ជាតិ
សេរីភាព​សារព័ត៌មាន​៖ កម្ពុជា​ធ្លាក់​ចំណាត់ថ្នាក់ តែ​ប្រសើរ​ជាង​រដ្ឋ​អាស៊ាន​៥​ទៀត​
26, Apr 2018 , 10:11 am        
រូបភាព
ដោយ: រួបរួម
​កម្ពុជា​ស្ថិតនៅ​លេង​រៀង​ទី​១៤២​ក្នុងចំណោម​១៨០​ប្រទេស​សម្រាប់​ចំណាត់ថ្នាក់​សេរី​សារព័ត៌មាន​ប្រចាំឆ្នាំ​២០១៨​។ នេះ​បើតាម​ស​ន្ទ​ស្សន៍ 2018 World Press Freedom Index  របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reportes Sans Frontiers)​។​



​កម្ពុជា​ធ្លាក់​ចំណាត់ថ្នាក់​១០​លេខ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧ (​លេខ​១៣២) ប៉ុន្តែ​កើន​៣.៨៣​ពិន្ទុ​លើ​ចំណាត់ថ្នាក់​រួម​។ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​កត់សម្គាល់ថា នា​រយៈពេល​ចុងក្រោយ​នេះ មិនមាន​ករណី​អ្នកកាសែត អ្នកកាសែត​ពលរដ្ឋ និង​ជំនួយការ​ផ្នែក​សារព័ត៌មាន​ដែល​ត្រូវបាន​សម្លាប់ នោះឡើយ​នៅ​កម្ពុជា ប៉ុន្តែ​ស្ថាប័ន​នេះ បាន​រិះគន់​រដ្ឋាភិបាល​របស់​សម្តេច ហ៊ុន សែន ពីបទ​ព្យាយាម​បំបិទ​សំឡេង​ដែល​រិះគន់​។​

​សម្រាប់​ចំណាត់ថ្នាក់​ទី​១៤២​នេះ កម្ពុជា​ស្ថិត​ត្រង់ចំណុច​ក្រហម ដែល​មានន័យថា គ្រោះថ្នាក់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​។ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ កម្ពុជា ឈរ​ពីលើ​ម៉ាឡេស៊ី (១៤៥) សិង្ហ​បុរី (១៥១) ព្រុយ​ណេ (១៥៣)​។ ឡាវ (១៧០) និង​វៀតណាម (១៧៥) ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ស្ថានភាព​សារព័ត៌មាន​អាក្រក់​បំផុត​។ កម្ពុជា​ស្ថិតនៅ​ពីក្រោម ឥណ្ឌូណេស៊ី (១២៤) ហ្វីលីពីន (១៣៣) មី​យ៉ាន់​មា់ (១៣៧) និង​ថៃ (១៤០)​។​

​ន័​រវេ​ស ស៊ុយអែត ហូ​ឡង់ ហ្វាំ​ង​ឡង់ និង​ស្វី​ស ជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​ជាងគេ​នៅ​ឆ្នាំ​២០១៨​នេះ​។ បារាំង​ស្ថិតនៅ​លេខ​រៀង​ទី​៣៣ អង់គ្លេស​ទី​៤០ រីឯ​សហរដ្ឋអាមេរិក​ទី​៤៥​។ ប្រទេស​ដែលមាន​ស្ថានភាព​សារព័ត៌មាន​អាក្រក់​ជាងគេ​បំផុត​គឺ កូរ៉េខាងជើង អេ​រី​ត្រេ តួ​កមេ​នី​ស្ថាន ស៊ី​រី និង​ចិន​៕


Tag:
 សេរីភាព​សារព័ត៌មាន​
  អ្នកកាសែត​
© រក្សាសិទ្ធិដោយ thmeythmey.com