អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាសែត​កូរ៉េខាងត្បូង​៖ ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី ជា​ជម្រើស​ចុងក្រោយ​សម្រាប់​ជំនួប​ត្រាំ​-​គីម​
25, Apr 2018 , 12:16 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កាសែត​កូរ៉េខាងត្បូង JoongAng Ilbo បាន​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមេសា ថា ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី ជា​ជម្រើស​ពីរ​ចុងក្រោយ​ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​។ ដោយ​ស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​សម្រេចចិត្ត​នេះ អាមេរិក និង​កូរ៉េខាងជើង​បាន​គូស​ឈ្មោះ​ទីក្រុង​នៅ​ប៉ែក​អឺរ៉ុប​ចោល ព្រោះ​នៅ​ឆ្ងាយ​ពី​កូរ៉េខាងជើង​ដែល​ពិបាក​សម្រាប់​ការធ្វើដំណើរ​របស់លោក គីម ជុង​អ៊ុន ។​

 
​ចុងក្រោយ​ទៅ អាស៊ី​អាច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ដែល​គេឯង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​។ មន្ត្រី​ដែល​ស្និទ្ធ​នឹង​ការសម្រេច​ចិត្តបាន​ប្រាប់​កាសែត​កូរ៉េខាងត្បូង JoongAng Ilbo នៅ​ថ្ងៃទី​២៤ ខែមេសា ថា ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ដែល​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​មិនដែល​មាន​ពីមុនមក​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។  
 
​ក្រោយ​លោក ត្រាំ និង​លោក គីម យល់ព្រម​ជួបគ្នា ប្រទេស​ខ្លះ​នៅ​តំបន់​អឺរ៉ុប​ដូចជា​ស្វ៊ី​ស និង​ស៊ុយអែត ត្រូវបាន​គេ​ជឿថា ស្ថិតក្នុង​ការពិចារណា​ព្រោះតែ​ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​អាមេរិក និង​កូរ៉េខាងជើង ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ជា​ប្រទេស​អា​ព្យា​ក្រឹត្យ​ផង​។ ប៉ុន្តែ​ប្រភពព័ត៌មាន​ខាងលើ​និយាយថា បេក្ខភាព​ប្រទេស​ទាំងនេះ​ត្រូវបាន​ដកចេញ​វិញ ព្រោះ​លោក គីម ពិបាកធ្វើ​ដំណើរ​ណាស់​។ ដូច្នេះ​ទើប​អាមេរិក និង​កូរ៉េខាងជើង កំពុង​ចរចា​ដើម្បី​ជ្រើសរើស​ប្រទេស​អាស៊ី​ខាងលើ​វិញ​។​
 
​មធ្យោបាយ​ធ្វើដំណើរ​ជា​បញ្ហាសំខាន់​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង ព្រោះ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​គ្មាន​យន្តហោះ​ស៊េរី​ទំនើបៗ​ឡើយ​។ យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក គីម ធុន Chammae-1 ផលិត​ក្នុង​ទសវត្សរ៍​៧០​របស់​រុស្ស៊ី មិនអាច​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប​ដោយ​មិនមាន​ការឈប់​សំចត​ឡើយ​។ យន្តហោះ​នេះ​អាចធ្វើ​ដំណើរ​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៥​ពាន់​គីឡូម៉ែត្រ ប៉ុន្តែ​ពី​កូរ៉េខាងជើង​ទៅ​ស៊ុយអែត​មាន​ចម្ងាយ​ជាង​៧​ពាន់​គីឡូម៉ែត្រ ហើយ​ទៅ​ស្វ៊ី​សមាន​ចម្ងាយ​ប្រហែល​៨៥០០​គីឡូម៉ែត្រ​ឯណោះ​។​
 
​ខណៈ​មិនអាច​ធ្វើដំណើរ​ឆ្ងាយ​បាន ហើយ​លោក ត្រាំ ក៏​មិនអាច​ធ្វើដំណើរ​ទៅកាន់​ព្យុងយ៉ាង​ទៀត​នោះ កូរ៉េខាងជើង​ចង់​ឲ្យ​ម៉ុង​ហ្គោ​លី​រៀបចំ​ជំនួប​តែម្ដង​។ សម្រាប់​កូរ៉េខាងជើង ម៉ុង​ហ្គោ​លី​ជា​ប្រទេស​រួសរាយ នៅ​ជិត​ផង​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​លោក គីម ធ្វើដំណើរ​តាម​រថភ្លើង​ក៏បាន​។ ចំពោះ​អាមេរិក​វិញ ម៉ុង​ហ្គោ​លី ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ តែ​ទាស់​ត្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​។ ហេតុនេះ​អាមេរិក​ចង់បាន​សិង្ហ​បុរី​វិញ​។​
 
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ចង់​ឲ្យ​ប្រទេស​អាស៊ី​ដែល​ពាក់ព័ន្ធ​សំណុំរឿង​ជាមួយ​កូរ៉េខាងជើង​ធ្វើ​ម្ចាស់ផ្ទះ​ឡើយ និង​សំឡឹង​ឃើញ​រដ្ឋ​អាស៊ីអាគ្នេយ៍​ជំនួស​វិញ​។ ហេដ្ឋារចនាសម្ព័ន្ធ និង​កត្តា​សន្តិសុខ​របស់​សិង្ហ​បុរី ជា​ចំណុច​ដែល​អាមេរិក​ពេញចិត្ត ហើយ​ម្យ៉ាងទៀត​លោក ត្រាំ ក៏បាន​ម្ចាស់ផ្ទះ​ដែល​ឆើតឆាយ​ផងដែរ​។ លើសពីនេះ សិង្ហ​បុរី​ក៏មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​អាមេរិក និង​កូរ៉េខាងជើង​៕  
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  ម៉ុង​ហ្គោ​លី​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com