ជាតិ
លោក កឹម សុខា ឲ្យ​មេធាវី​៤​រូប ផ្អាក​ធ្វើ​សកម្មភាព​ផ្នែក​ច្បាប់​មួយរយៈ​
25, Apr 2018 , 10:32 am        
រូបភាព
ក្រុមមេធាវី ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា បានដើរចេញពីសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧
ក្រុមមេធាវី ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា បានដើរចេញពីសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧
ដោយ: ថ្មីៗ
​មេធាវី​៤​រូប ក្នុងចំណោម​មេធាវី​ទាំង​៨​រូប​របស់លោក កឹម សុខា បានដាក់​លិខិត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឈប់​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​។ មេធាវី​ទាំង​៤​រូប ធ្វើបែបនេះ គឺ​ដោយសារ​តែមាន​សំណើ​ពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។



​លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៤​រូប ដែល​សុំ​ឈប់​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ពួកលោក​ទាំង​៤​រូប នៅតែ​ជា​មេធាវី​របស់លោក កឹម សុខា ដដែល​។ លោក បន្តថា ការដាក់​លិខិត​ទៅកាន់​តុលាការ មិនមែន​មា​ន័យ​ថា ពួកលោក លែង​ជា​មេធាវី​របស់លោក កឹម សុខា នោះទេ​។


លោកមេធាវី ហែម សុជាតិ

​លោក ហែម សុជាតិ បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​លោក កឹម សុខា ចង់​ឲ្យ​យើង​ទាំង​៤​រូប ផ្អាក​សកម្មភាព​ផ្នែក​ច្បាប់​មួយរយៈ​សិន​។ តែ​យើង​នៅតែ​ជា​មេធាវី​របស់គាត់​។ គ្រាន់តែ​ជា​នីតិវិធី យើង​ត្រូវធ្វើ​លិខិត​ទៅ​តុលាការ​អ៊ីចឹង​ហើយ ដើម្បី​កុំ​ឲ្យ​តុលា​ការកោះហៅ​យើង​។ បើ​យើង​មិន​ធ្វើលិខិត ហើយ​តុលាការ​មិនដឹង តុលាការ នឹង​នៅតែ​កោះហៅ​យើង​ដដែល​»​។

​យ៉ាងណាក៏ដោយ ក្នុង​លិខិត​ដែល​មេធាវី​ទាំង​៤​រូប ផ្ញើ​ទៅកាន់​តុលាការ គឺ​សរស​រថា «​ពាក្យសុំ​ឈប់​ការពារ​ក្តី​»​។ វា មានន័យថា ពួកលោក បាន​ប្រាប់​តុលាការ​ថា ពួកលោក លែង​ជា​មេធាវី​របស់លោក កឹម សុខា ទៀតហើយ​។​

​លោក​មេធាវី ហែម សុជាតិ មិនបាន​បញ្ជាក់​នោះទេ​ថា លោក កឹម សុខា មាន​ហេតុផល​អ្វី ក្នុងការ​ស្នើ​ឲ្យ​ពួកលោក​ទាំង​៤​រូប ផ្អាក​សកម្មភាព​។ ប៉ុន្តែ លោក អះអាងថា ក្រុម​មេធាវី និង​លោក កឹម សុខា ពុំមាន​ទំនាស់​អ្វី​ជាមួយគ្នា​ឡើយ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ប្រហែលជា​គាត់​មាន​បញ្ហា​ផ្ទាល់ខ្លួន​។ យើង​ក៏​មិន​ចង់ដឹង​ដែរ ថា​គាត់​មាន​ហេតុផល​អ្វី​»​។​

​មេធាវី​៣​រូប​ទៀត  ដែល​សុំ​ឈប់​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក ជូ​ង ជូ​ងី លោក សំ សុ​គង់ និង​លោក កែ​ត ឃី​។ ឯ​មេធាវី​៤​រូប ដែល​នៅ​បន្ត​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ជាធម្មតា គឺ​លោក ផែង ហេង លោក ចាន់ ចេ​ន លោក ផាន់ ច័ន្ទ​សាក់ និង​លោកស្រី ម៉េង សុភា​រី​។


លោកមេធាវី ជូង ជូងី


លោកមេធាវី សំ សុគង់

​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ ទៅ​សួរ​ដល់​ពន្ធនាគារ​ចំនួន​៣​លើក​រួចមកហើយ​៕


Tag:
 កឹម សុខា​
  ហែម សុជាតិ​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com