កីឡាជាតិ
ជាតិ
ក្នុងជំនួប​អាជ្ញាកណ្តាល​ចាយ​កាត​លឿង​៤ ក្រហម​១ បឹងកេត​ផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់ Shan United
26, Apr 2018 , 4:23 pm        
រូបភាព
កីឡាករ ហុង ផេង រួមជាមួយមិត្តរួមក្រុមព្យាយាមរារាំងខ្សែប្រយុទ្ធនីហ្សេរីយ៉ារបស់ Shan United
កីឡាករ ហុង ផេង រួមជាមួយមិត្តរួមក្រុមព្យាយាមរារាំងខ្សែប្រយុទ្ធនីហ្សេរីយ៉ារបស់ Shan United
ដោយ:
​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​បឹងកេត បានបញ្ចប់​បេសកកម្ម​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល F ពានរង្វាន់ AFC Cup 2018 របស់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​។ បឹងកេត​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ម្ចាស់ផ្ទះ Shan United តាមរយៈ​ការយក​ឈ្នះ ៤-១ នា​ការប្រកួត​ចុងក្រោយ​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា ដែល​អាជ្ញាកណ្តាល​ចាយ​កាត​លឿង​៤ និង​ក្រហម​១​។ ចំណែក​ក្រុម Home United របស់​សិង្ហ​បុរី​ឈរ​កំពូល​តារាង​ក្រោយ​យកឈ្នះ Ceres Negros ក្នុង​លទ្ធផល ២-០​។



​នា​ការប្រកួត​នៅ Thuwunna Stadium កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Shan United ក្នុង​លទ្ធផល ៤-១ ដើម្បី​ជាការ​សងសឹក​ដែល​ខ្លួន​បាន​ចាញ់ ២-១ ក្នុងជំនួប​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ​មិនអាច​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​វគ្គ​បន្ត​បានឡើយ ពោលគឺ​បាន​ត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ពូ​ល F​។ ទាំង​បឹងកេត និង Shan United សុទ្ធតែ​បាន​ធ្លាក់​ពី​ការប្រកួត​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៨​។​

​សម្រាប់​ជំនួប​បង្គ្រប់កិច្ច​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Silva Calijuri បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​បឹងកេត​ត្រឹម​១១​នាទី​ដំបូង​នៃ​វគ្គ​ទី​១ ក្រោម​ការបញ្ជូន​របស់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Samuel Ajayi​។ ក្រោយ​ការទា​ត់បាល់​ពិន័យ​របស់ Julius Oiboh ចេញពី​ស្លាប​ខាងឆ្វេង ខ្សែការពារ​របស់ Shan United កីឡាករ Win Min Htut ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នៅ​នាទី​ទី​១៣​។   

​ការប្រកួត​ដំណើរការបាន​ជាង​១០​នាទី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh បានសម្រេច​គ្រាប់​ទី​២​សម្រាប់​បឹងកេត ក្រោយ​ការបញ្ជូន​ចេញពី​ប្រអប់​គ្រោះថ្នាក់​ខាងស្តាំ​របស់​កីឡាករ Maycon​។ ការនាំ​មុខ ២-០ របស់​បឹងកេត​បានធ្វើ​ឲ្យ Shan United ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ក្តៅស្លឹកត្រចៀក​យ៉ាងខ្លាំង រហូត​ខ្សែការពារ Yan Naing Oo ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នៅ​នាទី​ទី​៣៦​។

​ក្រោយ Shan United ផ្លាស់ប្តូរ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Christopher Chizoba ចូល​ជំនួស​ខ្សែបម្រើ Aung Shoe Thar Maung នៅ​នាទី​ទី​៤៥​។ ខ្សែប្រយុទ្ធ Julius Oiboh បាន​បញ្ជូន​បាល់​លឿនៗ​ឲ្យ​កីឡាករ Samuel Ajayi ដើម្បី​សម្រេច​គ្រាប់​បាល់​នាំមុខ ៣-០ សម្រាប់​បឹងកេត​នៅ​នាទី​ទី​៤៧ មុន​ខ្សែការពារ Phyo Paing Soe របស់ Shan United រង​ការពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​៤៩​។

​នៅ​នាទី​ទី​៥៨ Shan United បាន​ផ្លាស់ប្តូរ​ខ្សែប្រយុទ្ធ Dway Ko Ko Chit ចេញ​ជំនួស​ដោយ​ខ្សែការពារ Nan Min Aung មុន​ខ្សែការពារ លី វ៉ា​ហេ​ទ របស់​បឹងកេត​ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នៅ​នាទី​៦០​។ ក្រោយមក​រូបគេ​ត្រូវ​ដូរ​ចេញ​ជំនួស​ដោយ​ខ្សែការពារ ទូច បញ្ច​រ៉ុង នៅ​នាទី​ទី​៦២​។ មួយ​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៤-០ សម្រាប់​បឹងកេត​។



​បឹងកេត​បាន​ផ្លាស់ប្តូរ​កីឡាករ​ជា​បន្តបន្ទាប់​ក្នុងនោះ ឈុន សុធា​រ័ត្ន ចូល​ជំនួស លី មី​ហ្សា​ន និង ឃួន ឡា​បូ​រ៉ាវី ជំនួស​កីឡាករ Julius Oiboh រីឯ Shan United ដាក់​កីឡាករ Nay Lin Tun ជំនួស​កីឡាករ Tin Win Aung​។

​ក្រោយ​ការផ្លាស់ប្តូរ​កីឡាករ​រៀងៗ​ខ្លួន ខ្សែប្រយុទ្ធ  Zin Min Tun បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ៤-១ សម្រាប់ Shan United នៅ​នាទី​ទី​៧៨ មុន​កីឡាករ Nan Min Aung ដែល​ដូរ​ចូល​ជំនួស​កីឡាករ Dway Ko Ko Chit ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នៅ​នាទី​ទី​៨៤​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ៤-១ នេះ​រហូត​ចប់​ការប្រកួត​។

​នា​ការប្រកួត​នៅ​កីឡដ្ឋាន Panaad Stadium ក្រុម Home United បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន Ceres Negros ក្នុង​លទ្ធផល ២-០ ដើម្បី​ឡើងឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល F ដោយមាន​១៣​ពិន្ទុ ខណៈ Ceres Negros ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៣​ពិន្ទុ​ដូចគ្នា​។ Home United និង Ceres Negros ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Cup 2018 ប្រចាំ​វគ្គ​ជម្រុះ​តំបន់​អាស៊ីអាគ្នេយ៍​តំណាង​ឲ្យ​ពូ​ល F៕  


Tag:
 AFC Cup 2018
  Shan United
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com