ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​
25, Apr 2018 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វៀតណាម ប្រគល់​ទង់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ដល់​កម្ពុជា ធ្វើជា​ប្រធាន​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០១៩​។ ពិធី​ប្រគល់​ទង់​ធ្វើឡើង ដោយ​លោកស្រី Tong Thi Pong សមាជិកា​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម ឲ្យ​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន នៅ​រសៀល​ថ្ងៃទី​២៥ មេសា​នេះ​។​



​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស «The Asia Pacific Parliamentary Forum» បាន​បង្កើត​ទ្បើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន សភា​អាស៊ី​-​ប៉ាស៊ីហ្វិក មាន​សមាជិក​ពេញសិទ្ធិ​ចំនួន ២៧​ប្រទេស​។​

​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក បង្កើត​ទ្បើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​ដែលជា​សមាជិក ដើម្បី​ធានា​នូវ​ស្ថិរភាព សន្តិភាព នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួយ​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ បង្កើត​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ក្នុង​តំបន់​លើ​វិស័យ​នានា ដូចជា ការពារ​បរិ​ស្ថាន ការ​ទប់​ទល់នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភេរវកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌ ព្រមទាំង​ការអប់រំ​ជាដើម​៕


Tag:
 ហេង សំរិន​
  វៀតណាម​
  សភា​អាស៊ី​-​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com