ជាតិ
សេដ្ឋកិច្ច
ការអនុគ្រោះ​ពន្ធ​៖ CPP ចំអក​ថា អាមេរិក​លើក​ញញួរ​យក្ស​វាយ​បក្សប្រឆាំង​
24, Apr 2018 , 3:53 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្ដើម​មាន​ទឹកមាត់ប្រៃ​ឡើងវិញ សម្រាប់​ចំអក​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​រក​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ សម្តី​បែប​ផ្លែផ្កា​របស់​គណបក្ស​ប្រជា​ជននេះ កើតឡើង​ក្រោយពី​អាមេរិក ប្រកាស​បន្ត​ការអនុគ្រោះ​ពន្ធ​ទូទៅ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ រហូតដល់​ឆ្នាំ​២០២០​។​



​វា​ជា​រឿង​ល្អ​មួយ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទូទៅ​បន្តទៀត ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​។ ការសម្រេច​របស់​អាមេរិក​នេះ បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ហាក់​មាន​ជំនឿ​កាន់តែខ្លាំង​ថា អ្វីដែល​រដ្ឋាភិបាល​បានធ្វើ​កន្លងមក គឺ​មិនមាន​អ្វី​ខុសឆ្គង ដែល​នាំ​ឲ្យ​បរទេស​ដាក់​សម្ពាធមក​លើ​កម្ពុជា​ឡើយ​។ បន្ថែម​ពីនេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បាន​ចំអក​ទៅ​អតីត​មេបក្ស​ប្រឆាំង​ថា ការសម្រេច​របស់​អាមេរិក ដែល​បន្ត​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​បែបនេះ ហាក់ដូចជា​យក​ដំបង​វាយ​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​សរសេរ​លើ​​Telegram យ៉ាង​ដូច្នេះ​ថា​៖«​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក លុបចោល​ពន្ធ​ក្នុង​ប្រព័ន្ធ GSP (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​) នេះ មិនមែន​គ្រាន់តែ​ជាការ​ឆ្លើយតប​ជា​អវិជ្ជមាន​ចំពោះ​សំណើ​របស់លោក សម រង្សី ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ហៅថា​គឺជា​ការលើក​ញញួរ​យក្ស​យ៉ាង​ធំ វាយ​សំពង​ក្បាល សម រង្សី និង​បក្សពួក យ៉ាងដំណំ …​។ បើ​ប៉ុណ្ណឹង​ហើយ នៅ​ឃោសនា​ថា​ជា​ជោគជ័យ​ទៀត អស់​រក​ពាក្យ​ណា​មក​និយាយបាន​ទៀតហើយ គឺមាន​តែ​ចប់​»​។

​បន្ថែម​ពីនេះ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​និយាយថា ការសម្រេច​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ នៃ​ការនាំ​ទំនិញ​ទៅកាន់​ទីផ្សារ​របស់​សហ​រដ្ឋ​អាមេរិក​ឡើងវិញ​នេះ គឺជា​ការសម្រេចចិត្ត​ត្រឹមត្រូវ និង​គួរ​ឲ្យ​កោតសរសើរ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ សម្រាប់​ការផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​។

​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ទន្ទឹមនឹងនេះ វា​គឺជា​ការបរាជ័យ​មួយ​ថែមទៀត​យ៉ាង​អាម៉ាស់​បំផុត​នៃ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់​របស់ សម រង្ស៊ី ដែល​ធ្លាប់បាន​ញុះញង់​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា តែ​ទីបំផុត​អ្នក​ដែល​ក្អួត​ឈាម និង​ទទួល​ផលកម្ម​វិនាស​អន្តរាយ​ខ្លួនឯង គឺ​លោក សម រង្ស៊ី ទៅវិញ​ទេ ហើយ​អំពើ​បាបកម្ម​នេះ គឺ​មិន​រង់​ចាំបាច់​ជាតិ​ក្រោយ​នោះទេ​»​។​

​កន្លងមក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​បរទេស ជាពិសេស​សហរដ្ឋអាមេរិក លើ​ការដក​ការអនុគ្រោះ​ពន្ធ​លើ​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​។ អតីត​មេដឹកនាំ​គណបក្សប្រឆាំង តែងតែ​រំពឹងថា ការអន្តរាគមន៍​ពី​បរទេស​លើ​ការដាក់​សម្ពាធ​ផ្នែក​ពន្ធ​នេះ នឹង​អាច​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា​។​

​តែ​យ៉ាងណា​លោក​ប្រ​ធានា​ធិប​តី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ ទាក់ទង​នឹង​ការអនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ផុត​សុពលភាព​ត្រឹម​ឆ្នាំ​២០១៧ កន្លងទៅ​។ ការបន្ត​ឡើងវិញ​នៃ GSP នេះ ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៨ រហូត​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២០ ។

អត្ថបទទាក់ទង


​កម្ពុជា​នាំចេញ​ទៅ​សហរដ្ឋអាមេរិក គឺមាន​ទំហំ​ប្រាក់​សរុប ២៩១៦ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ។ ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ​មធ្យម ១២​ភាគរយ​)​។ ក្រសួងពាណិជ្ជកម្ម ធ្លាប់​អះអាងថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​បាន​បង់ពន្ធ​ស្ទើរ​ទាំងស្រុង លើកលែងតែ​ផលិតផល travelling goods ដែល​រដ្ឋាភិបាល​អាមេរិក​អនុគ្រោះ​ដល់​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦ ។ បើសិន​កម្ពុជា​ត្រូវ​បង់ប្រាក់​ពន្ធ​លើ​ទំនិញ​(travelling goods )នេះ គឺមាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ ៥​ភាគរយ​)​។ ផលិតផល​របស់​កម្ពុ​ជា​ចូល​ទីផ្សារ​នេះ​រួមមាន សំលៀកបំពាក់ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោមពូក និង​គ្រឿង​សង្ហា​រឹម ជាដើម​៕


Tag:
 អាមេរិក​
  អនុគ្រោះ​ពន្ធ​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com