អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​ប្រាប់​ឲ្យ​កាតា​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី បើ​ចង់​សុខ​ខ្លួន
26, Apr 2018 , 8:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត Adel al-Jubeir (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត Adel al-Jubeir (រូបភាព AFP)
​នៅ​ថ្ងៃទី​២៤ ខែមេសា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បញ្ចុះបញ្ចូល​ឲ្យ​កាតា​បញ្ជូន​ទ័ព​ទៅកាន់​ស៊ី​រី នៅពេល​អាមេរិក​ដកខ្លួន​ចេញ​។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​គំរាម​ទម្លាក់​របប​ដឹកនាំ​កាតា​នៅត្រឹម​មួយ​សប្ដាហ៍ បើ​ក្រុង​ដូ​ហា​មិន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ទឹកដី​ស៊ី​រី​ទេនោះ​។ ការទាមទារ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទទូច​ឲ្យ​ប្រទេស​អ្នក​មាននៅ​មជ្ឈិមបូព៌ា​ចេញមុខ​ពង្រាយ​ទ័ព​ទៅកាន់​ស៊ី​រី នៅពេល​អាមេរិក​ដកខ្លួន​ក្រោយ​ជម្លោះ​បញ្ចប់​។​



​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ចូល​អន្តរាគមន៍​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​នៅក្នុង​យុទ្ធនាការ​នៅ​ស៊ី​រី​។ ភ្លាមៗ​បន្ទាប់ពី​ការស្នើ​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ឯណោះ​វិញ​ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក ក៏​ប្រាប់​កាតា​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​ដែរនោះ ឲ្យ​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី ហើយ​ថែមទាំង​គំរាម​ទម្លាក់​របប​ដឹកនាំ​កាតា​ទៅទៀត​។

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel Jubeir បាន​ផ្ញើ​សារ​គំរាម​ធ្ងន់​មួយ​ទៅកាន់​ក្រុង​ដូ​ហា ឲ្យ​ប្រញាប់​ធ្វើតាម​សម្ដី​លោក ត្រាំ ។ បើតាម​សារព័ត៌មាន RT លោក Jubeir គំរាមថា កាតា​ត្រូវតែ​បញ្ជូន​យោធា​ទៅ​ស៊ី​រី មុនពេល​អាមេរិក​បញ្ឈប់​ការការពារ​កាតា ជាពិសេស​ដកទ័ព​ចេញពី​កាតា​តែម្ដង​។ លោក​បន្តថា បើ​អាមេរិក​ដក​កងទ័ព​នៅ​កាតា​ទាំង​មួយ​ម៉ឺន​នាក់​មែន កាតា​នឹង​បាត់​ខែល​ការពារ ហើយនឹង​ត្រូវ​ដួលរលំ​ក្នុងពេល​តិច​ជាងមួយ​សប្ដាហ៍​។​

​តាមពិតទៅ លោក Jubeir ចង់​និយាយ​សំដៅ​ដល់​សម្ដី​របស់លោក ត្រាំ ពេល​ជួប​ជាមួយ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​២៣ ខែមេសា ខណៈ​លោក ត្រាំ មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ឡើយ​។ ក្នុងជំនួប​នោះ លោក ត្រាំ ចង់​ឲ្យ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​សម្បូរ​ធនធាន​ច្រើន​ទទួល​ភារកិច្ច​បន្ត​ពី​អាមេរិក ព្រោះ​អាមេរិក​ការពារ​ប្រទេស​ទាំងនោះ ហើយ​បើ​គ្មាន​អាមេរិក​ចាំ​ការពារ​ទេ ប្រទេស​នោះ​មិនអាច​ទ្រាំទ្រ​បាន​មួយ​សប្ដាហ៍​ឡើយ​។​

​ជុំវិញ​យុទ្ធនាការ​នៅ​ស៊ី​រី​នេះដែរ លោក ត្រាំ ក៏​អះអាងថា អាមេរិក​បាន​បញ្ចុះបញ្ចូល​ឲ្យ​សម្ព័ន្ធមិត្ត​បង់ថ្លៃ​ចំណាយ​រួចហើយ ដ្បិត​អាមេរិក​នឹងមិន​បន្ត​ចេញថ្លៃ​ចំណាយ​ដ៏​ច្រើន​ទៀតឡើយ​។ នៅមុននេះ ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏បាន​ទាមទារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​មហាអំណាច​តំបន់​ចេញ​លុយ បើ​ចង់​ឲ្យ​ទាហាន​អាមេរិក​បន្ត​វត្ត​មាននៅ​ស៊ី​រី ស្របពេល​ដែល​លោក​បានប្រកាស​ហើយ​ថា ទាហាន​អាមេរិក​នឹង​ដក​ចេញពី​ទឹកដី​ស៊ី​រី​ឆាប់ៗ​នេះ​។

​អាមេរិក​មាន​ទាហាន​មួយ​ម៉ឺន​នាក់​ប្រចាំការ​នៅ​មូលដ្ឋាន​អាកាស Al-Udeid ក្បែរ​ក្រុង​ដូ​ហា​។ មូលដ្ឋាន​នេះ គឺជា​បន្ទាយទ័ព​អាមេរិក​ធំជាងគេ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​បាន​ដើរ​យ៉ាងសំខាន់​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​ភេរវ​ករ​ក្នុង​តំបន់ ក៏ដូចជា​ប្រតិបត្តិការ​នៅ​ស៊ី​រី​ផង​។ កាតា​ដែល​ទំ​ហ​កងទ័ព​តិចតួច​ជាងគេ​ក្នុង​តំបន់ កំពុងមាន​ជម្លោះ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ស្រាប់ ដូចនេះ​វត្តមាន​ទាហាន​អាមេរិក​ពិតជា​រឿង​សំខាន់​ណាស់​សម្រាប់​កាតា​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  កាតា​
  ស៊ី​រី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com