កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ជំនួស Wenger អាច​បាន​កញ្ចប់​លុយ​ជាង ៦០​លាន​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ទិញដូរ​កីឡាករ​
24, Apr 2018 , 2:21 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Arsenal រូប​ណា​ដែល​មក​ជំ​នួស​តំណែង​លោក Arsene Wenger នឹងត្រូវ​ទទួលបាន​ប្រាក់​តែ ៥០​លាន​ផោន (​ប្រហែល​ ៦៩​លាន​ដុល្លារ​) តែប៉ុណ្ណោះ​ដើម្បី​រុះរើ​កីឡាករ​ថ្មី​នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ DailyMail​។​



​បន្ទាប់ពី​ការប្រកាស​ចាកចេញ​រប​ស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង Arsene Wenger ពី​កាំភ្លើង​ធំ នៅ​បញ្ចប់​រដូវ​កាល​នេះ កាលពី​ថ្ងៃទី​២០ ខែមេសា បន្ទាប់ពី​កាន់កាប់​តំណែង​អស់​រយៈពេល ២២​ឆ្នាំ​នោះ ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ ក៏បាន​ប្រកាស​ពី​ខ្ទង់ចំណាយ​របស់ខ្លួន​លើ​ការ​ទិញដូរ​កីឡាករ​នៅពេល​ទីផ្សារ​កីឡាករ​បើក​សម្រាប់​រដូវ​កាល​ថ្មី ក្នុង​រង្វង់​ទឹកប្រាក់​ត្រឹម​៦៩​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​បន្ទាប់ពី​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងការ​វិនិយោគ​លើ​កីឡាករ​ក្នុង​រយៈពេល​ព​២​ឆ្នាំ​ចុងក្រោយ​តែ​មិន​ទទួលបាន​លទ្ធផល​សម​ប្រកប​នោះ ទើប​ធ្វើ​ឲ្យ​ក្លិប​នេះ​ត្រូវ​ទប់ស្កាត់​ការចំណាយ​វិញ​នៅ​រដូវ​កាល​បន្ទាប់ ដែល​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រូ​ថ្មី​ដើម្បី​រៀបចំ និង​រុះរើ​កីឡាករ​មួយចំនួន​។​

​សារព័ត៌មាន​អន្តរជាតិ និង​ទីផ្សារ​ភ្នាល់​ធំៗ ក៏បាន​លើកឡើង​ពី​សមាសភាព​មួយចំនួន​ដែល​អាច​មានឱកាស​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​កាំភ្លើង​ធំ បន្ត​ពី​អ្នកចាត់ការ​បារាំង​វ័យ​៦៨​ឆ្នាំ​ដែរ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក្តី លោក Ivan Gazidis ដែលជា​ប្រធាន​ក្លិប​នេះ បាន​អះអាងថា សមាសភាព​ថ្មីៗ នឹងមិន​ត្រូវបាន​ជ្រើសរើស​ភ្លាមៗ​នោះទេ ខណៈ​លោក Wenger ស្ថិតក្នុង​តំណែង​នៅឡើយ​។​

​សមាសភាព​ដែល​សារព័ត៌មាន​ល្បីៗ​ទាំងនោះ​លើកឡើង រួមមាន​លោក Luis Enrique អតីត​អ្នកចាត់ការ Barcelona ដែល​ត្រូវបាន​គេ​មើលឃើញថា​កំពុង​នាំមុខគេ​ក្នុងការ​ជំនួស​កៅអី​លោក Wenger​។ លោក Joachim Low គ្រូ​ជម្រើសជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន​, Carlo Ancelotti ដែល​បច្ចុប្បន្ន​នៅ​ទំនេរ​ពី​ការងារ​, Massimiliano Allegri គ្រូបង្វឹក Juventus, Leonardo Jardim គ្រូបង្វឹក​ក្លិប Monaco និង Patrick Vieira គ្រូបង្វឹក​ក្លិប New York City ជាដើម​នោះ ក៏​ស្ថិតក្នុង​បញ្ជី​ដែរ​៕
អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Arsene
  Wenger Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com