អន្តរជាតិ
អ៊ីរ៉ង់ទាត់ចោលគំនិតបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ខណៈរុស្ស៊ី, អឺរ៉ុប,អាល្លឺម៉ង់...ប្រកាសគាំទ្រកិច្ចព្រមព្រៀងមានស្រាប់
× អ៊ីរ៉ង់ទាត់ចោលបំណងបង្កើតកិច្ចព្រមព្រៀងថ្មីដាក់គំនាបលើខ្លួនបន្ថែម លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ (JCPOA) ដែលប្រធានាធិបតីបារាំងលើកឡើងក្នុងពេលជួបជាមួយមេដឹកនាំអាមេរិកសប្តាហ៍នេះ។ ក្រៅពីបញ្ចុះបញ្ចូលអាមេរិកកុំឲ្យដើរចេញ មហាអំណាចអាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី ក៏ប្រកាសផងដែរថា វាគ្មានកិច្ចព្រមព្រៀងណាថ្មីជំនួសកិច្ចព្រមព្រៀងដើមឡើយ។
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី នាថ្ងៃពុធទី ២៥ ខែមេសាបានទាត់ចោលការលើកឡើងពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងថ្មីដើម្បីដាក់គំនៀបលើអ៊ីរ៉ង់ពីសំណាក់មេដឹកនាំបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីប្រមុខរដ្ឋអ៊ីរ៉ង់និងជាអ្នកកែទម្រង់និយម រ៉ូហានីដូច្នេះ៖« យើងមានកិច្ចព្រមព្រៀងមួយដែលហៅថា កិច្ចព្រមព្រៀង JPCOA។ វានឹងក្លាយជាកិច្ចព្រមព្រៀងចុងក្រោយ ឬក៏គ្មានកិច្ចព្រមព្រៀងទៀតឡើយ។ បើសិនកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះនៅបន្តវត្តមាន វានៅបន្តសុពលភាពពេញលេញ»។
សម្តីប្រតិកម្មរបស់លោក រ៉ូហានី គឺឆ្លើយតបចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំ និងអាមេរិកនៅពេលពួកគេជួបគ្នាកាលពីថ្ងៃអង្គារ។ លោក ម៉ាក្រុង បានបញ្ជាក់ថា វាគ្មានផែនការបន្ទាប់ទេសម្រាប់អ៊ីរ៉ង់ បើសិនជាលោក ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកបន្ថែមថា លោកបើកចំហរក្នុងការបង្កើតកិច្ចព្រមព្រៀងថ្មីបន្ថែម ខណៈដែលបន្តអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់នោះ។
ចំណែកលោក ត្រាំ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក ម៉ាក្រុង បានពណ៌នាកិច្ចព្រមព្រៀងអ៊ីរ៉ង់ថាជាកិច្ចព្រមព្រៀងឆ្កួតឡប់ ហើយលោកទំនងជានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះផងនៅថ្ងៃ ១២ ខែឧសភាខាងមុខផង។ លោក ត្រាំ ទិតៀនកិច្ចព្រមព្រៀងនេះព្រោះលោកមិនពេញចិត្ត សុពលភាពត្រឹមឆ្នាំ ២០២៥ និងមិនទប់ស្កាត់សកម្មភាពអ៊ីរ៉ង់ក្នុងតំបន់ និងបន្តអភិវឌ្ឍមីស៊ីលបាន។
ដូច្នេះហើយ លោក ម៉ាក្រុង បានបញ្ចុះបញ្ចូលលោក ត្រាំ កុំឲ្យបំផ្លាញកិច្ចព្រមព្រៀងនេះ ប៉ុន្តែរួមគ្នាជាមួយលោកដើម្បីបង្កើតវិធានការថ្មីដែលតឹងរ៉ឹងជាងមុនដើម្បីដាក់គំនាបលើអ៊ីរ៉ងក្នុងការផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលវែងនោះ។
