ជាតិ
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនស្ទើរពេញមួយឆ្នាំ ក្នុងរដូវវស្សា
× ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអ៊ិនសូ (ENSO) និងឡានីណា(La Nina) (ទាបជាងមធ្យមភាគច្រើនឆ្នាំ) និងចាប់ពីពាក់កណ្ដាលរដូវវស្សា រហូតដល់ចុងរដូវវស្សា នឹងទទួលរងឥទ្ធិពលពីបាតុភូត អ៊ិនសូ (ស្មើមធ្យមភាគច្រើនឆ្នាំ)។ ដូច្នេះ ឥទ្ធិពលបាតុភូតនេះ ធ្វើឲ្យតំបន់ទាំងបីនៃកម្ពុជា គឺតំបន់ទំនាបកណ្ដាល-ខ្ពង់រាប-មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ស្ទើរពេញ១ឆ្នាំ។
សេចក្ដីជូនដំណឹងលើកទី២ស្តីពីការព្យាករស្ថានភាពអាកាសក្នុងរដូវវស្សាឆ្នាំ២០១៨ របស់ក្រសួងធនទឹក និងឧតុនិយម បានឲ្យដឹងថា ដើមរដូវវស្សា ពីខែឧសភា ដល់ខែមិថុនា តំបន់ទំនាបកណ្ដាល-ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ចំណែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន។ ការព្យាកររបស់ក្រសួង បានបង្ហាញយ៉ាងដូច្នេះថា៖«រដូវវស្សាឆ្នាំ២០១៨ នឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ទី១ នៃខែឧសភា ហើយបញ្ចប់ទៅវិញនៅពាក់កណ្ដាលខែវិច្ឆិកា»។
ពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា និងកញ្ញា តំបន់ទំនាបកណ្ដាល-ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ចំណែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន។ នេះបើតាមការបន្ថែមក្រសួងដដែល ដោយបន្តថា ចុងរដូវវស្សា ចាប់ពីខែតុលា និងវិច្ឆិកា តំបន់ទំនាបកណ្ដាល-មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅបង្គួរ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅមធ្យម។
សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា ក្នុងខែឧសភា និងខែមិថុនា អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ជាពិសេសនៅតំបន់ទំនាបកណ្ដាល ប៉ុន្តែតិចជាងឆ្នាំ២០១៧។ បន្ទាប់ពីនោះ ចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង ហើយបរិមាណទឹកភ្លៀងនឹងថយចុះមកនៅកម្រិតពីតិចទៅមធ្យម។
ក្រសួង បញ្ជាក់ក្នុងសេចក្តីជូនដំណឹងបែបនេះថា៖«ការប្រឈមនឹងជំនន់ទឹកភ្លៀង ឆ្នាំ២០១៨ ខ្ពស់ជាង ឆ្នាំ២០១៧ពិសេសអំឡុងខែសីហា និងកញ្ញា។ ហើយចំនួនព្យុះពី២៤ទៅ២៦ ដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិន»៕
© រក្សាសិទ្ធិដោយ thmeythmey.com