កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ James ថា​ខ្លួន​ត្រៀម​ធ្វើ​ឲ្យ Zidane ខកចិត្ត ក្នុងជំនួប Bayern-Real
25, Apr 2018 , 4:10 pm        
រូបភាព
​ក្រោយពី​ស្តារ​ភាពខ្លាំង​ឡើងវិញ​ជាមួយ Bayern Munich កីឡាករ James Rodriguez មានឱកាស​បង្ហាញ​ឲ្យ Real Madrid ឃើញ​នូវ​អ្វីដែល​ពួកគេ​កំពុងតែ​បាត់បង់ នៅពេល​ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២៥ ខែមេសា វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The National​។



James បានមក​រួមរស់​ជាមួយ Real Madrid រយៈពេល​៣​រដូវ​កាល ក្រោយ​ផ្លាស់​ចេញពី Monaco កាលពី​ឆ្នាំ​២០១៤​។ រដូវ​កាល​ដំបូង​ខ្សែបម្រើ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ Santiago Bernabeu និង​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៤​។​

​ប៉ុន្តែ​ក្រោយ​លោក Zinedine Zidane ចូលមក​កាន់តំណែង​ពី​ឆ្នាំ​២០១៦​មក ម្ចាស់​ស្បែកជើង​មាស World Cup នៅ​ប្រេ​ស៊ី​ល​រូបនេះ មិន​ស្ថិតក្នុង​ក្រសែភ្នែក​គ្រូ​បារាំង និង​មិនសូវ​បានបង្ហាញ​ខ្លួន​នោះទេ ទើប​សម្រេច​ទៅ​ចូលរួម​ជាមួយ Bayern Munich នៅ​ដើមរដូវ​កាល​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល​។ នៅ​ទឹកដី​អាល្លឺម៉ង់ James មានឱកាស​បង្ហាញខ្លួន​បាន​ច្រើន​ប្រកួត និង​ជួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​មុយ​និ​ច​លើក​ពាន Bundesliga រដូវ​កាល ២០១៧-២០១៨ ទៀតផង​។​



 James បាន​ប្រាប់​កាសែត​អេ​ស្ប៉ា​ញ AS មុនពេល​ការប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន Allianz Arena ថា​៖«​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នឹងមាន​លក្ខណៈពិសេស​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅ Real រយៈពេល​៣​ឆ្នាំ​មកហើយ ខ្ញុំ​មាន​មិត្តភក្តិ​នៅ​ទីនោះ​និង​ការចងចាំ​ដ៏​ល្អ​។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​គិតតែ​ពី​ក្រុម​របស់ខ្ញុំ ថា​ត្រូវធ្វើ​របៀប​ណា​ទើប​អាច​យកឈ្នះ Real បាន​»​។​

​អតីត​សមាជិក​ក្រុម FC Porto វ័យ​២៦​ឆ្នាំ​រូបនេះ អាចមាន​សិទ្ធិ​ចូល​លេង​ឲ្យ Bayern ទល់នឹង Real Madrid ដែលជា​ក្រុម​អាណាព្យាបាល​ខ្លួន បើ​ទោះ​ស្ថិតនៅ​ជា​កីឡាករ​ខ្ចី​ជើង​ក៏ដោយ ព្រោះ​ច្បាប់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានចែង​ដូច្នេះ​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Bayern Munich
  Real Madrid
  James Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com