វីលីពីនលោក ឌូទើតេ យល់ថា វាជារឿងចាំបាច់ ព្រោះយ៉ាងហោចណាស់វាកាត់បន្ថយការចំណាយរបស់រដ្ឋបានច្រើនក្រាស់ក្រែលដែរ។
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីត្រូវបានស្រង់សម្តីដោយសារព័ត៌មានហ្វីលីពីន Philippine Star ថា យន្តហោះដែលលោក ឌូទើតេ ជិះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសិង្ហបុរីនោះជាប្រភេទយន្តហោះធុនតូចមានប្រាំបីកៅអីប៉ុណ្ណោះ។ លោក ឌូទើតេ នឹងធ្វើដំណើរចេញពីក្រុង Davao ទៅកាន់សិង្ហបុរីផ្ទាល់ដោយចំណាយពេលត្រឹមពីរម៉ោងប៉ុណ្ណោះ។
លោក Roque បាននិយាយដូច្នេះ៖ «វាមិនមែនជាការធ្វើដំណើររយៈចម្ងាយឆ្ងាយឡើយ ហើយវាជាយន្តហោះមានកៅប្រាំបីប៉ុណ្ណោះ។ ខ្ញុំគិតថា ក្រៅពីជំនួយការពិសេសរបស់ប្រធានាធិបតីគឺលោក Bong Go វាមានមន្ត្រីជាន់ខ្ពស់ខ្លះ និងអ្នកពាក់ព័ន្ធមួយចំនួនដូចជាគ្រូពេទ្យប៉ុណ្ណោះ»។
អ្នកនាំពាក្យប្រធានាធិបតីរូបនេះកត់សម្គាល់ផងដែរថា កិច្ចប្រជុំនេះមិនត្រូវការប្រតិភូច្រើនឡើយលើកលែងតែកិច្ចប្រជុំចុងឆ្នាំដែលមានកិច្ចប្រជុំសំខាន់ផ្សេងគ្នាច្រើន។ ដូច្នេះហើយ វាត្រូវមានការចំណាយតិចព្រោះប្រតិភូហ្វីលីពីនមានចំនួនតិច ហើយយន្តហោះធុនតូចទៀត។
«វាអស់លុយច្រើនណាស់បើសិនយើងប្រើប្រាស់យន្តហោះធំមួយគ្រឿងនោះ ហើយចំនួនប្រតិភូកាន់តែតិច មានន័យថា យើងចំណាយលុយរដ្ឋកាន់តែតិចដែរ»។
លោក ឌូទើតេ នឹងចាកចេញពីហ្វីលីពីនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទីពីរនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសុក្រទី ២៧ ខែមេសា ហើយលោកនឹងចូលរួមក្នុងកម្មវិធីអាហារការងារពេលល្ងាច និងកិច្ចប្រជុំចង្អៀតមេដឹកនាំអាស៊ានផងនៅថ្ងៃសៅរ៍។ មូលបទនៃកិច្ចប្រជុំអាស៊ានដែលមានសិង្ហបុរីជាប្រធានឆ្នាំនេះគឺ «ភាពរឹងមាំ និងការច្នៃប្រឌិតថ្មី» ហើយសិង្ហបុរីនឹងជំរុញឲ្យមានការបង្កើតបណ្តាញទីក្រងឆ្លាត និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកស្ទួយជីវភាពប្រជាជនអាស៊ានផងដែរ។
ក្រៅពីនេះ ប្រធានបទជាច្រើនដែលនឹងត្រូវលើកយកមកពិភាក្សាគ្នារវាងមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនេះជាពិសេសសង្គម សេដ្ឋកិច្ច និងសន្តិសុខតំបន់ ក៏ដូចជាពិភពលោកដែរ។ ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង វិបត្តិរ៉ូហ៊ីងយ៉ា នុយក្លេអ៊ែរកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀតនឹងក្លាយជាប្រធានបទសំខាន់ជាងគេក្នុងកិច្ចប្រជុំនេះដែរ៕
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
កិច្ចប្រជុំកំពូលអាស៊ាន
Harry Roque
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com