ដោយឡែក ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានធានាចំពោះមុខសមាជិកសភាអាមេរិកទាំងពីរជាន់នៅថ្ងៃពុធទី ២៥ ខែមេសាពេលលោកថ្លែងសុន្ទរកថានាមជាប្រមុខរដ្ឋថា វាគ្មានផ្លូវដែលអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ។
យ៉ាងណាក៏ដោយចុះ ខណៈដែលអាមេរិកចង់ចាកចេញពីកិច្ចព្រមព្រៀង គេឃើញថា អ៊ីរ៉ង់បានបង្ហាញការប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយប្រទេសសមាជិកផ្សេងទៀតដូចជា សហភាពអឺរ៉ុប ចិន រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំងខ្លួនឯងក៏កត់សម្គាល់ថា វាមានសញ្ញាវិជ្ជមានពិតមែនក្នុងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនេះ។ មហាអំណាចទាំងនេះយល់ថា វាគ្មានកិច្ចព្រមព្រៀងឯណាទៀតល្អជាងនេះឡើយ។
ពាក់ព័ន្ធកិច្ចព្រមព្រៀងអ៊ីរ៉ង់នេះ តំណាងសហភាពអឺរ៉ុបលោកស្រីរដ្ឋមន្ត្រីការបរទេស Federica Mogherini បានថ្លែងថា៖ «អ្វីដែលកើតឡើងនៅពេលអនាគត យើងនឹងឃើញពេលអនាគត។ ប៉ុន្តែពេលនេះវាមានកិច្ចព្រមព្រៀងមួយហើយ ហើយវាកំពុងដំណើរការ។ វាត្រូវការការគាំពារ»។
ចំណែករដ្ឋាភិបាលរុស្ស៊ីបានប្រកាសជាថ្មីថា ខ្លួនគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះទៅមុខទៀត ហើយរាល់ការជជែកពិភាក្សាផ្សេងទៀតនៅពេលខាងមុខទាល់តែមានវត្តមានអ៊ីរ៉ង់ទើបចាត់ទុកថាបានការ។
អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បាននិយាយដូច្នេះ៖ «យើងជឿជាក់ថា គ្មានយន្តការអ្វីដែលអាចជំនួសកិច្ចព្រមព្រៀងអ៊ីរ៉ង់បានឡើយ ហើយរាល់ការចរចាបន្ថទៀតទាំងអស់ត្រូវមានអ៊ីរ៉ង់ចូលរួម»។
ចំណែកអាល្លឺម៉ង់ឯណោះវិញក៏កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលអាមេរិកឲ្យរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនអនុវត្តកិច្ចព្រមព្រៀងនេះដែរ។ លោកស្រី អេនជេឡា មឺហ្កែល នឹងទស្សនកិច្ចក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រទី ២៧ ខែមេសានេះ ផងដែរដោយលោកនឹងជួបជាមួយលោក ត្រាំ។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ Rainer Breul បានបញ្ជាក់ដូច្នេះ៖« រឿងអាទិភាពចម្បងគឺបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានស្រាប់។ វាត្រូវបានចរចាឡើងដោយប្រទេសប្រាំពីរ និងសហភាពអឺរ៉ុបផង។ វាមិនអាចចរចាឡើងវិញដោយភាគីមួយឬភាគីផ្សេងទៀតឡើយ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ម៉ាក្រុងរឿងបង្កើតកិច្ចព្រមព្រៀងថ្មីបន្ថែមនោះ អ្នកនាំពាក្យអាល្លឺម៉ង់ខាងលើបានសង្កត់ធ្ងន់ថា បញ្ហាបច្ចុប្បន្នគឺថា គេមិនអាចដឹងថា ក្នុងលក្ខខណ្ឌណា ឬកាលៈទេសៈណាដែលអ៊ីរ៉ង់ត្រៀមខ្លួននឹងចូលរួមក្នុងការចរចានេះឡើយ៕
Tag:
អ៊ីរ៉ង់
JCPOA
រុស្ស៊ី
អេម៉ានុយអែល ម៉ាក្រុង
អាល្លឺម៉ង់
ដូណាល់ ត្រាំ
ហានសាន់ រ៉ូហានី
© រក្សាសិទ្ធិដោយ thmeythmey.com