ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ យើង នឹង​ស្នើ​ឲ្យ​ថៃ បញ្ជូន​លោក សម សេរី មក​កម្ពុជា
26, Apr 2018 , 12:24 pm        
រូបភាព
លោក សម សេរី ឈរនៅកណ្តាល
លោក សម សេរី ឈរនៅកណ្តាល
អាជ្ញាធរ​ថៃ បាន​ចាប់​លោក សម សេរី ប្រធាន​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក សម សេរី បន្ត​រស់នៅ​ក្នុងប្រទេស ទាំង​ដែល​ទិដ្ឋាការ ហួស​កាលកំណត់ ទើប​ត្រូវបាន​ចាប់ខ្លួន​បែបនេះ​។


  
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរ​កម្ពុជា កំពុង​ពិចារណា ក្នុង​ការធ្វើ​បត្យាប័ន ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ជូន​លោក សម សេរី ដែលជាពលរដ្ឋខ្មែរ​-​ដា​ណា​ម៉ាក់ មកកាន់​កម្ពុជា​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​បាន​បញ្ជូន​គាត់​មក​គឺ​ល្អ​ហើយ​។ តែ​អាជ្ញាធរ​ថៃ បញ្ជូនមក ឬ​មិន​បញ្ជូនមក យើង​ក៏​មិនទាន់​ដឹង​ច្បាស់​ដែរ​»​។ 
 
​បើតាម​វិទ្យុ​អាស៊ីសេរី មាន​មនុស្ស ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​អះអាងថា នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ដា​ណា​ម៉ាក់​ប្រចាំ​ប្រទេស​ថៃ  ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក សម សេរី​។  វិទ្យុ​អាស៊ីសេរី បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​៖«​ពួកគេ​សង្ឃឹមថា អាជ្ញាធរ​ថៃ នឹងមិន​បញ្ជូន លោក សម សេរី ទៅកាន់​ប្រទេស​កម្ពុជា​ឡើយ​»​។ 
 
​រដ្ឋាភិបាល​កម្ពុជា តែង​ប្រុងប្រយ័ត្ន និង​តាមដាន​សកម្មភាព​រប​ស់លោក សម សេរី ទោះជា​លោក ស្ថិតនៅ​ក្រៅប្រទេស​ក៏ដោយ​។ រដ្ឋាភិបាល ចាត់ទុក​លោក ថា​ជា​មនុស្ស​ម្នាក់ ដែលមាន​បំណង​បង្ក​អសន្តិសុខ និង​ចលាចល​ដល់​សង្គម​កម្ពុ​ជា​។ គេ ដឹង​ឮថា លោក សម សេរី ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​។ 
 
​មុខ​ចូលឆ្នាំ​ខ្មែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ផែនការ​របស់លោក សម សេរី ដែល​ចង់​បំផ្ទុះ​គ្រាប់បែក នៅ​ម្តុំ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​។ ប៉ុន្តែ សម្តេច ហ៊ុន សែន ប្រកាស​នៅពេលនោះ​ថា ផែនការ​របស់លោក សម សេរី ត្រូវបាន​រដ្ឋាភិបាល ដឹង​មុន ហើយក៏​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់​៕ 
 
 
 

Tag:
 ​ថៃ​
  សម សេរី​
  ខៀវ សុភ័គ​
© រក្សាសិទ្ធិដោយ thmeythmey.com