ជាតិ
​អាជ្ញាធរ​អប្សរា​៖ មាន​អ្នក​លួច​កាប់​ឆ្ការព្រៃ​ក្នុង​តំបន់​អង្គរ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​
25, Apr 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​នៅ​ចំណុច​ភូមិ​ក្រ​វ៉ាន់ ត្រូវបាន​ជនខិលខូច​លួច​កាប់​ទន្ទ្រាន ក្នុង​បំណង​ដើម្បី​ឆ្ការ​យក​ធ្វើជា​កម្មសិទ្ធិ​។ អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ថា នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ប្រសិន​ណា​ជន​ទាំងនោះ​មិន​ព្រម​រៀងចាល និង​បន្ដ​រំលោភ​ដែន​ឧទ្យាន​អង្គរ​តទៅទៀត​។​



​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ បាន​ចុះទៅពិនិត្យ និង​ទប់ស្កាត់​ករណី​ទន្ទ្រាន​ព្រៃឈើ​មួយកន្លែង​នៅក្នុង​ឧទ្យាន​អង្គរ​។ ទីតាំង​ដែល​ជនខិលខូច​លួច​កាប់​ព្រៃ​នោះ ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ឬ​ខាងកើត​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ចំណុច​អក្សរ​តេ ផ្លូវ​៦០​ម៉ែត្រ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ទំព័រ​ហ្វ​ស​ប៊ុ​ក​របស់ខ្លួន បាន​ស្រង់​សំដី លោក បេង ប៊​ន មន្ត្រី​ទទួលបន្ទុក​ព្រៃឈើ និង​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​ខាងលើ បាន​និយាយថា សកម្មភាព​លួច​កាប់​ព្រៃឈើ​នៅ​ចំណុច​ខាងកើត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សំបុត្រ​ផ្លូវ​៦០​ម៉ែត្រ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧​មក​ម៉េះ្ល តែ​ក្រោយ​ការទប់ស្កាត់​ឃើញថា​សកម្មភាព​ទាំង​នោះបាន​បញ្ឈប់​ហើយ​។ ដោយឡែក​ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំថ្មី​កន្លងមកនេះ សកម្មភាព​កាប់​ទន្ទ្រាន​ដុត​ព្រៃ​បាន​កើតឡើង​ម្តងទៀត​។



​សកម្មភាព​ទាំងនោះ ត្រូវបាន​មន្ត្រី​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា បាន​លួច​កាប់​នៅ​ថ្ងៃ​សម្រាក​បុណ្យជាតិ ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ចន្លោះ​មុន​និង​ក្រោយពេល​ចូល​និង​ចេញ​ធ្វើការ​របស់​ក្រុមការងារ​។

​ដោយឡែក សម្រាប់​មន្ត្រីប៉ូលិស​បេតិកភណ្ឌ បាន​អះអាងថា ចំពោះ​ករណី​ដុត​ព្រៃ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ គឺ​មិន​បានដឹង​ព័ត៌មាន​ឡើយ តែ​ពី​ពេលនេះ​ទៅ ក្រុមការងារ​នឹង​ចុះ​ល្បាត ហើយ​សហការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រុមការងារ​អាជ្ញា​ធរ​ជាតិ​អប្សរា អាជ្ញាធរ​មូលដ្ឋាន ដោយ​ការចុះ​ល្បាត​ឱ្យបាន​ញឹកញាប់ ពិសេស​បន្ថែម​លើ​ម៉ោង​ការងារ​ដែល​ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា​ផុត​ម៉ោង​ធ្វើការ​៕


Tag:
 ​អាជ្ញាធរ​អប្សរា​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com