អន្តរជាតិ
អ្នកសារព័ត៌មាន​ក្នុងស្រុក និង​បរទេស​ជិត​បី​ពាន់​នាក់​តាម​យក​ព័ត៌មាន​ជំនួប​មេដឹកនាំ​កូរ៉េ​
26, Apr 2018 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំនួប​មេដឹកនាំ​កូរ៉េ ឬ​កិច្ចប្រជុំ​អន្តរ​កូរ៉េ​លើក​ទី​បី ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា ​ដោយ​លោក គីម ជុង​អ៊ុន នឹង​ដើរ​ឆ្លង​ខ្សែ​ព្រំដែន​ចូល​ទឹកដី​កូរ៉េខាងត្បូង​។ គ្រប់គ្នា​កំពុង​ទន្ទឹងរង់ចាំ​តាមដាន​កិច្ចប្រជុំ​នេះ ខណៈ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជិត​បី​ពាន់​នាក់​ត្រៀម​ចូល​យក​ព័ត៌មាន​ផងដែរ​។



​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី ដែល​គេឯង​ទន្ទឹងរង់ចាំ​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៩ និង​៣០​នាទី [​ម៉ោង​៧ និង​៣០​នាទី​នៅ​កម្ពុជា​] នៅ​ព្រំដែន​បែងចែក​កូរ៉េ​ទាំងពីរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ស្វាគមន៍​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅត្រង់​បេតុង​ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​នា​តំបន់​គ្មាន​យោធា (DMZ)​។

​ព្រឹត្តិការណ៍​សំខាន់​នេះ​ត្រូវបាន​គេ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង ហើយ​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​បរទេស​ច្រើន​រាប់ពាន់នាក់​បាន​សម្រុក​ចូលមក​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​នេះ​ផងដែរ​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ដែល​ស្រង់​សម្តី​មន្ត្រី​កូរ៉េខាងត្បូង អ្នកសារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​មាន​ចំនួន​រហូតដល់ ២៨៣៣​នាក់​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន​នេះ​។ 

​ក្នុងជំនួប​លើក​នេះ គេ​រំពឹង​ផងដែរ​ថា លោក មូ​ន ចេ​អ៊ី​ នឹង​លើកសំណើពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ ​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង ​ឬ​សន្ធិសញ្ញា​សន្តិភាព​ផង​។ សង្គ្រាម​កូរ៉េ​ចប់​ឆ្នាំ ១៩៥៣ មែន ​ប៉ុន្តែ​បើតាម​បច្ចេកទេស ភាគី​ទាំងពីរ​ ស្ថិតនៅ​ក្នុងស្ថានភាព​ធ្វើសង្គ្រាម​នៅឡើយ​ ព្រោះ​​មិនមាន​សន្ធិសញ្ញា​ជា​ផ្លូវការ​ត្រូវបាន​ភាគី​ទាំងពីរ​បង្កើតឡើង​នោះឡើយ​។​

អត្ថបទទាក់ទង


​គេ​ដឹង​ច្បាស់​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃស្អែក​នេះ នឹងមាន​ឥទ្ធិពល ក៏ដូចជា​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ ដែល​អាច​នឹងធ្វើ​ឡើង​នៅ​ចុងខែ​ឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​ដែរ​។ ក្រោយ​ជំនួប លោក គីម ជុង​អ៊ុន លោក មូ​ន ចេ​អ៊ី​ន នឹង​ផ្តល់ព័ត៌មាន​នានា​ទៅ​លោក ដូ​ណា​ល់ ត្រាំ ភ្លាមៗ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ជំនួប​មេដឹកនាំ​កូរ៉េ​នេះ​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
 ​កិច្ចប្រជុំ​អន្តរ​កូរ៉េ​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com