ជាតិ
អាជ្ញាធរអប្សរា៖ មានអ្នកលួចកាប់ឆ្ការព្រៃក្នុងតំបន់អង្គរដើម្បីយកធ្វើជាកម្មសិទ្ធិ
× សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រៃក្នុងឧទ្យានអង្គរនៅចំណុចភូមិក្រវ៉ាន់ ត្រូវបានជនខិលខូចលួចកាប់ទន្ទ្រាន ក្នុងបំណងដើម្បីឆ្ការយកធ្វើជាកម្មសិទ្ធិ។ អាជ្ញាធរជាតិអប្សរាព្រមានថា នឹងចាត់ការតាមផ្លូវច្បាប់ ប្រសិនណាជនទាំងនោះមិនព្រមរៀងចាល និងបន្ដរំលោភដែនឧទ្យានអង្គរតទៅទៀត។
កម្លាំងសមត្ថកិច្ចចម្រុះនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានចុះទៅពិនិត្យ និងទប់ស្កាត់ករណីទន្ទ្រានព្រៃឈើមួយកន្លែងនៅក្នុងឧទ្យានអង្គរ។ ទីតាំងដែលជនខិលខូចលួចកាប់ព្រៃនោះ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ឬខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេ ផ្លូវ៦០ម៉ែត្រ។
អាជ្ញាធរជាតិអប្សរាក្នុងទំព័រហ្វសប៊ុករបស់ខ្លួន បានស្រង់សំដី លោក បេង ប៊ន មន្ត្រីទទួលបន្ទុកព្រៃឈើ និងគ្រប់គ្រងក្នុងដែនសមត្ថកិច្ចខាងលើ បាននិយាយថា សកម្មភាពលួចកាប់ព្រៃឈើនៅចំណុចខាងកើតប៉ុស្ដិ៍ត្រួតពិនិត្យសំបុត្រផ្លូវ៦០ម៉ែត្រ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម៉េះ្ល តែក្រោយការទប់ស្កាត់ឃើញថាសកម្មភាពទាំងនោះបានបញ្ឈប់ហើយ។ ដោយឡែកក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ សកម្មភាពកាប់ទន្ទ្រានដុតព្រៃបានកើតឡើងម្តងទៀត។
សកម្មភាពទាំងនោះ ត្រូវបានមន្ត្រីព្រៃឈើនៃអាជ្ញាធរជាតិអប្សរាពន្យល់ថា បានលួចកាប់នៅថ្ងៃសម្រាកបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុននិងក្រោយពេលចូលនិងចេញធ្វើការរបស់ក្រុមការងារ។
ដោយឡែក សម្រាប់មន្ត្រីប៉ូលិសបេតិកភណ្ឌ បានអះអាងថា ចំពោះករណីដុតព្រៃនិងកាប់ព្រៃទន្ទ្រានយកដីនេះ គឺមិនបានដឹងព័ត៌មានឡើយ តែពីពេលនេះទៅ ក្រុមការងារនឹងចុះល្បាត ហើយសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ដោយការចុះល្បាតឱ្យបានញឹកញាប់ ពិសេសបន្ថែមលើម៉ោងការងារដែលក្រុមអាជ្ញាធរជាតិអប្សរាផុតម៉ោងធ្វើការ៕
Tag:
អាជ្ញាធរអប្សរា
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com