ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនប្រុស​លោក គង់ គាំ បង្កើត​បក្ស​ថ្មី ដើម្បី​ចូលរួម​បោះឆ្នោត ព្រោះមិនជឿ​ថា​បក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​
25, Apr 2018 , 6:00 pm        
រូបភាព
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ។ រូបពីគណនេយ្យហ្វេសបុករបស់លោក គង់ មុនីកា
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ។ រូបពីគណនេយ្យហ្វេសបុករបស់លោក គង់ មុនីកា
ភ្នំពេញ៖ ​គណបក្ស​ថ្មី​មួយ មាន​ឈ្មោះថា​គណបក្ស​ឆន្ទៈ​ខ្មែរ  ដែល​ស្ថាបនិក​ជា​សែស្រឡាយ​របស់​ឥស្ស​ជន​នយោបាយ​ជាន់ខ្ពស់​ខាង​ប្រឆាំង នឹងត្រូវ​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។


  
​អ្នក​ដែល​ចេញមក​ប្រកាស​បង្កើត​គណបក្ស​ថ្មី​នេះ គឺ​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ ដែល​គេ​ដឹង​ឮថា​ជា​អតីត​អ្នកនយោបាយ​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ​រូប និង​ជាម​នុស្ស​ជិតស្និទ្ធ​បំផុត​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក គង់ មុនី​កា សម្រេចចិត្ត​បង្កើត​គណបក្ស​ថ្មី គឺ​ដោយសារតែ​លោក ពុំមាន​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈរឈ្មោះ​និង​ដាក់​បេក្ខជន សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​។ 
 
​លោក គង់ មុនី​កា ដែលមាន​បងប្រុស​ពីរ​នាក់ គឺ​លោក គង់ សភា និង​លោក គង់ បូរ៉ា ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់លោក នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ឆន្ទៈ​ខ្មែរ  ជា​រូប​កាយ​ថ្មី តែ​ព្រលឹង និង​ស្មារតី​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រួម​កាយ រួម​ចិត្តជា​ធ្លុង​មួយ ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​មានការ​ផ្លាស់ប្តូរ​នោះ ប្រាកដជា​ដណ្តើមបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​និង​ត្រចះត្រចង់ នៅ​ឆ្នាំ​២០១៨ ជាមិនខាន​»​។ 
 
​សារ​ចុងក្រោយ​របស់លោក គង់ មុនី​កា ដែល​មិនសូវ​ឮឈ្មោះ​ពីមុន គឺ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ជាមួយ និង​គាំទ្រ​គណបក្ស​ថ្មី​របស់លោក​។ 
 
​លោក គង់ គាំ ដែលជា​ឪពុក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក និង​លោក សម រង្ស៊ី រួមទាំង​ឥស្សរជន​នយោបាយ​ខាង​ប្រឆាំង​ផ្សេងទៀត ពុំបាន​ជំរុញ​ឬ​ឈរ​ពីក្រោយ​លោក គង់ មុនី​កា ក្នុងការ​បង្កើត​គណបក្ស​ថ្មី​នេះ​ទេ​។ អតីត​អ្នកនយោបាយ​ចាស់វស្សា និង​ធ្លាប់ជា​ប្រធាន​គណបក្ស​ភ្លើងទៀន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការបង្កើត​នេះ គឺជា​ឆន្ទៈ​ផ្ទាល់​របស់គេ ហើយ​អ្នកចូលរួម​ភាគច្រើន គឺជា​អតីត​សកម្មជន​គណបក្សប្រឆាំង​»​។ 
 
​លោក សម រង្ស៊ី គោរព​លើ​ការសម្រេចចិត្ត​បង្កើត​គណបក្ស​ថ្មី​នេះ​។ នេះ​បើតាម​លោក គង់ គាំ ដដែល ដោយ​លោក បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទើបនឹង​ទទួលបាន​ព័ត៌មាន​ពី​មនុស្ស​នៅ​ជុំវិញ​លោក​ប្រធាន សម រង្សី ថា គាត់ មិន​ជំទាស់​ទេ​។ គាត់ យល់ថា​អ្នកបង្កើត​គណបក្ស​នេះ សុទ្ធតែជា​អ្នកប្រជាធិបតេយ្យ​ដូ​ច្ន​គ្នា​»​។
 
​លោក គង់ គាំ និង​កូនប្រុស​ទាំងពីរ ជា​អតីត​តំណាងរាស្ត្រ  ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ 
 
​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​ប្រឆាំង​នៅក្រៅ​ប្រទេស ប្រឹងប្រែង​សម្បើម​ណាស់ ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ធ្វើ​អន្តរាគមន៍ មកលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ គោលបំណង​ធំ​បំផុត​របស់​ពួកគេ គឺ​ចង់​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ 
 
​ប៉ុន្តែ រហូតមកដល់​ពេលនេះ ការខិតខំ​របស់​ពួកគេ មិនទាន់​ទទួលបាន​សញ្ញា​វិជ្ជមាន​នៅឡើយ​ទេ ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​។ នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ ការចុះឈ្មោះ​គណបក្ស សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត នឹង​ចាប់ផ្តើម​ហើយ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ 
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ធ្លាប់​អះអាងថា ការចុះឈ្មោះ​គណបក្ស​សម្រាប់​ប្រកួតប្រជែង នឹងមិន​ពន្យារពេល​ជាដាច់ខាត​។ លោក សង្កត់ធ្ងន់ថា គណបក្ស​ណា មិនបាន​ចុះឈ្មោះ គឺ​ស្មើនឹង​មិនបាន​ចូលរួម​ការបោះឆ្នោត​៕ 
 
 
 

Tag:
 ​គង់ គាំ​
  គង់ មុនី​កា​
  បក្ស​ថ្មី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com