ជាតិ
គម្រោង​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​អង្គការ​ភ្លែ​ន ជួយ​យុវជន​បាន​ជិត​២​ពាន់​នាក់​
24, Apr 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា តាមរយៈ​គម្រោង​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈ​៥​ឆ្នាំ បាន​ជួយ​ដល់​យុវជន​ជិត​២​ពាន់​នាក់ ឱ្យមាន​ចំណេះ និង​ជំនាញ​ផ្សេងៗ​។ យុវជន​ទាំងនោះ សុទ្ធសឹង​ជា​យុវជន​ងាយ​រងគ្រោះ បោះបង់​ការសិក្សា​នៅ​អនុវិទ្យាល័យ និង​ខ្លះ​ពិការភាព​។



​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី ការអនុវត្ត​ល្អ​នៅក្នុង​ការអប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​គោលការណ៍​ណែនាំ​ស្ដីពី បរិ​យាប​ន្ន​ពិការភាព​នៅក្នុង​កម្មវិធី​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​គម្រោង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​យុវជន​ងាយ​រងគ្រោះ​។​

​គម្រោង​ខាងលើ​ដែល​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​យកមក​ផ្សព្វផ្សាយ​នេះ គឺ​បាន​ដំណើរការ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ ដែលមាន​អង្គការ គ្រួសារ​យើង ជា​អ្នក​អនុវត្តន៍ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ តាម​ខេត្ត​គោលដៅ​ចំនួន​៤ មាន​ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ និង​រតនគិរី​។



​លោក យី គឹម​ថា​ន ប្រធាន​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ គម្រោង​នេះ​បាន​បណ្ដុះបណ្តាល​យុវជន​បាន​ចំនួន ១៨១៦​នាក់ ក្នុងនោះ​មាន​ស្រី ១០៣១​នាក់ ហើយ​បច្ចុប្បន្ន​មាន​យុវជន​ចំនួន ១៣១៥​នាក់ ឬ​ស្មើនឹង ៧២​ភាគរយ ដែលមាន​ការងារ​ធ្វើ និង​មុខរបរ​ផ្ទាល់ខ្លួន​។ ក្នុងចំណោម​យុវជន​ជិត ២​ពាន់​នោះដែរ មាន​៧២​នាក់​ពិការភាព​។ លោក យី គឹម​ថា​ន​បន្ថែមថា គម្រោង​នេះ​គឺ​បាន​ផ្តល់ឱកាស​ឱ្យ​យុវជន​ដែល​បោះបង់​ការសិក្សា​នៅ​អនុវិទ្យាល័យ ឬ​ពិការភាព អាច​ចូលរៀន​ជំនាញ​បច្ចេកទេស​ខ្លី មាន​ជួសជុល​ម៉ូតូ គ្រឿង​ម៉ា​ស៉ី​ន ទូរ​សព្ទ ចុងភៅ និង​អ៊ុតសក់​។​ល​។

​យុវជន ឡិ​ត លឿយ ដែល​បាន​ចែករំលែក​បទពិសោធន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តោ​ជោ​សែន​សៀមរាប បាន​និយាយថា តាមរយៈ​គម្រោង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នេះ ធ្វើ​ឱ្យគេ​ចាក​ឆ្ងាយ​ពី​ភាពអវិជ្ជា មានមុខ​ជំនាញ​មួយ​ត្រឹមត្រូវ និង​ដែល​ខ្លួន​ស្រឡាញ់​។ សព្វថ្ងៃ ឡិ​ត លឿយ ជា​ចុងភៅ​ធ្វើការ​នៅ​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប ក្រោយ​គេ​បាន​សិក្សា​វគ្គ​ខ្លី​លើ​ជំនាញ​នេះ​អស់​រយៈពេល​៤​ខែ បន្ទាប់ពី​បាន​ចូលរៀន​កាលពី​ឆ្នាំ​២០១៦​។ យ៉ាងណា លឿយ នៅ​បន្ត​ការសិក្សា​នៅ​កម្រិត​វិញ្ញាបនបត្រ​កម្រិត​២​ផ្នែក​រដ្ឋបាល និង​ឆ្លៀត​ធ្វើការ​នៅពេល​យប់​បន្ថែម​ផងដែរ​។​

​ជាមួយនឹង​ភាពជោគជ័យ​ក្នុង​គម្រោង​បណ្ដុះបណ្តាល​នេះ លោក យី គឹម​ថា​ន បាន​លើកឡើងថា អាចឱ្យ​អ្នកចូលរួម​ចងក្រង​ជា​ឯកសារ និង​ការអនុវត្ត​ល្អៗ ដើម្បី​ផ្សព្វផ្សាយ​ដល់​ស្ថា​ប័​ផ្សេងទៀត​ដែល​ចង់​ស្វែងយល់​អំពី​ដំណើរការ​គម្រោង​នេះ​។ លោក​បន្ថែមថា ការបណ្ដុះបណ្តាល​ជា​កម្មវិធី​មួយ​សំខាន់​របស់​អង្គការ​ភ្លែ​ន ដូច្នេះ​ទោះ​គម្រោង​ខាងលើ​ដែលមាន​ប្រភព​ថវិកា​ពី​រដ្ឋាភិបាល​អូស្ដ្រាលី​នេះ នឹង​បញ្ចប់​នៅ​ចុងខែ​មិថុនា​ក៏ដោយ ក៏​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែង​យក​ប្រភព​ថវិកា​ថ្មី ដើម្បី​បន្ដ​គម្រោង​នេះ​ឱ្យបាន​ត​ទៅមុខទៀត​។ លោក យី គឹម​ថា​ន សង្កត់ធ្ងន់ថា គម្រោង​បណ្ដុះបណ្តាល​នេះ​មាន​សារសំខាន់​ណាស់ គឺអាច​ជួយ​ដល់​យុវជន​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​សិក្សា​បន្ដ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​៕




© រក្សាសិទ្ធិដោយ thmeythmey.com