ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖«​ព្រឹទ្ធសភា​ថ្មី ដែល​គ្រប់គ្រង​ដោយ​បក្ស​តែមួយ គឺ​បំផ្លាញ​ប្រជាធិបតេយ្យ​»
24, Apr 2018 , 1:53 pm        
រូបភាព
លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​លោក សម  រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បន្ត​រិះគន់​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​សមាជិក​ស្ទើរតែ​១០០​ភាគរយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​បំផ្លាញ​ប្រជា​ធិ​ប​ត្យេ​នៅ​កម្ពុជា​។ ការរិះគន់​ធ្ងន់ៗ​សាជាថ្មី​បែបនេះ​របស់លោក​សម រង្ស៊ី គឺធ្វើឡើង​ក្រោយពី​ព្រឹទ្ធសភា បើក​សម័យប្រជុំ​ពេញអង្គ​ជា​លើកដំបូង នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ប្រកាស​សុពល​ភាពជា​ផ្លូវ​ការជូន​សមាជិក​ទាំង​៦២​រូប ហើយ​បោះឆ្នោត​គាំទ្រ​សម្តេច សាយ ឈុំ ឲ្យ​បន្ត​ធ្វើជា​ប្រធាន សម្រាប់​នីតិកាល​ថ្មី​។

 

​អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​និរទេស បាន​សរសេរ​សារ​ជា​ភាសា​អង់គ្លេស លើ​បណ្តាញ​សង្គម Twitter ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ការបង្កើត​ព្រឹទ្ធសភា​ថ្មី គឺជា​ផ្នែក​មួយ​នៃ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ប្រទេស​នេះ​កំពុងតែ​វិលត្រឡប់​មកវិញ​នូវ​ប្រព័ន្ធ​ឯក​បក្ស​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​មិនទាន់​បញ្ចេញ​ប្រតិកម្ម ទៅនឹង​ការលើកឡើង​របស់លោក សម រង្ស៊ី នោះទេ​។ ប៉ុន្តែ​កន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ដោយ​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​។ 

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ធ្លាប់​អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ប្រព្រឹត្ត​ទៅតាម​លក្ខណ​ប្រជាធិបតេយ្យ សេរី និង​យុត្តិធម៌​។ លោក បាន​រិះគន់​ត្រឡប់​ទៅវិញ ចំពោះ​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន ដែល​សម្តែង​ការមិន​ពេញ​ចិត្តនឹង​ការបោះឆ្នោត​អសកល​នេះ​។

​លោក សុខ ឥសាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ភាគច្រើន​ក្នុង​ស្ថាប័នព្រឹទ្ធសភា ដូច្នេះ​ការងារ​របស់​ព្រឹទ្ធសភា កាន់តែ​ដំណើរការ​ដោយ​រលូន ដោយសារ​គ្មាន​គណបក្សប្រឆាំង ចាំតែ​ជំទាស់ និង​យកជើងរាទឹក​ដូចពេលមុន​ទៀត​ទេ​។ ការ​ដែលគណបក្សប្រជាជនកម្ពុជា មាន​សំឡេង​ច្រើន​លើសលុប​ក្នុង​ស្ថាប័នព្រឹទ្ធសភា គឺ​ដោយសារ​ឆន្ទៈ​ប្រជាជន​កម្ពុជា  គ្មាន​អ្នកណា​មាន​សិទ្ធិ​រំលោភ​ឆន្ទៈ​ប្រជាជន​កម្ពុជា​ជាដាច់ខាត​»​។

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពុំមាន​គណបក្សប្រឆាំង​ធំ ចូលរួម​នោះទេ​។ ជា​លទ្ធផល គណបក្សកាន់អំណាច ទទួលបាន​អាសនៈ​ទាំង​៥៨​ក្នុង​ព្រឹទ្ធសភា ដែល​កើតឡើង​ពី​ការបោះឆ្នោត​អសកល​នេះ​។ ឯ​គណបក្ស​ផ្សេងទៀត រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​បាន​ចូលរួម​ដែរនោះ ពុំបាន​ទទួល​អាសនៈ​ឡើយ​។

​ប៉ុន្តែ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានភ័ព្វ​សំណាង​បានទទួល​អាសនៈ​២​ក្នុង​ព្រឹទ្ធសភា តាមរយៈ​ការយល់ព្រម​របស់​រដ្ឋ​សភា​។ តាម​រដ្ឋធម្មនុញ្ញ រដ្ឋសភា មាន​សិទ្ធ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​២​រូប ហើយ​២​រូប​ទៀត ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ​។

​សម្រាប់​នីតិកាល​ទី​៤​នេះ សមាជិក​ព្រឹទ្ធសភា​សរុប មាន​៦២​រូប ដែល​កាលពី​នីតិកាល​មុន មាន​ត្រឹមតែ​៦១​រូប​៕   

អត្ថបទទាក់ទង



Tag:
 ព្រឹទ្ធសភា​
  សម រង្ស៊ី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com