កីឡាជាតិ
ជាតិ
លី​គ​កំពូល​កម្ពុជា​សម្រាក​ពីរ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ U21 ប្រជែង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ​
26, Apr 2018 , 8:39 am        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា បង្វឹកក្រុម U21 កម្ពុជានៅលើទឹកដីព្រុយណេ
លោក ប្រាក់ សុវណ្ណារ៉ា បង្វឹកក្រុម U21 កម្ពុជានៅលើទឹកដីព្រុយណេ
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ត្រូវ​សម្រាក​ចំនួន​ពីរ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​បាន​រង្វាន់​ស្តេច​ព្រុយ​ណេ​នា​ចុងខែ​មេសា ខាងមុខ​។ ក្រុម U21 ត្រូវ​ប្រកួត​បើកឆាក​ពូ​ល B ជាមួយ​ក្រុម​សិង្ហ​បុរី​នៅ​ថ្ងៃទី​២៨ មេសា មុន​ប៉ះ​ឡាវ នា​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​៣០ មេសា​។



​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ពិសេស​អ្នកគាំទ្រ​ក្លិប​ផ្ទាល់ នឹង​ខាន​ឃើញ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ចំនួន​ពីរ​សប្តាហ៍​។ ការ​ខក​ខា​នេះ ដោយសារ​កីឡាករ​មួយចំនួន​ក្នុង​ក្របខណ្ឌ​នេះ ជាប់​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ​ចាប់​ថ្ងៃទី​២៣ មេសា ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨​។​

​ការ​សម្រាក​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដើម្បី​ទុកពេល​ប្រជែង​ក្នុង​ពានរង្វាន់​មិត្តភាព​នេះ បាន​រង​ការរិះគន់​មួយចំនួន​ពី​សំណាក់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ ពួកគេ​ទាំងនោះ​បានលើកឡើង​បែប​ចំអក​ដាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថា គ្រាន់តែ​ជា​ពាន​មិត្តភាព​ក្រៅផ្លូវការ​របស់គេ​សោះ កម្ពុជា​ត្រូវ​សម្រាក​ការប្រកួត​ដ៏​ធំ​របស់ខ្លួន​រហូត​ពីរ​សប្តាហ៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​បាន​លើក​ជា​ចម្ងល់​ថា បើ​យ៉ាងនេះៗ តើ​បាល់ទាត់​ខ្មែរ​រីកចម្រើន​ម៉េច​កើត​?

​ទន្ទឹមនឹង​ចាត់ទុក​ការ​រិះ​ខាងលើ​ជា​សិទ្ធ​របស់​អ្នកគាំទ្រ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម U21 កម្ពុជា​បានចាត់ទុក​ពានរង្វាន់​នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់ ក្នុងការ​ពង្រឹងសមត្ថភាព​សម្រាប់​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​។ ហើយ​វា​ក៏​ជាការ​ប្រកួត ដើម្បី​មើល​ពី​ចំណុច​ខ្វះខាត និង​កម្រិត​របស់​កម្ពុ​ជា និង​ក្រុម​ក្នុង​តំបន់​ផងដែរ​។

​សម្រាប់​ការប្រកួត​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy 2018 ដែល​រៀបចំ​នៅ​ប្រទេស​ព្រុយ​ណេ​មាន​ក្រុម​ចំនួន​៧​ចូលរួម​។ ក្រុម U21 កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល B ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​សិង្ហ​បុរី នា​ថ្ងៃទី​២៨ មេសា មុន​ប៉ះ​ឡាវ​ក្នុងជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​៣០ មេសា​។ ពូ​ល A មាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ ថៃ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។

​នា​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី​២៣ មេសា ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រុយ​ណេ​ក្នុង​លទ្ធផល ១-០ មុន​ថៃ​ស្មើ ១-១ ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​បន្ទាប់​៕


Tag:
 បាល់ទាត់​
  Cambodian League 2018
  U21
© រក្សាសិទ្ធិដោយ thmeythmey.com