ជាតិ
សង្គមជាតិ
បុគ្គល​សំខាន់ៗ​ជាង​២០០​នាក់​នឹងចូលរួម​រាត្រីសមោសរ​ជួយសង្គ្រោះ​សត្វ​ដំរី​ខ្មែរ​
26, Apr 2018 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិធី​សមោសរ​រៃអង្គាស​ជួយ​ចិញ្ចឹមសត្វ​ដំរី​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៧​ខែមេសា​នៅ​ស្ថាន​បារាំង​នាទី​ក្រុងភ្នំពេញ​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​, មន្ត្រី​ស្ថានទូត និង អ្នកជំនួញ មួយចំនួន នឹង​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​មនុស្សធម៌​មួយ​នេះ​។ បើតាម​គម្រោង​, ភ្ញៀវ​សំខាន់ៗ​ពី​២០០​ទៅ​៣០០​នាក់​នឹងចូលរួម​ពិធី​ខាងលើនេះ​។



​វត្តមាន​នៃ​បុគ្គល​សំខាន់ៗ​ដែលមាន​ចំណាប់អារម្មណ៍​ជួយ​សត្វ​ដំរី​បានធ្វើ​ឲ្យ​អ្នកស្រី ខៃ ចិន្តា អ្នករៀបចំ​ពិធី​សមោសរ និង​ជា​ប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា សប្បាយចិត្ត​ខ្លាំង ព្រោះ នាពេល​កន្លងមក មជ្ឈដ្ឋាន​ទូទៅ​ហាក់បីដូចជា​មិនសូវ​ចាប់អារម្មណ៍​រឿង​សត្វ​ដំរី​ខ្មែរ​ទេ​។ តែ​ពេលនេះ បុគ្គល​សំខាន់ៗ​បង្ហាញ​អារម្មណ៍​ចូលរួម​ជួយសង្គ្រោះ​សត្វ​ដំរី​ដែល​នៅ​សេសសល់​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រទេស​កម្ពុជា​ទាំងមូល​មាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាជាង​៣០០​ក្បាល​ក្នុងនោះ​ដំរី​ស្រុក​មាន​ចំនួន​៧២​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​។ ក្នុងន័យ​ចូលរួមចំណែក​ថែទាំ ការពារ និង​អភិរក្ស​សត្វ​ដំរី​នោះ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចិញ្ចឹម និង​ថែទាំ​សត្វ​ដំរី ចំនួន​៤​ក្បាល​នៅក្នុង​ខេត្តរតនគិរី​។ លោកស្រី ខៃ ចិន្តា គឺជា​ប្រធាន​នៃ​សមាគម​ខាងលើនេះ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​, លោកស្រី ចិន្តា ដែលជា​អ្នក​ស្រឡាញ់​សត្វ​ដំរី​នោះ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​ដើម្បី​ចិញ្ចឹមសត្វ​ដំរី​ចំនួន​៤​ក្បាល​នេះ​។ ទោះជា​ការចំណាយ​ប៉ុន្មាន​ក៏​មិន​គ្រប់គ្រាន់​ដែរ ព្រោះ​ដំរី ត្រូវការ​ការថែទាំ​ពិតប្រាកដ ពោលគឺ​ត្រូវការ​ថវិកា​ច្រើន​គួរសម​។ រីឯ លោកស្រី ចិន្តា ម្នាក់ឯង មិនមាន​លទ្ធភាព​បន្ត​កិច្ចការ​នេះ​ម្នាក់ឯង​បានឡើយ​។ មធ្យោបាយ​ចុងក្រោយ​របស់​អ្នកស្រី គឺ​ការអំពាវនាវ​រក​សប្បុ​រស​ជន​ជួយផ្តល់​ថវិកា​ដើម្បី​ចិញ្ចឹម ថែទាំ និង​អភិរក្ស​ដំរី​ខ្មែរ​។ អ្នកចូលរួម​អាច​ទិញ​សំបុត្រ​បាន​តាម​អន​ឡាញ The Last2tickets ឬ​នៅ​ទីតាំង​៤​កន្លែង​ផ្សេងទៀត ដូចជា​៖ Khéma Pasteur, Institut Français, K West, Open Wine៕


Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com