ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អាបេ ប្រាប់លោក ហ៊ុន ម៉ាណែត ថា ជប៉ុនគាំទ្រដំណើរកាបោះឆ្នោតនៅកម្ពុជា
26, Apr 2018 , 4:40 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) គាំទ្រ​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​។ ពាក្យសម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បាន​រំលេច​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​កំពុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ទឹកដី​ជប៉ុន​។​

 
​ក្រោយ​ជំនួប​ទ្វេរ​ភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៦ មេសា​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖« ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​លើក​នូវ​យោបល់​មួយចំនួន ដើម្បី​ឲ្យ​កម្ពុជា​យកទៅ​ពិចារណា​ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ប្រព្រឹត្ត​ទៅដោយ សេរី យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។​
​លោក ហ៊ុន ម៉ា​ណែ​ត​បាន​ទៅដល់​ប្រទេស​ជប៉ុន​ហើយ​នា​ព្រឹក​ថ្ងៃទី​២៥​ខែមេសា ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៥​ថ្ងៃ​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ក្រោយពី​មានការ​អញ្ជើញ​ផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក Shinzo Abe តាមរយៈ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។​
 
​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​លើ​ការយល់ដឹង​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ក្រោម​កម្មវិធី​«​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​កម្រិត​អ្នកអនុវត្ត​» (Program for Strategic Exchanges on Practical Level)៕
 
 

Tag:
 ហ៊ុន ម៉ា​ណែ​ត​
 ​ស៊ីន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com