ជាតិ
អ្នកនាំពាក្យ​៖ កម្ពុជា​សង្ឃឹម​មាន​លទ្ធ​ផល​វិជ្ជមាន​ច្រើន​ក្នុងជំនួប​មេដឹកនាំ​បងប្អូន​កូរ៉េ​
26, Apr 2018 , 10:54 am        
រូបភាព
​មិន​ខុសពី​ពិភពលោក​ទាំងមូល​ឡើយ កម្ពុជា​បាន​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​យ៉ាង​យកចិត្តទុកដាក់​។ កម្ពុជា​គាំទ្រ​ការលើកស្ទួយ​សន្តិភាពរ​វាង​បងប្អូន​កូរ៉េ​ទាំងពីរ​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បាន​អះអាងថា​រដ្ឋាភិបាល​កម្ពុ​ជា​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​ស្ថានការណ៍​នយោបាយ​ដែល​បាន​វិវឌ្ឍន៍​ជា​វិជ្ជមាន​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដដែល​បានបញ្ជាក់ រដ្ឋាភិបាល​កម្ពុជា​សាទរ​ការវិវឌ្ឍ​ជា​វិជ្ជមាន​នេះ ដោយ​រាប់​ចាប់​តាំង​ជំនួប​ដ៏​សំខាន់​រវាង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​អធិប្បាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​ស្វាគមន៍​ការវិវឌ្ឍ​ជា​វិជ្ជមាន​ខ្លាំង​នូវ​ស្ថានការណ៍​នយោបាយ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។ ជំនួប​រវាង​ប្រធានាធិបតី ស៊ី ជីន​ភីង និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បំបែក​ភាពជាប់គាំង​កន្លងមក និង​បាន​បើកផ្លូវ​រហូតដល់​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នា​ថ្ងៃទី​២៧​ខែមេសា និង​គម្រោង​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង និង​ប្រ​ធានា​ធិ​តី ដូ​ណា​ល់ ត្រាំ នា​ចុងខែ​ឧសភា​ខាងមុខ​»​។​

អត្ថបទទាក់ទង


​ជា​លើកដំបូង​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ចាប់តាំងពី​ថ្ងៃ​ដែល​លោក​ឡើងកាន់​អំណាច​នា​ចុងឆ្នាំ​២០១១ ដែល​ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​កំពូល​នៃ​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន​។ ទាក់ទង​នឹង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៃ​មេដឹកនាំ​បងប្អូន​កូរ៉េ​ដែលជា​ប្រទេសមួយ​ក្នុង​ពិភពលោក​ដែល​រស់នៅ​បែកបាក់​គ្នា​ក្នុងពេល​បច្ចុប្បន្ននេះ អ្នកនាំពាក្យ​ក្រសួង​ការបទេស​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា​ជំនួប​នោះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ក្នុង​បុព្វហេតុ​សន្តិភាព និង​ការរំសាយ​អាវុធ​នុយគ្លេអ៊ែរ​ដោយ​សន្តិវិធី​។ ជំហរ​របស់​កម្ពុជា គឺ​យើង​គាំទ្រ​ចំណុច​ទាំងពីរ​នេះ​»​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​មិនដែល​ត្រូវបាន​ស្នើ​ជា​ផ្លូវការ​ឲ្យ​មាន​តួនាទី​នៅក្នុង​កិច្ចការ​សម្របសម្រួលរ​វាង​ជម្លោះ​បងប្អូន​កូរ៉េ​ទាំងពីរ​នោះឡើយ​៕


Tag:
 ជុំ សុន្ទរី កូរ៉េខាងជើង កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com