ជាតិ
ស្ថានទូត​អាមេរិក ប្រើ​ប្រព័ន្ធ​សូ​ឡា​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​នៅ​កម្ពុជា​
24, Apr 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ បានបង្ហាញ​ការប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា ដែល​ត្រូវបាន​ដំឡើង​លើដំបូល​អគារ​នៃ​ស្ថានទូត ដើម្បី​រួមចំណែក ការការពារ  បរិស្ថាន​នៅ​កម្ពុជា​។ ផ្ទាំង​សូ​ឡា​ទាំងអស់ មាន​ចំនួន​៩៤០​ផ្ទាំង ត្រូវបាន​ដំឡើង​ដោយ​ចំណាយ​ថវិកា​ប្រហែល​១​លាន​ដុល្លារ តែ​វា​ក៏​ជួយ​ឲ្យ​ស្ថានទូត​សន្សំ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី បាន​៦៥.០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​វិញ​ដែរ​។



​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​អបអរ​ទិវា​ភពផែនដី ជាមួយនឹង​ការបង្ហាញ​ការប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​ស្រូប​ថាមពលព្រះអាទិត្យ ដែល​ត្រូវបាន​ដំឡើង​លើដំបូល​អគារ​នៃ​ស្ថានទូត​។ ផ្ទាំង​សូ​ឡា​ទាំងអស់ មាន​ចំនួន​៩៤០​ផ្ទាំង វា​អាច​ផលិត​ថាមពល​បាន ២៤០​គីឡូវ៉ាត់ ឬ​អាច​ផ្គត់ផ្គង់​អគ្គិសនី ដល់ផ្ទះ​ប្រជាជន​កម្ពុជា​បាន​ចំនួន​ប្រហែល ២៥០ ផ្ទះ​។



​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែងថា ការដំឡើង​ផ្ទាំង​សូ​ឡា​ទាំងនេះ ត្រូវ​ចំណាយ​រយៈពេល​យូរ  និង​ចំណាយ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ ដែលជា​ការវិនិយោគ​ទៅលើ​អនាគត ហើយ​ផ្តល់​ជា​អគ្គិសនី សម្រាប់​រយៈពេល ១៩ ឆ្នាំ​។ ប្រព័ន្ធ​សូ​ឡា​នេះ ធ្វើ​ឲ្យ​ស្ថានទូត​អាច​សន្សំ​ប្រាក់​បាន​ប្រហែល ៦៥,០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ពី​ការចំណាយ​លើ​ថាមពល​អគ្គិសនី​។

​ប្រព័ន្ធ​នេះ បាន​កាត់បន្ថយ​ការប្រើប្រាស់​ភ្លើងអគ្គិសនី​យ៉ាងច្រើន ហើយ​ជា​ជំហាន​មួយ​របស់​ស្ថានទូត ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិយាកាស​។ នេះ​ជាការ​បញ្ជាក់​របស់ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​បន្តទៀតថា​៖«​យើង​បានសម្រេច​ធ្វើ​គម្រោង​នេះ ពីព្រោះ​យើង​ចង់​ការពារ​បរិស្ថានរ​បស់​យើងទាំងអស់គ្នា​។ ស្ថានទូត​អាមេរិក មាន​មោទនភាព​ក្នុងការ​ធ្វើការ​វិនិយោគ​នេះ ទៅលើ​អនាគត​នៃ​បរិស្ថាន​នៅ​កម្ពុជា​»​។​

​លោក Heidt  សង្ឃឹមថា គម្រោង​នេះ​នឹង​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ដទៃទៀត ឲ្យ​ដំឡើង​ផ្ទាំង​សូ​ឡា​ស្រូបយក​ថាមពលព្រះអាទិត្យ​ដែរ​។​



​លោក ឃុ​ត ចាន់​ដា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សាទរ​គម្រោង​ទាញយក​ថាមពល​អគ្គិសនី​ពី​ព្រះអាទិត្យ​មកប្រើប្រាស់ នៅ​ស្ថានទូត​អាមេរិក​នេះ​។ ទោះជា​បាន​សន្និដ្ឋានថា ផ្ទាំង​សូ​ឡា​ផ្តើម​មាន​ប្រជាប្រិយភាព​បណ្តើរៗ​នៅ​កម្ពុជា ប៉ុន្តែ​លោក ចាន់​ដា​រ៉ា ក៏​ទទួលស្គាល់​ដែរ​ថា ផ្ទាំង​សូ​ឡា​នៅមាន​តម្លៃ​ថ្លៃ​គួរសម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ​លើ​ការទាញយក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូពនេះ បង្ហាញ​សុទិដ្ឋិនិយម​ថា ប្រជាពលរដ្ឋ​កម្ពុជា នឹង​ងាក​មកប្រើប្រាស់​ផ្ទាំង​សូ​ឡា កាន់តែច្រើន​នៅពេល​អនាគត​។

​សូមជម្រាបថា ទន្ទឹមនឹង​ការអបអរ​ទិវា​ភពផែនដី ពិធី​នេះ​ក៏​រួមមាន​ការលក់ទំនិញ​ប្រចាំឆ្នាំ ដែល​រួមមាន​ផលិតផល​កែច្នៃ​យកមកប្រើ​ប្រាស់​ឡើងវិញ និង​ការលក់​ផលិតផល​របស់​កសិក​រ​ក្នុងស្រុក ដែល​មិន​ប៉ះពាល់​បរិស្ថាន​។​




Tag:
 សូ​ឡា​
 ​បរិស្ថាន​
 ​ស្ថានទូត​អាមេរិក​
  William Heidt
 ​ឃុ​ត ចាន់​ដា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com